យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅបានចាប់ផ្តើមជាថ្មីក្នុងតំបន់បឹងកក់ក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ ដោយមានអ្នកតវ៉ាជាង២០នាក់ដែលស្វែងរកការជួយរបស់អ្នកស្រី ហិលឡារី គ្លីនតុន បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការដោះលែងអ្នកស្រី ទេព វន្នី សកម្មជនដែលជាប់ពន្ធនាគារ។
ឥឡូវធ្វើឡើងស្ទើរតែ៤ខែមកហើយ យុទ្ធនាការបានចាប់ផ្តើមប្រតិកម្មនឹងការជាប់ពន្ធនាគារនៃបុគ្គលិកសមាគមសិទ្ធិមនុស្សអាដហុកនិងមន្ត្រីរៀបចំការបោះឆ្នោតមួយរូបក្នុងករណីដែលមជ្ឈដ្ឋានយល់ឃើញជាទូទៅថាជារឿងនយោបាយ។ ចាប់តាំងពីពេលនោះមក ចលនានេះបន្តធ្វើឡើងដោយមានការអំពាវនាវសុំឲ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាពលើឃាតកម្មលោក កែម ឡី អ្នកវិភាគនយោបាយ។
ក្រោយពីសម្រាកមួយសប្តាហ៍មក សកម្មជនជាង២០នាក់បានតវ៉ានៅក្នុងសហគមន៍ដែលរងការបណ្តេញចេញពីដីធ្លីកាលពីថ្ងៃច័ន្ទ ដោយកាន់ផ្កាឈូកនិងរូបថតលោកស្រី គ្លីនតុន ហើយសុំឲ្យលោកស្រី ជួយដោះលែងលោកស្រី វន្នី។
លោកស្រី បូវ សោភា អ្នកតវ៉ាបាននិយាយកាលពីថ្ងៃច័ន្ទថា “ពេលនេះ យើងសុំឲ្យលោកស្រី គ្លីនតុន ជួយធ្វើអន្តរាគមន៍ ទេព វន្នី ព្រោះយើងដឹងថា [លោកស្រី វន្នី] បានទទួលរង្វាន់ការតស៊ូមតិនិងតវ៉ាដោយអហិង្សា។ ហេតុអ្វីក៏ចាប់គាត់ដាក់គុក?”។
ក្នុងឆ្នាំ២០១៣ អ្នកទាំងពីរបានជួបគ្នាហើយឈរថតរូបជាមួយគ្នាក្នុងពិធីផ្តល់រង្វាន់ថ្នាក់ដឹកនាំពិភពលោក រយៈពេល២ខែបន្ទាប់ពីលោកស្រី គ្លីនតុនបានលាលែងចេញពីតំណែងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក។
ពីរសប្តាហ៍មុន លោកស្រី វន្នី និងលោកស្រី សោភា ត្រូវបាននគរបាលចាប់ខ្លួនពេលតវ៉ាក្នុងក្រុងភ្នំពេញ ដែលនៅពេលនោះពួកគេបានដាក់បណ្តាសាលើរូបសំណាកនៃមន្ត្រីតុលាការ។
សកម្មជនទាំងពីរត្រូវបានតុលាការកាត់ឲ្យជាប់ទោសពីបទប្រមាថកាលពីថ្ងៃទី២២ ខែសីហា ហើយអ្នកស្រី សោភា ត្រូវដោះលែង ដោយជាប់ពន្ធនាគាររយៈពេល៦ថ្ងៃ។ អ្នកស្រី វន្នី ត្រូវបញ្ជូនទៅពន្ធនាគារវិញដោយរង់ចាំការជំនុំជម្រះទាក់ទងនឹងបទចោទផ្សេងទៀតដែលពាក់ព័ន្ធនឹងការតវ៉ានាឆ្នាំ២០១៣។
មានបន្ទូលក្នុងវេទិកាសាធារណៈនៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងក្រុងភ្នំពេញ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកដ៏លេចធ្លោរបស់បក្ស ដែលមានមន្ត្រីស្លៀកពាក់ខ្មៅរាល់ថ្ងៃច័ន្ទ ជាការសាមគ្គីជាមួយសកម្មជន បានជំរុញឲ្យមានការចូលរួមកាន់តែទូលំទូលាយ។
ព្រះអង្គមានបន្ទូលថា “ខ្ញុំឃើញមនុស្សប្រហែល១០ទៅ២០នាក់នៅទីនេះមិនពាក់អាវខ្មៅទេ សូមពាក់ទាំងអស់គ្នា”៕