26 C
Phnom Penh

ក្រុមគ្រួសាររបស់លោក កែម ឡី ចាកចេញពីប្រទេសកម្ពុជាហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រួសាររបស់លោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវគេបាញ់សម្លាប់បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យដោយសង្ឃឹមថា នឹងទទួលបានលំនៅថ្មីនៅក្នុងប្រទេសអូស្ត្រាលី ឬសហរដ្ឋអាមេរិក ប៉ុន្តែមិនមានកាលវិភាគច្បាស់លាស់ ឬក៏ការធានានៃការតាំងលំនៅថ្មីនោះឡើយ នេះបើយោងតាមការឱ្យដឹងពីមិត្តភក្តិរបស់គ្រួសារនេះកាលពីម្សិលមិញ។

លោក សំ អុិន ដែលជាអ្នកជិតដិតនឹងលោក កែម ឡី បានលើកឡើងថា គ្រួសារនេះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសថៃ ឬនៅប្រទេសហ្វីលីពីន។

អ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់រូបនេះត្រូវបានបាញ់សម្លាប់នៅក្នុងស្តាម៉ាតមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែកក្កដា នៅក្នុងអ្វីដែលមជ្ឈដ្ឋានទូទៅជឿថា ជាការធ្វើឃាតពាក់ព័ន្ធរឿងនយោបាយ។ប៉ុន្មានថ្ងៃក្រោយមក ភរិយាមេម៉ាយដែលមានផ្ទៃពោះរបស់លោក គឺអ្នកស្រី ប៊ូ រចនា បានលើកឡើងថា អ្នកស្រីកំពុងពិចារណាផ្លាស់លំនៅទៅប្រទេសអូស្ត្រាលីជាមួយកូនប្រុសបួននាក់ដោយសារព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។

cam-photo-kem-ley-channaកាលពីថ្ងៃអាទិត្យ អ្នកស្រីបោះជំហានទៅមុខ ដោយចាកចេញពីប្រទេសជាមួយកូនៗ បងប្អូនស្រី និងប្អូនថ្លៃរបស់អ្នកស្រី ព្រមទាំងក្មួយប្រុស និងក្មួយស្រីផងដែរ នេះបើយោងតាមមិត្តភក្តិរបស់គ្រួសារនេះដែលស្នើសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លួនមិនចង់បញ្ចេញរឿងសម្ងាត់របស់ពួកគេឲ្យគេដឹង។

មិត្តភក្តិរូបនេះបាននិយាយកាលពីម្សិលមិញថា “ពួកគេកំពុងស្ថិតនៅក្នុងប្រទេសទី២ ក្រោមការមើលខុសត្រូវរបស់អង្គការសហប្រជាជាតិ ហើយបន្ទាប់មកអង្គការសហប្រជាជាតិនឹងទទួលរ៉ាប់រងគ្រប់បែបយ៉ាង។ពួកគេកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាពហើយ”។ មានហេតុផលមួយចំនួនដែលគ្រួសារនេះចាកចេញ ក្នុងនោះតួយ៉ាងដូចជាមានមនុស្សមិនស្គាល់មុខកំពុងតាមដានពួកគេជាដើម។នៅក្នុងករណីមួយ កូនប្រុសទី៣របស់អ្នកស្រី ប៊ូ រចនា ត្រូវបានតាមពីក្រោយពេលចេញពីផ្ទះ ហើយ”ពួកគេបានសួរវាថា ‘តើហ្អែងជាកូនប្រុសរបស់ កែម ឡី មែនឬមិនមែន?'”។

លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រីផ្នែកព័ត៌មានប្រចាំតំបន់នៅទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានលើកឡើងកាលពីម្សិលមិញថា លោកស្រីមិនដឹងពីការជាប់ពាក់ព័ន្ធណាមួយរបស់អង្គការសហប្រជាជាតិនៅក្នុងបញ្ហានេះឡើយ។ អ្នកស្រី ប៊ូ រចនា មិនអាចទាក់ទងបានទេ។

បុរសដែលសង្ស័យថាជាអ្នកបាញ់សម្លាប់លោក កែម ឡី ត្រូវបាននគរបាលចាប់ខ្លួនប៉ុន្មាននាទីបន្ទាប់រត់គេចចេញពីស្តារម៉ាត កន្លែងដែលអំពើឃាតកម្មកើតឡើង។ ជននេះបានសារភាពថា ពិតជាបានធ្វើឃាតលោក កែម ឡី មែន ដោយសារគាត់ជំពាក់លុយចំនួន៣.000ដុល្លារមិនព្រមសង ហើយចាប់តាំងពីពេលនោះមក ជននេះត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ហើយត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន។

ទោះយ៉ាងណា គ្រួសាររបស់បុរសទាំងពីរបានលើកឡើងថា អ្នកទាំងពីរនាក់នេះមិនដែលស្គាល់គ្នាទេ ខណៈការស៊ើបអង្កេតរបស់នគរបាលលើករណីនេះមិនបានផ្តល់ព័ត៌មានថ្មីអ្វីឡើយ ចាប់តាំងពីថ្ងៃកើតហេតុមក ដោយធ្វើឱ្យសាធារណជនមានការសង្ស័យកាន់តែខ្លាំងថា វាមានហេតុផលនយោបាយ។ លោក កែម ឡី គឺជាអ្នករិះគន់ឥតឈប់ឈរលើគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ប៉ុន្តែក៏មិនប្រណីដល់គណបក្សប្រឆាំងដែរ។

លោក សំ អិុន ដែលជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលលោក កែម ឡី បានជួយបង្កើតឡើងកាលពីឆ្នាំមុន បានលើកឡើងថា លោកទទួលបានដំណឹងពីមិត្តភក្តិមកថា គ្រួសារនេះស្ថិតនៅក្នុងប្រទេសថៃ ឬ ប្រទេសហ្វីលីពីន ដោយកំពុងរៀបចំដាក់ពាក្យសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្ត្រាលី ឬសហរដ្ឋអាមេរិក។

លោកបានមានប្រសាសន៍ថា “ពួកគេមិនដឹងថាអ្វីអាចកើតឡើងនោះទេ ពេលការស៊ើបអង្កេតនេះកំពុងបន្ត។យើងក៏ព្រួយបារម្ភអំពីសុវត្ថិភាពរបស់គាត់ដែរ ប្រសិនបើគាត់នៅតែបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា”។

លោកបានបន្ថែមថា “ហេតុដូច្នេះហើយ យើងគិតថា វាជារឿងប្រសើរសម្រាប់គាត់នៅក្នុងការផ្លាស់ទៅរស់នៅក្នុងប្រទេសអូស្ត្រាលី ឬសហរដ្ឋអាមេរិក ជាកន្លែងដែលមានសហគមន៍អាចជួយទំនុកបម្រុងគាត់បាននៅទីនោះ”។

cam-photo-front-channa-5ប្រទេសទាំងពីរនេះ មានសហគមន៍ខ្មែរធំៗដែលត្រូវបានបង្កើតឡើងដោយអ្នកដែលភៀសខ្លួនពីប្រទេសកម្ពុជាអំឡុងរបបខ្មែរក្រហម ឬនៅប៉ុន្មានឆ្នាំក្រោយមក។ យោងតាមមិត្តភក្តិរបស់គ្រួសារនេះបានឲ្យដឹងថា អ្នកស្រី ប៊ូ រចនា បានលើកឡើងថា អ្នក ស្រីក៏កំពុងតែពិចារណាប្រទេសផ្សេងៗដែរ ដូចជា ប្រទេសស៊ុយអែត ដែលសិទ្ធិជ្រកកោនប្រហែលជាងាយទទួលបានជាដើម។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រះសង្ឃប្រកាន់ជំហរប្រឆាំងដែលស្និទ្ធនឹងលោក កែម ឡី និងដែលបានជួយរៀបចំពិធីបុណ្យសពរបស់គាត់នោះ បានលើកឡើងថា គេមិនច្បាស់ទេថា តើអ្នកស្រី ប៊ូ រចនា នឹងវិលត្រឡប់មកកម្ពុជាវិញឬក៏អត់នោះ។

ដោយសំដៅដល់ពិធីបុណ្យគម្រប់១០០ថ្ងៃ ព្រះតេជគុណបានមានសង្ឃដីកាថា”គាត់បានផ្តល់សិទ្ធិទៅឱ្យគណៈកម្មការរៀបចំបុណ្យសពដើម្បីរៀបចំពិធីបុណ្យគម្រប់១០០ថ្ងៃនេះ។ ពេលពិធីបុណ្យនេះធ្វើឡើង មិនថាគាត់ត្រឡប់មកវិញ ឬក៏អត់នោះទេ យើងនឹងធ្វើតាមការសម្រេចរបស់គាត់”។

រូបសំណាករបស់លោក កែម ឡី ដែលពិធីដង្ហែសពរបស់លោកទាក់ទាញអ្នកគាំទ្ររាប់លាននាក់នោះ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការសាងសង់។តំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបបានដាក់សំណើសូមដាក់រូបសំណាកនេះនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។

ទោះយ៉ាងណា មន្ត្រីយោធាជាន់ខ្ពស់បានប្តេជ្ញាធ្វើការតវ៉ាប្រឆាំងនឹងរូបសំណាកនេះ ហើយនឹងយករូបសំណាកនេះចេញ ប្រសិនបើអ្វីៗធ្វើតាមការគ្រោងទុកមែននោះ ដោយជំទាស់ថា លោក កែម ឡី មិនមែនជាវីរបុុរសដូចទាហានជាច្រើនដែលពលីជីវិតក្នុងការប្រយុទ្ធគ្នាសម្រាប់រដ្ឋាភិបាលបច្ចុប្បន្ននោះឡើយ៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ សេក ឧត្តម)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស