ព័ត៌មានជាតិ

និស្សិតច្បាប់ដ៏ឆ្នើមស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់

By

August 31, 2016

ម្ចាស់រថយន្តបែនដឹកដីដែលបានបុករថយន្តដឹកអ្នកដំណើរក្នុងខេត្តបាត់ដំបង ដែលបណ្តាលឲ្យស្លាប់មនុស្សប្រាំបួននាក់ ក្នុងចំណោមនោះមាននិស្សិតច្បាប់ឆ្នើមម្នាក់ផង កំពុងត្រូវបានស្វះស្វែងរកដោយនគរបាលកាលពីម្សិលមិញ ខណៈសាច់ញាតិបានទៅយកសពនិងរៀបចំបុណ្យសព។

លោក សាន គឹមសាន អធិការនគរបាលស្រុក បាននិយាយថា គ្រោះថ្នាក់រថយន្តបុកគ្នាចំពីមុខនេះបានកើតឡើងក្នុងពេលមានភ្លៀងខ្លាំងកាលពីថ្ងៃច័ន្ទ ដែលនៅពេលនោះរថយន្តបែនដឹកដីបានរេចូលគន្លងផ្លូវម្ខាងទៀតក្នុងស្រុកមោងឫស្សី បណ្តាលឲ្យបុកជាមួយរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនមេគង្គអិុចប្រេស ដែលបើកឆ្ពោះមកក្រុងភ្នំពេញ។

លោកបាននិយាយថា ការទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះគឺរថយន្តដឹកដី ដែលគ្មានស្លាកលេខ ហើយសមត្ថកិច្ចកំពុងស្វែងរកម្ចាស់រថយន្ត។ អ្នកបើករថយន្តដឹកដីនោះក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ។ រថយន្តដឹកអ្នកដំណើរបានក្រឡាប់ចូលប្រឡាយនៅម្ខាងផ្លូវ បន្ទាប់ពីការបុកគ្នានោះ ដោយបណ្តាលឲ្យអ្នករបួសជាប់ខ្លួនក្នុងរថយន្ត។

លោក គឹមសាន បាននិយាយថា បងប្អូនរបស់អ្នកស្លាប់មកយកសពកាលពីម្សិលមិញពីវត្តកូនខ្លុង ក្នុងឃុំព្រៃតូច។

ជនរងគ្រោះជាច្រើននាក់រួមមាន ហៀង សូលីណែត និស្សិតច្បាប់ឆ្នើម និងជានិស្សិតចប់ការសិក្សានៃកម្មវិធីច្បាប់នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ដែលនាងជាសិស្សពូកែជាងគេក្នុងថ្នាក់។

លោក ហៀង វីរៈ បងប្រុសរបស់នាងបាននិយាយថា នាងបានទទួលអាហារូបករណ៍ទៅឈៀងម៉ៃ ដើម្បីបន្តការសិក្សាច្បាប់រយៈពេលប្រាំមួយខែ ហើយបន្ទាប់មកសិក្សានៅប្រទេសអេស្តូនី នៅសាកលវិទ្យាល័យបច្ចេកវិទ្យាក្រុងតាលិនរយៈពេល១០ខែទៀត។

លោកបាននិយាយថា ហៀង សូលីណែត បានវិលត្រឡប់ពីការទៅលេងប្រទេសថៃជាមួយជីដូនមួយរបស់នាងឈ្មោះ យិន ស៊ីវឆេង ដែលបានបាក់ជើងទាំងពីរក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ហើយសព្វថ្ងៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អតីតគ្រូបង្រៀនបានសំដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់រូបនាង។ លោក រ៉េម៉ុន លេអូស ព្រឹទ្ធបុរសនៃមហាវិទ្យាល័យដឺបា៉តេម៉ង់ទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ បានចាត់ទុកនាងជា “មេដឹកនាំស្ត្រីឆ្នើមដ៏មានសក្តានុពល” ក្នុងសារតាមបណ្តាញសង្គមធ្វិតធឺ។

លោកបានសរសេរថា “ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតឆ្នើមនិងខិតខំរៀនបំផុត ដែលខ្ញុំមិនដែលបានជួបនៅក្នុងប្រទេសកម្ពុជា។ ទោះជានាងមកពីគ្រួសារខ្សត់ខ្សោយក៏ដោយ ក៏នាងមិនបណ្តោយឲ្យរឿងនោះបញ្ឈប់នាងឡើយ”។

លោក ស៊ែម ស្វេនគ្រូប័រ (Sam Schweingruber) ជនជាតិស្វីស ប្រធានគ្រូបង្ហាត់របស់ក្លឹប ដែលបានទៅសួរសុខទុក្ខនាងនៅខេត្តបាត់ដំបង បាននិយាយថា កញ្ញា កេង ចាន់នូ គ្រូបង្ហាត់បាល់ទាត់ភ្នំពេញក្រោន ក៏ស្ថិតក្នុងចំណោមអ្នកដែលរបួសក្នុងគ្រោះថ្នាក់ដែរ និងបានសម្រាកព្យាបាលនៅខេត្តបាត់ដំបងក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោកបាននិយាយថា “នាងមានឈាមកកក្នុងខួរក្បាល ហើយបាក់ឆ្អឹងខ្នង។នាងនៅរស់ទេ ប៉ុន្តែសង្ឃឹម៥០/៥០”។

លោក គឹមសាន បាននិយាយថា លោកមិនដឹងច្បាស់ពីស្ថានភាពរបស់អ្នករបួសបួននាក់ផ្សេងទៀត ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅរាជធានីភ្នំពេញ ប្រទេសថៃ និងខេត្តបាត់ដំបងទេ។

លោកបាននិយាយថា រថយន្តដឹកដីចង្កូតស្តាំនោះត្រូវបានយកមកឃាត់ទុកនៅស្នងការនគរបាលខេត្ត។

លោក គឹមសាន បាននិយាយថា “រថយន្តដឹកដីនេះជារថយន្តដែលជាដើមហេតុ។ យើងកំពុងស្វែងរកនៅឡើយ ម្ចាស់រថយន្តនោះមិនទាន់ចូលខ្លួនដោះស្រាយទេ។

លោកបាននិយាយបន្ថែមថា ក្រុមហ៊ុនដឹកអ្នកដំណើរ មេគង្គ អិុចប្រេស បានយល់ព្រមសងជនរងគ្រោះតាមរយៈក្រុមហ៊ុនធានារ៉ាប់រងរបស់ខ្លួន។

សាំងថា ហាវិសី ជំនួយការប្រធានក្រុមហ៊ុនដឹកអ្នកដំណើរ មេគង្គ អិុចប្រេស មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ហើយបុគ្គលិកផ្សេងទៀតរបស់ក្រុមហ៊ុនបាននិយាយថា ពួកគេមិនមានការអនុញ្ញាតឲ្យនិយាយជាមួយបណ្តាញព័ត៌មានទេ៕ និត