33 C
Phnom Penh

នគរបាលបន្តតាមចាប់បុរសម្នាក់ដែលលួចរត់បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទរំលោភអនីតិជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីតុលាការ និងនគរបាលបាននិយាយកាលពីម្សិលមិញថា បុរសម្នាក់ដែលបានរត់ចេញពីតុលាការខេត្តកំពតកាលពីថ្ងៃអាទិត្យបន្ទាប់ពីត្រូវបានចោទប្រកាន់បណ្តោះអាសន្នពីបទរំលោភមានស្ថានទម្ងន់ទោសជុំវិញការរំលោភក្មេងស្រីអាយុ១៥ឆ្នាំម្នាក់នោះ កំពុងត្រូវបានតាមស្វែងរកនៅឡើយកាលពីយប់មិញ។

លោក ណុប ចាន់ភាព អធិការរងនគរបាលស្រុកបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា សិទ្ធិ សារ៉េន អាយុ២៧ឆ្នាំបានសារភាពកាលពីថ្ងៃសៅរ៍ថា បានរំលោភក្មេងស្រីរូបនេះខណៈពេលនាងកំពុងជិះកង់ក្នុងព្រៃក្នុងស្រុកទឹកឈូ ខេត្តកំពតកាលពីព្រឹកថ្ងៃសុក្រ។

លោក ប៉ាវ សាមឿន ដែលជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានមានប្រសាសន៍ថា មន្ត្រីមួយក្រុមប្រហែល២០នាក់បានស្វែងរក សិទ្ធិ សារ៉េន នេះពេញមួយថ្ងៃកាលពីម្សិលមិញ បន្ទាប់ពីការតាមប្រមាញ់មិនបានជោគជ័យកាលពីថ្ងៃអាទិត្យ។

លោកបានបន្ថែមថា “យើងបានដាក់កម្លាំងយាមនៅក្បែរផ្ទះជននេះ ប៉ុន្តែជននេះមិនបានត្រឡប់មកផ្ទះវិញទេ”។

លោក សាមឿន បានមានប្រសាសន៍ថា សិទ្ធិ សារ៉េន ដែលបានគេចខ្លួននៅពេលត្រូវបានបញ្ជូនទៅតុលាការដើម្បីធ្វើការសាកសួរនៅម៉ោងប្រហែល២រសៀលនោះត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលពីលោក សូ ផែន នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។

លោកបានថ្លែងថា “ស្នងការនគរបាលខេត្តនឹងចាត់វិធានការដើម្បីដាក់ទណ្ឌកម្មដល់មន្ត្រីរូបនេះដែលបាននាំជនសង្ស័យទៅតុលាការ”។

លោក សាមឿន បានថ្លែងថា លោក សូ ផែន ប្រហែលជាត្រូវព្យួរ ឬបណ្តេញចេញពីការងារ ឬបើមិនដូច្នោះទេ ត្រូវបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសអាស្រ័យលើលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាវិន័យ។

លោក ណុប ចាន់ភាព អធិការរងនគរបាលស្រុកបានមានប្រសាសន៍ថា ក្រុមគ្រួសារជនរងគ្រោះត្រូវបានជូនដំណឹងពីការលួចរត់នេះហើយឪពុករបស់ក្មេងស្រីបានជួយស្វែងរកដែរ។ លោកបានថ្លែងថា “គាត់មានការបារម្ភ ហើយគាត់ក៏បានជួយស្វែងរកដែរ”។

ឪពុកជនរងគ្រោះអាយុ៤១ឆ្នាំជាកសិករដែលមានកូនស្រីពីរនាក់ទៀតបាននិយាយថា គាត់បារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារគាត់។ គាត់បាននិយាយកាលពីម្សិលមិញថា “វាគួរឱ្យខ្លាច។ឥឡូវនេះ ជននេះបានរត់បាត់ហើយ ខ្ញុំបារម្ភថា ជននេះកំពុងចងកំហឹង ហើយនឹងមកសម្លាប់ពួកយើងមិនខាន”។

កសិកររូបនេះក៏បាននិយាយផងដែរថា គាត់បានច្រានចោលសំណើរបស់សាច់ញាតិ សិទ្ធិ សារ៉េន ដែលជាកម្មករសំណង់សុំដោះស្រាយករណីនេះនៅក្រៅប្រព័ន្ធតុលាការ។

គាត់បាននិយាយថា “ខ្ញុំមិនអាចដោះស្រាយរឿងនេះបានទេ ពីព្រោះខ្ញុំបារម្ភថា ករណីបែបនេះនឹងកើតឡើងទៀតនៅពេលអនាគត”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស