34 C
Phnom Penh

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាគ្រោងកោះប្រជុំពាក់ព័ន្ធអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាមួយរូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាគ្រោងកោះ­­ប្រជុំនៅថ្ងៃនេះដើម្បីពិចារណាលើសំណើដកអភ័យឯកសិទ្ធិរួចផុតពីការចោទប្រកាន់របស់លោកស្រី ថាក់ ឡានី ជាសមាជិកព្រឹទ្ធសភា។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍ដែលមានសមាជិក១០រូបនឹងពិនិត្យមើលសំណើរបស់សាលាឧទ្ធរណ៍ ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ នៅម៉ោងប្រហែល៨ព្រឹក។

គណៈកម្មាធិការនេះអាចសម្រេចបញ្ជូនសំណើនេះទៅព្រឹទ្ធសភាពេញអង្គដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាដើម្បីធ្វើការបោះឆ្នោត ឬបញ្ជូនទៅព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ដើម្បីពិនិត្យបន្ថែម។

លោកស្រី ថាក់ ឡានី បានខកខានការកោះហៅមកសាកសួរតាមការគ្រោងទុកចំនួន ពីរលើកនៅសាលាដំបូងរាជធានីភ្នំពេញជុំវិញការចោទប្រកាន់ដែលថា លោកស្រីបានបន្ទោសការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ហ៊ុន សែន បានប្តឹងសមាជិកព្រឹទ្ធសភារូបនេះកាលពីដើមខែនេះពីបទចោទរូបលោកនៅក្នុងការលើកឡើងជាលក្ខណៈឯកជនថា លោកបានបញ្ជាឱ្យមានការធ្វើឃាតលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា។

លោកស្រី ថាក់ ឡានី បានបដិសេធការអះអាងនេះ ហើយបានមានប្រសាសន៍ថា វីដេអូឃ្លីបដែលក្នុងនោះលោកស្រីទំនងជាធ្វើការចោទប្រកាន់នោះ ត្រូវបានគេកាត់ត។

លោក សម សុគង់ មេធាវីតំណាងលោកស្រី ថាក់ ឡានី បានមានប្រសាសន៍ថា លោកស្រីមិនបានមកបង្ហាញខ្លួនសម្រាប់ការសាកសួរទេ ពីព្រោះលោកស្រីមានអភ័យឯកសិទ្ធិ ហើយ “ដោយសារការចោទប្រកាន់នេះកើតឡើងដោយគ្មានភ័ស្តុតាងជាក់ស្តែង”។

លោកបានមានប្រសាសន៍ថា លោកស្រីនឹងពិចារណាមកបង្ហាញខ្លួន ប្រសិនបើព្រឹទ្ធសភាដកអភ័យឯកសិទ្ធិរបស់លោកស្រី៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស