31 C
Phnom Penh

អូប័រ ឧទ្ធម្ភាគចក្រ និងកងទ័ពត្រូវបានដាក់ពង្រាយពីមុខពីក្រោយពីលើ​​​ជុំវិញទីស្នាក់ការបក្សសង្គ្រោះជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧទ្ធម្ភាគចក្រយោធាយ៉ាងតិច៥គ្រឿងបានហោះក្រឡឹងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ខណៈអូប័រ៥គ្រឿងដែលខ្លះបំពាក់ដោយកាំភ្លើងយន្តត្រូវបានបញ្ជូនទៅកាន់ទន្លេនៅចំណុចខាងក្រោយទីស្នាក់ការគណបក្សនេះ និងរថយន្តដឹកទាហានប្រដាប់អាវុធពាក់របាំងមុខបានបើកកាត់ខាងមុខទីស្នាក់ការគណបក្សនេះ។

ការដាក់ពង្រាយទ័ពនេះធ្វើឡើងពីរថ្ងៃបន្ទាប់ពីលោក គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា ប្រសិនបើមានការស្នើសុំ កងកម្លាំងប្រដាប់អាវុធនឹង “ធានា” ការចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិដែលបាននិងកំពុងសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សនេះអស់រយៈពេល៣ខែមកហើយ។

cam-photo-front-channaដោយចាប់ផ្តើមនៅម៉ោងជាង១១ព្រឹក ឧទ្ធម្ភាគចក្រយោធាបានហោះក្រឡឹងពីលើទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យនាភាគខាងត្បូងនៃរាជធានីភ្នំពេញ ចំណែកឯអូប័របានទៅដល់ទន្លេបាសាក់ត្រង់ចំណុចខាងក្រោយគណបក្សនេះនៅម៉ោងប្រហែល២រសៀល។

អូប័រមួយចំនួនបានឈប់នៅចំណុចក្រោយទីស្នាក់ការនៅពេលរសៀល ខណៈរថយន្តដឹកទាហានប្រដាប់អាវុធ និងពាក់របាំងមុខបានបើកកាត់ពីខាងមុខតាមបណ្តោយផ្លូវជាតិលេខ២។ ឧទ្ធម្ភាគចក្រធុន Harbin Z-9ដែលជាអំណោយរបស់ចិន បានចាកចេញបន្ទាប់ពីមេឃចាប់ផ្តើមភ្លៀងនៅម៉ោងប្រហែល៤រសៀល។

ទោះជាយ៉ាងណា មិនមានការប៉ុនប៉ងចាប់ ខ្លួនលោក កឹម សុខា ដែលជាប់ចោទពីបទមិនចូលខ្លួនក្នុងតុលាការទេ។ លោក កឹម សុខា ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនកាលពីប៉ុន្មានខែមុនសម្រាប់ការសាកសួរក្នុងសំណុំរឿងសញ្ចរកម្មរបស់ស្រីកំណាន់លោក ប៉ុន្តែលោកមិនបានចូលខ្លួនឡើយ។ នគរបាលបានប៉ុនប៉ងចាប់ខ្លួនលោកកាលពីថ្ងៃទី២៦ ខែ ឧសភា ហើយបានសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សចាប់តាំងពីពេលនោះមក។

សវនាការជំនុំជម្រះទោសលោកពីបទមិនចូលខ្លួនក្នុងតុលាការ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ខែកញ្ញា។លោកប្រឈមការជាប់ពន្ធនាគារពី១ខែដល់៦ខែ ប្រសិនបើត្រូវតុលាការសម្រេចឲ្យជាប់ទោសតាមការចោទប្រកាន់។

លោក ប្រាក់ សុខា អ្នកនាំពាក្យកងទ័ពអាកាសមានប្រសាសន៍ថា ការចល័តកងទ័ពនេះគ្មានបំណងបំភិតបំភ័យលោក កឹម សុខា ឬនរណាម្នាក់ក្នុងគណបក្សសង្គ្រោះជាតិឡើយ វាគ្រាន់តែជាការហាត់សមជាប្រចាំរបស់កងទ័ពប៉ុណ្ណោះ។

ឧត្តមសេនីយ៍ទោរូបនេះបានបកស្រាយថា “វាគ្រាន់តែជាការហាត់សមរបស់យោធា។ យើងគ្រាន់តែហោះឆ្វែលជុំវិញរាជធានីភ្នំពេញប៉ុណ្ណោះ។យើងប្រើឧទ្ធម្ភាគចក្រតែ៤គ្រឿងប៉ុណ្ណោះ ហើយយើងហាត់សមដូចនេះរាល់ថ្ងៃ។ យើងនឹងហាត់សមដូចនេះរហូតដល់ដាច់ឆ្នាំ”។

អូប័រកងទ័ពបើកឆ្វែលនៅទន្លេបាសាក់ត្រង់ចំណុចខាងក្រោយទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អូប័រកងទ័ពបើកឆ្វែលនៅទន្លេបាសាក់ត្រង់ចំណុចខាងក្រោយទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិក៏មានប្រសាសន៍ដែរថា វាមិនពាក់ព័ន្ធនឹងលោក កឹម សុខា ទេ ប៉ុន្តែលោកមិនបានបំភ្លឺមូលហេតុដែលយោធាធ្វើការហាត់សមកៀកទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិបែបនេះឡើយ។

លោកបន្តថា “វាមិនពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិទេ។ វាជាការហាត់សមមួយប្រភេទ ហើយការចល័តទ័ពនេះដូចជាឧទ្ធម្ភាគចក្រ អូប័រ និងកងទ័ពផ្លូវគោកជាដើមគឺជារឿងធម្មតា។ សកម្មភាពទាំងអស់នេះសុទ្ធតែសម្រាប់ការសិក្សា។ យើងមិនខ្វល់ថាកន្លែងណាទេ។យើងមានសិទ្ធិហាត់សមនៅកន្លែងណាក៏បានឲ្យតែយើងចង់។ វាជាប្រតិបត្តិការហាត់សមធម្មតាដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ”។

ទោះជាយ៉ាងណា លោកបាននិយាយការពារការអត្ថាធិប្បាយរបស់នាយឧត្តមសេនីយ៍ គន់ គីម កាលពីថ្ងៃច័ន្ទ ហើយថា យោធាដែលជាធម្មតាមិនអនុវត្តដីកាឃាត់ខ្លួនជនស៊ីវិល ជាភារកិច្ចទុកសម្រាប់នគរបាលនោះតាមពិតអាចចាប់ខ្លួនលោក កឹម សុខា បាន។ លោកថ្លែងថា “ប្រសិនបើយើងទទួលបានសំណើនេះពីតុលាការ កងកម្លាំងរបស់យើងនឹងអនុវត្តបញ្ជាទាំងនោះ”។

cam-photo-force-jump-channaនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទ តំណាងរាស្ត្រគណបក្សប្រឆាំងបានមានប្រសាសន៍ថា លោកយល់ថាការដាក់ពង្រាយទ័ពនេះបង្ហាញយ៉ាងច្បាស់ពីបំណងបំភិតបំភ័យគណបក្សនេះ ប៉ុន្តែការប្រឹងប្រែងជ្រុលហួសហេតុេនះមានតែធ្វើឲ្យសាធារណជនមានកំហឹង ហើយជឿថារដ្ឋាភិបាលបានបាត់បង់ភាពម្ចាស់ការទៅវិញទេ។

លោកលើកឡើងទៀតថា “ស្ថានភាពពេលនេះខ្ញុំគិតថា សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធមិនគួរធ្វើរឿងបែបនេះទេ ព្រោះវាបង្កភាពចលាចល។ ប៉ុន្តែវានឹងមិនអាចគំរាមឲ្យប្រជាពលរដ្ឋរបស់យើងភ័យខ្លាចឡើយ។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យពួកគាត់យល់ថា ប្រទេសរបស់យើងកំពុងតែអស្ថិរភាព”។

អ្នកស្រី ស៊ាន សុកាន អាយុ៤៨ឆ្នាំ ជាកម្មការិនីកាត់ដេរដែលរស់នៅជិតទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិនិយាយថា ព្រឹត្តិការណ៍នេះធ្វើឲ្យគាត់នឹកឃើញដល់ការប្រយុទ្ធគ្នាអំឡុងពេលផ្តួលរំលំរបបខ្មែរក្រហមនៅខែមករា ឆ្នាំ១៩៧៩ ហើយបានបង្កភាពភ័យខ្លាចដោយឥតប្រយោជន៍ដល់មនុស្សជាច្រើន។

ស្ត្រីរូបនេះដែលបានចាកចេញពីរោងចក្រ ហើយប្រមូលកូននៅម៉ោង២រសៀលបន្ទាប់ពីដឹងអំពីឧទ្ធម្ភាគចក្រ អូប័រ និងរថយន្តយោធាទាំងនេះ និយាយទៀតថា “គ្រួសារខ្ញុំពិតជាភ័យខ្លាចចំពោះស្ថានភាពនេះ។ កូនៗខ្ញុំនិយាយថា ‘ ម៉ាក់ ចេញពីរោងចក្រមក ‘។ កូនៗខ្ញុំភ័យខ្លាចយ៉ាងខ្លាំង។ អ្នកដឹងទេ នៅឆ្នាំ១៩៧៩ ខ្ញុំបានឃើញឧទ្ធម្ភាគចក្រ ហើយបន្ទាប់មកពួកគេក៏ចាប់ផ្តើមប្រយុត្ធគ្នា។ បើពួកគេធ្វើបែបនេះ តើឲ្យខ្ញុំទៅធ្វើការម៉េចកើត? ខ្ញុំព្រួយបារម្ភចំពោះសុវត្ថិភាពក្រុមគ្រួសារខ្ញុំ”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស