31 C
Phnom Penh

លោក គន់ គីម បញ្ជាក់ជំហរថា កងទ័ពនឹងធានាជួយចាប់ខ្លួនមេដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ ថា កងកម្លាំងប្រដាប់អាវុធនៅតែរក្សាអព្យាក្រឹតភាពផ្នែកនយោបាយ ប៉ុន្តែនឹង “ធានា” ជួយចាប់ឃុំខ្លួនលោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាប្រធាន និងអនុប្រធានគណបក្សប្រឆាំង ប្រសិនបើមានសំណើពីតុលាការ។

នាយឧត្តមសេនីយ៍ គន់ គីម ដែលជាទីប្រឹក្សាជាន់ខ្ពស់ និងជាមនុស្សជំនិតម្នាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពីរត់ចោលជួរខ្មែរក្រហមមុនពេលរបបនេះដួលរលំក្នុងឆ្នាំ១៩៧៩ បានប្រាប់គេហទំព័រព័ត៌មាន Fresh News ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃច័ន្ទថា ទាហានស្គាល់តួនាទីរបស់ខ្លួនច្បាស់។

នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ពេលចូលរួមកិច្ចប្រជុំមួយនៅការិយាល័យធ្វើការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំមុន។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ពេលចូលរួមកិច្ចប្រជុំមួយនៅការិយាល័យធ្វើការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំមុន។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បន្ទរតាមការពាក្យពេចន៍ដែលតែងតែលើកឡើងចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ មក លោកមានប្រសាសន៍ថា“កងទ័ពអព្យាក្រឹតបានតែជាមួយគណបក្សនយោបាយ ប៉ុន្តែគេមិនអាចអព្យាក្រឹតជាមួយរាជរដ្ឋាភិបាលបានទេ គេមិនអាចអព្យាក្រឹតជាមួយនាយករដ្ឋមន្រ្តីដែលកំពុងកាន់អំណាច និងជានាយករដ្ឋមន្រ្តីស្របច្បាប់ដែលប្រជាជនបោះឆ្នោតឱ្យទេ។ ដូច្នេះកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសការពារដាច់ខាតចំពោះរាជរដ្ឋាភិបាល ដោយមិនអនុញ្ញាតឱ្យអ្នកណាម្នាក់បំពាន ឬដឹកនាំរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលប្រជាជនបានបោះឆ្នោតឱ្យឡើយ”។

លោកបាននិយាយបន្តចូលដល់សាច់រឿងមេដឹកនាំទាំងពីររូបរបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងប្រឈមសវនាការសំណុំរឿងព្រហ្មទណ្ឌក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយបញ្ជាក់ជំហរថា កងកម្លាំងប្រដាប់អាវុធនឹងចាត់វិធានការដើម្បីធានាការចាប់ ខ្លួនលោកទាំងពីរ ប្រសិនបើតុលាការសម្រេចឲ្យពួកគាត់ជាប់ពិរុទ្ធភាព។

លោកថ្លែងថា “បើ កឹម សុខា ជាមួយនឹង សម រង្ស៊ី ជាអ្នកទោសព្រហ្មទណ្ឌ ត្រូវតែប្រគល់ខ្លួនឱ្យគេចាប់ដាក់ទោសទៅតាមច្បាប់។ ខ្ញុំត្រូវតែមានវិធានការ ឱ្យតែមានសំណូមពរពីតុការ កម្លាំងប្រដាប់អាវុធយើងនឹងធានាចាប់ខ្លួន”។

លោក សម រង្ស៊ី បានរត់ភៀសខ្លួនទៅប្រទេសបារាំង កាលពីខែវិច្ឆិកា បន្ទាប់ពីសំណុំរឿងព្រហ្មទណ្ឌបទបរិហារកេរ្តិ៍មួយដែលមានអាយុកាលជាច្រើនឆ្នាំមកហើយ ត្រូវបានរដ្ឋាភិបាលបញ្ឆេះឡើងវិញភ្លាមៗ ហើយពេលនេះលោកកំពុងប្រឈមសវនាការថ្មីមួយទៀតពាក់ព័ន្ធតួនាទីរបស់លោកជាជនសមគំនិតក្នុងសំណុំរឿងក្លែងឯកសារ និងញុះញង់របស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង។

លោក កឹម សុខា បានសម្ងំជ្រកកោនក្នុង ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ អស់រយៈពេលជាង៣ខែមកហើយ បន្ទាប់ពីនគរបាលបានប៉ុនប៉ងចាប់ខ្លួនលោកពីបទមិនចូលខ្លួននៅតុលាការក្នុងសំណុំរឿងសញ្ចរកម្មរបស់ស្រីកំណាន់លោកដែលរដ្ឋាភិបាលបាននិងកំពុងបន្តដំណើរការយ៉ាងមោះមុត។

ទោះជាយ៉ាងណា នាយឧត្តមសេនីយ៍  គន់ គីម មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។ កាលពីខែតុលាឆ្នាំមុនខណៈកងទ័ពដែលកំពុងចល័តតាមបណ្តោយព្រំដែនអំពាវនាវឲ្យដកលោក កឹម សុខាចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា នាយឧត្តមសេនីយ៍រូបនេះបានសរសេរលិខិតមួយច្បាប់បង្ហាញការគាំទ្រការដកតំណែងលោក។

លោក កឹម សុខា ដែលក្រោយមកត្រូវបានក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដកចេញពីតំណែង ត្រូវតុលាការកោះហៅឲ្យចូលខ្លួនក្នុងសវនាការនៅថ្ងៃទី៩ ខែកញ្ញា ពីបទបដិសេធក្នុងការចូលខ្លួនឲ្យតុលាការសាកសួរកាលពី៣ខែមុន។ លោកប្រឈមការជាប់ពន្ធនាគារពី១ខែទៅ៦ខែប្រសិនបើតុលាការសម្រេចឲ្យជាប់ទោសតាមការចោទប្រកាន់។

គណបក្សប្រឆាំងអះអាងថា លោក កឹម សុខា មានអភ័យឯកសិទ្ធិតំណាងរាស្ត្រដែលអាចការពារខ្លួនពីការចោទប្រកាន់ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការបដិសេធរបស់លោកក្នុងការចូលខ្លួនក្នុងតុលាការនៅពេលកោះហៅ ស្មើនឹងបទល្មើសព្រហ្មទណ្ឌដែលអភ័យឯកសិទ្ធិមិនអាចការពារបានឡើយ។

តុលាការកំពូលនឹងបើកសវនាការនៅថ្ងៃសុក្រ សួរដេញដោលពាក់ព័ន្ធសំណើពីមេធាវីរបស់លោក កឹម សុខា ដែលសុំឲ្យផ្អាកសវនាការនេះ ដោយសំអាងថាលោកមានអភ័យឯកសិទ្ធិ នេះបើយោងតាមលោកស្រី ម៉េង សុភារី មេធាវីរបស់លោកបានលើកឡើងកាលពីម្សិលមិញ។

លោកស្រីថ្លែងថា កាលបរិច្ឆេទសវនាការនៅថ្ងៃទី២ ខែកញ្ញា កៀកខ្លាំងពេកទៅនឹងកាលបរិច្ឆេទនៃការកោះហៅនៅថ្ងៃទី២៩ខែសីហា ពីព្រោះច្បាប់ចែងថា យ៉ាងហោចណាស់ត្រូវមានរយៈពេល១៥ថ្ងៃចន្លោះកាលបរិច្ឆេទទាំងពីរដើម្បីឲ្យមេធាវីត្រៀមខ្លួនបានល្អ។

លោកស្រីបានបន្តថា “ពេលកោះហៅកៀកខ្លាំងពេកទៅនឹងកាលបរិច្ឆេទសវនាការដែលធ្វើឲ្យយើងជួបការលំបាកគ្មានពេលវេលាសម្រាប់ពិភាក្សា ឬត្រៀមអ្វីៗឲ្យរួចរាល់សម្រាប់សវនាការក្នុងពេលដ៏ខ្លីខាងមុខ”។

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ព្យាយាមបណ្តេញលោក និងលោក កឹម សុខា ចេញពីសង្វៀនប្រកួតប្រជែង ខណៈលោក ហ៊ុន សែន កំពុងបង្កើនសកម្មភាពធ្វើយុទ្ធនាការឃោសនារបស់ខ្លួនដើម្បីកៀរគរការគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងរៀបចំឡើងនៅខែមិថុនា ឆ្នាំក្រោយ។

ចំណែកឯលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេទាក់ទិនការលើកឡើងរបស់លោក គន់ គីម៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស