29 C
Phnom Penh

ក្រុមហ៊ុនដែលគ្រប់គ្រងប័ណ្ណការងារជនបរទេសមិនទាន់មានគេហទំព័រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ការទទួលខុសត្រូវទំាងអស់លើប័ណ្ណការងារជនបរទេសទៅឲ្យក្រុមហ៊ុន អុី-សឹលូសិន (ខេមបូឌា) E-Solutions (Cambodia) Co.នៅក្នុងថ្ងៃនេះ ដោយបន្សល់ទុកនូវសំណួរមិនទាន់មានចម្លើយជាច្រើនពាក់ព័ន្ធក្រុមហ៊ុនឯកជននេះ ដែលនឹងដំណើរការ ផលិត និងចែកចាយប័ណ្ណការងារតាមប្រព័ន្ធស្វ័យ ប្រវត្តិកម្ម។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងនេះ បានបដិសេធមិនឆ្លើយសំណួរឡើយពាក់ព័ន្ធក្រុមហ៊ុននេះ និងថា តើនរណាជាម្ចាស់ ឬថា តើហេតុអ្វីបានជាក្រុមហ៊ុននេះនៅមិនទាន់មានគេហទំព័រ មួយថ្ងៃមុនពេលក្រុមហ៊ុននេះត្រូវអនុញ្ញាតឲ្យគ្រប់គ្រងដំណើរការដាក់ពាក្យសុំប័ណ្ណការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ តែលោក បែរជាបង្វែរសំណួរទាំងអស់ទៅកាន់ប្រកាសចុះហត្ថលេខាកាលពីដើមខែនេះដែលកំណត់ចំពោះដំណើរការនេះទៅវិញ។

យោងតាមប្រកាសចុះកាលបរិច្ឆេទថ្ងៃទី១៧ ខែសីហា ជនបរទេសដែលធ្វើការនៅក្នុងប្រទេសកម្ពុជា ឥឡូវ តម្រូវឲ្យដាក់ពាក្យសុំប័ណ្ណការងារនិងសៀវភៅការងារតាមរយៈគេហទំព័រ www.fwcms.mlvt.gov.khដែលគ្រប់គ្រងដោយក្រុមហ៊ុន អុី-សឹលូសិន ដោយត្រូវ បង់៣០ដុល្លារសម្រាប់មួយសំណើ។ គេហទំព័រនេះ មិនទាន់មានទេគិតមកដល់យប់មិញនេះ។

ប្រកាសនេះបានលើកឡើងថា ក្រុមហ៊ុន អុី-សឹលូសិន នឹងផលិត រួចផ្ញើប័ណ្ណការងារឬ សៀវ ភៅការងារជូនសាមីជនដែលជាជនបរទេស និងតាមដានទន្និន័យប័ណ្ណការងារជនបរទេសជំនួសក្រសួង។

ប្រកាសនេះបានលើកឡើងទៀតថា ក្រុមហ៊ុននីមួយៗមានពេលរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកានៅក្នុងការបំពេញបែបបទស្នើសុំកូតាប្រើប្រាស់ហត្ថពលកម្មបរទេស ហើយត្រូវបង់ថ្លៃ៣០ដុល្លារ។ ពេលពាក្យសុំរបស់ក្រុមហ៊ុនត្រូវបានយល់ព្រម ជនបរទេសដែលធ្វើការនៅកម្ពុជាអាចដាក់ពាក្យសុំប័ណ្ណការងារនិងសៀវភៅការងារបានដោយផ្ទាល់តាមរយៈគេហទំព័រថ្មីនេះ។

រដ្ឋាភិបាលរក្សាសិទ្ធិធ្វើអន្តរាគមន៍នៅក្នុងដំណើរការនេះ។

ប្រការនេះមានខ្លឹមថា “ក្នុងករណីចំាបាច់នាយកដ្ឋានមុខរបរ និងហត្ថកម្ម ឬមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈអាចស្នើសុំឲ្យម្ចាស់សំណើមកបង្ហាញខ្លួន ឬផ្តល់ឯកសារចាំបាច់នានា”។

លោក ហេង សួរ បានមានប្រសាសន៍ថា “វាដូចនឹងច្បាប់មុនដដែលហ្នឹង ប៉ុន្តែវាគ្រាន់តែផ្លាស់ប្តូរពីការចុះឈ្មោះដោយផ្ទាល់ទៅកាន់ការចុះឈ្មោះតាមប្រព័ន្ធអីុនធឺណិតប៉ុុណ្ណោះ”។

លោកបានលើកឡើងថា ក្រសួងមិនពាក់ព័ន្ធនៅក្នុងការជ្រើសរើសរបស់រដ្ឋាភិបាលឲ្យក្រុមហ៊ុន អីុ- សឹលូសិនគ្រប់គ្រងដំណើរការនេះឡើយ ប៉ុន្តែលោកមិនបានឆ្លើយតបទៅនឹងសំណួរផ្សេងៗពាក់ព័ន្ធក្រុមហ៊ុននេះទេ។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលគួរតែបង្ហាញព័ត៌មានបន្ថែមស្តីអំពីក្រុមហ៊ុនអីុ-សឹលូសិន និងធានាអំពីគណនេយ្យភាពរបស់ក្រុមហ៊ុននេះ។

លោកបានមានប្រសាសន៍ថា “វាជាការប្រសើរដែលដឹងអំពីអត្តសញ្ញាណរបស់ក្រុមហ៊ុននេះថា តើនរណាជាអ្នកមានភាគហ៊ុននៅក្នុងនោះ ឬថា តើក្រុមហ៊ុននេះត្រូវបានជ្រើសរើសតាមវិធីណាដើម្បីឲ្យផ្តល់សេវា”។

លោកស្រី សានដ្រា ដាមីកូ អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា លោកស្រីស្វាគមន៍ការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ឬសេវាឯកជន បើពួកគេធ្វើប្រតិបត្តិការប្រកបដោយតម្លាភាព។

លោកស្រីបានបន្ថែមថា “រដ្ឋាភិបាលជាច្រើនទូទាំងពិភពលោកប្រើប្រាស់ធនធានឯកជនដើម្បីជួយគំនិតផ្តួចផ្តើមបែបនេះ។ទោះជាយ៉ាងណា សូចនាករអនុវត្តច្បាស់លាស់ពាក់ព័ន្ធពេលវេលាក្នុងការទទួលបានឯកសារ និងដំណើរការពេញលេញ គួរតែត្រូវបានពន្យល់ត្រួសៗ”។

លោក Anthony Galliano ប្រធានក្រុមហ៊ុន Cambodian Investment Management បានលើកឡើងថា ការផ្លាស់ប្តូរនេះក៏នឹងជួយដោះស្រាយចន្លោះប្រហោងក្នុងប្រព័ន្ធបច្ចុប្បន្នផងដែរ។

លោកបានមានប្រសាសន៍ថា “ជនបរទេសធ្វើការសម្រាប់ខ្លួនឯងដែលមិនភ្ជាប់ទៅនឹងក្រុមហ៊ុនដែលបានចុះបញ្ជីមានការលំបាកខ្លាំងនៅក្នុងការទទួលបានប័ណ្ណការងារ លុះត្រាតែពួកគេភ្ជាប់ខ្លួនទៅនឹងក្រុមហ៊ុនដែលបានចុះបញ្ជី”។

កក្តានេះបានធ្វើឲ្យជនបរទេស ដូចជាអ្នកផ្តល់ប្រឹក្សាក្រៅក្របខ័ណ្ឌ និងវិចិត្រករ សិល្បករ នៅក្នុងកម្ពុជាមិនត្រូវបានរដ្ឋាភិបាលទទួលស្គាល់តាមផ្លូវច្បាប់ឡើយ។

លោក Galliano បានលើកឡើងថា ការផ្លាស់ប្តូរនេះអាចធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជាមានភាពប្រសើរឡើងក្នុងចំណោមវិនិយោគិនបរទេសតាមរយៈការលុបបំបាត់ “ភាពមិនច្បាស់លាស់” នៃដំណើរការដាក់ពាក្យសុំប័ណ្ណការងារ តែទោះជាយ៉ាងណា វាអាចជាការប្រឈមនៅក្នុងការផ្ទេរការងារប្រកបដោយជោគជ័យទៅឲ្យក្រុមហ៊ុន អីុ -សឹលូសិន ដោយសារតែ “ទំហំដ៏ធំនៃគម្រោងនេះ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស