33 C
Phnom Penh

មនុស្សជាង៦០នាក់ត្រូវចាប់ខ្លួនពេលឆ្មក់បង្ក្រាបប្រព័ន្ធអុិនធើណិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីអន្តោប្រវេសន៍បាននិយាយថា ជនជាតិចិននិងតៃវ៉ាន់ជាង៦០នាក់ត្រូវបានចាប់ខ្លួនក្នុងការឆ្មក់ចូលផ្ទះនៅក្នុងក្រុងភ្នំពេញកាលពីម្សិលមិញ ដោយសង្ស័យថាកំពុងប្រើប្រាស់បច្ចេកវិទ្យាជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធើណិត (VoIP)។

លោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេតននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបាននិយាយថា ជនសង្ស័យ៦៤នាក់ ក្នុងនោះមានស្រ្តី៨នាក់ត្រូវបានឃុំខ្លួននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅតាមការចោទថាឆបោក។

លោកឧត្តមសេនីយ៍ទោ ហៃសិលា បាននិយាយថា ការឆ្មក់ចូលផ្ទះជួលមួយបានធ្វើឡើងក្រោយពីមានការស៊ើបអង្កេតជាសម្ងាត់ច្រើនខែទៅក្នុងរបរសង្ស័យថាជាការជំរិតទារប្រាក់។

ឧត្តមសេនីយ៍ទោរូបនេះបាននិយាយថា នាយកដ្ឋានអន្តោប្រវេសន៍ “បានរកឃើញទីកន្លែង ហើយបានស៊ើបអង្កេតរយៈពេលបីខែ មុនពេលចាត់វិធានការ”។

លោក ហៃសិលា បាននិយាយថា ពេលឆ្មក់ចូលដល់ទីកន្លែង មន្រ្តីអន្តោប្រវេសន៍បានរឹបអូសយក VoIP ៥៧ដុំ ប្រអប់ Wifi និងកុំព្យូទ័រ៨គ្រឿង។ លោកនិយាយថា ជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសាកសួរ។

សារព័ត៌មាន AP បានដកស្រង់សម្តីឧត្តមសេនីយ៍ទោ ហៃសិលាដែលនិយាយថា ក្នុងក្រុមនោះមានជនសង្ស័យ១២នាក់មកពីតៃវ៉ាន់បានជាប់ចោទថាបោកប្រាសជនរងគ្រោះនៅប្រទេសចិន។

តាមការរាយការណ៍ ឧត្តមសេនីយ៍ទោនិយាយថា “ឥឡូវនេះជនសង្ស័យទាំងនេះត្រូវឃុំខ្លួនដោយនគរបាលអន្តោប្រវេសន៍ដើម្បីសាកសួរ ហើយបន្ទាប់មក យើងនឹងនិរទេសពួកគេទៅប្រទេសចិនវិញ”។

កាលពីខែមិថុនា ជនសង្ស័យជនជាតិចិននិងតៃវ៉ាន់៣៩នាក់ ដែលត្រូវចាប់ខ្លួនពីបទឆបោកករណីដូចគ្នាក្នុងវីឡាមួយនៅក្រុងភ្នំពេញត្រូវបាននិរទេសទៅប្រទេសចិនវិញ។ ទោះបីមានការតវ៉ាផ្នែកការទូតពីតៃវ៉ាន់ឲ្យបញ្ជូនជនជាតិតៃវ៉ាន់២៥នាក់ទៅស្រុកវិញដើម្បីជំនុំជម្រះក៏ដោយ ក៏ប្រទេសកម្ពុជាគោរពតាមសំណើរបស់ក្រុងប៉េកាំងបញ្ជូនពួកគេទៅប្រទេសចិន។

ប្រទេសកម្ពុជាទទួលរងករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធើណិតនាពេលថ្មីៗនេះ ដោយមន្រ្តីកម្ពុជានិងមន្ត្រីចិនសហការគ្នាជាប្រចាំដើម្បីតាមរកអ្នកឆបោកដែលប្រើប្រាស់បច្ចេកវិទ្យាលាក់ទីតាំងហៅទូរស័ព្ទដែលធ្វើឲ្យមន្ត្រីលំបាកក្នុងការតាមរក។

កាលពីខែវិចិ្ឆកា ជនសង្ស័យឧក្រិដ្ឋកម្មអ៊ិនធើណិត១៦៨នាក់ត្រូវបានចាប់ខ្លួននៅខេត្តព្រះសីហនុ ដោយសង្ស័យថាប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិត ដើម្បីជំរិតទារប្រាក់។

ឧត្តមសេនីយ៍ទោ ហៃសិលា បាននិយាយថា ការឆ្មក់ចូលកន្លែងពីរផ្សេងទៀតកាលពីម្សិលមិញ នាយកដ្ឋានអន្តោប្រវេសន៍បានឃុំខ្លួនជនជាតិវៀតណាម១៧នាក់នៅក្នុងហាងខារាអូខេនៅខណ្ឌដូនពេញ ដែលមិនមានលិខិតឆ្លងដែនមានសុពលភាព៕ មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស