27 C
Phnom Penh

បន្ទាប់ពីករណីដកហូតយន្តសង្គ្រោះបន្ទាន់របស់វិទ្យុអេប៊ីស៊ី ក្រសួងសុខាភិបាលបញ្ជាឲ្យដឹកសពមិនគិតថ្លៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពីរសប្តាហ៍ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យមន្ត្រីសុខាភិបាលប្រគល់រថយន្តសង្គ្រោះបន្ទាន់គ្មានអាជ្ញាប័ណ្ណមួយគ្រឿងរបស់ស្ថានីយវិទ្យុអេប៊ីស៊ីដែលប្រើប្រាស់វាសម្រាប់ដឹកជញ្ជូនសាកសពសម្រាប់ប្រិយមិត្តអ្នកស្តាប់ដោយមិនគិតថ្លៃមកនោះកាលពីថ្ងៃច័ន្ទក្រសួងសុខាភិបាលបានបញ្ជាឲ្យមន្ទីរពេទ្យនានាផ្តល់សេវានេះដោយមិនគិតថ្លៃដូចគ្នា។

រថយន្តសង្គ្រោះបន្ទាន់របស់ស្ថានីយវិទ្យុអេប៊ីស៊ីចតនៅក្រៅការិយាល័យមន្ទីរសុខាភិបាលក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត ស៊ីវ ចាន់ណា
រថយន្តសង្គ្រោះបន្ទាន់របស់ស្ថានីយវិទ្យុអេប៊ីស៊ីចតនៅក្រៅការិយាល័យមន្ទីរសុខាភិបាលក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត ស៊ីវ ចាន់ណា

នៅក្នុងសារាចរណែនាំមួយចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រសួងនេះបានធ្វើការណែនាំឲ្យប្រធានមន្ទីរពេទ្យរដ្ឋ ប្រធានមណ្ឌលសុខភាព និងមន្ទីរសុខាភិបាលទូទាំងប្រទេសដឹកជញ្ជូនសាកសពអ្នកជំងឺដែលបាត់បង់ជីវិតនៅកន្លែងរបស់ខ្លួនដោយមិនគិតថ្លៃ។

សារាចរណែនាំនេះមានខ្លឹមសារដូច្នេះថា “ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋរថយន្តសង្គ្រោះបន្ទាន់ដែលដឹកសាកសពត្រូវតែឈប់យកថ្លៃសេវានេះ”។

លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា សារចរណែនាំ នេះមានប្រសិទ្ធភាពភ្លាមៗ។ លោកថ្លែងថា មន្ទីរពេទ្យ មណ្ឌលសុខភាព និងមន្ទីរសុខាភិបាលខេត្តនឹងប្រើប្រាស់ទាំងរថយន្តរបស់រដ្ឋនិងរថយន្តសង្គ្រោះបន្ទាន់ដែលជាជំនួយរបស់រដ្ឋាភិបាលចិនដើម្បីសម្រួលសេវានេះ ហើយទន្ទឹមនេះនឹងស្នើសុំមតិរិះគន់តាមរយៈសារអេឡិចត្រូនិក ខ្សែទូរស័ព្ទពិសេស និងទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល។

លោកបានលើកឡើងបន្ថែមថា កន្លងមកតម្លៃរថយន្តសង្គ្រោះបន្ទាន់របស់រដ្ឋមានខុសៗគ្នាអាស្រ័យលើចម្ងាយផ្លូវ ប៉ុន្តែលោកបដិសេធមិនបញ្ជាក់លម្អិតទេ។

គោលនយោបាយនេះប្រហែលជាធ្វើឲ្យសេវាដឹកជញ្ជូនសាកសពឥតគិតថ្លៃរបស់វិទ្យុអេប៊ីស៊ីកាន់តែមានប្រជាប្រិយភាព ដែលត្រូវបានផ្អាកដំណើរការកាលពីដើមខែនេះ នៅពេលមន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឃាត់ និងដកហូតរថយន្តសង្គ្រោះបន្ទាន់គ្មានអាជ្ញាប័ណ្ណរបស់វិទ្យុនេះ។

ក្រោយពីមានជម្លោះជាសាធារណៈរវាងលោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានី និងលោក សេង ប៊ុនវែង ហៅអាចារ្យអេ ដែលជាម្ចាស់ស្ថានីយវិទ្យុនេះ រថយន្តនោះត្រូវបានប្រគល់ឲ្យវិញនៅប៉ុន្មានថ្ងៃក្រោយមកតាមបញ្ជារបស់លោក ហ៊ុន សែន ។ លោក សុខ សុគន្ធ ក៏ត្រូវបានដកចេញពីមុខតំណែង ខណៈអាចារ្យអេប្រកាសជ័យជម្នះលើ “ក្រុមស្វា” របស់រដ្ឋាភិបាលដែលបានដកហូតរថយន្តសង្គ្រោះបន្ទាន់របស់លោក។

នៅពេលសួរថា តើគោលនយោបាយថ្មីរបស់ក្រសួងសុខាភិបាលនេះចេញដោយសារកើតមានបាតុភាពខាងលើ ឬយ៉ាងណានោះ លោក លី សុវណ្ណ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

ចំណែកឯលោក ឈែល សុវណ្ណារ៉ា បុគ្គលិកនៅវិទ្យុអេប៊ីស៊ី និយាយថា គាត់ស្វាគមន៍ការកែប្រែនេះ។ “យើងគិតថា គេគួរតែធ្វើគោលនយោបាយនេះយូរហើយ”។បុរសរូបនេះនិយាយទៀតថា វិទ្យុអេប៊ីស៊ីនឹងបន្តដឹកជញ្ជូនសាកសពពីកន្លែងកើតគ្រោះថ្នាក់ តាមផ្ទះ និងទីតាំងផ្សេងៗទៀតដែលសេវារបស់រដ្ឋមិនគ្របដណ្ដប់៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស