29 C
Phnom Penh

វៀតណាមថ្កោលទោសការវាយប្រហារតាមហ្វេសប៊ុកលើលោកនាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលវៀតណាមមិនបានជាប់ទាក់ទងនឹងការបង្ហោះបង្ហាញកំហឹង ដែលពលរដ្ឋរបស់ខ្លួនបានធ្វើអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយនិយាយថាទង្វើនេះមិនគួរត្រូវប្រើប្រាស់ដើម្បីបញ្ឆេះភាពតានតឹងរវាង “ប្រទេសជិតខាងល្អ”ទេ។

cam-photo-VN-president-reuters-800x528ទោះជាយ៉ាងនេះក្តី លិខិតពីក្រសួងការបរទេសវៀតណាមមិនបានធ្វើតាមការទាមទារដោយសមភាគីកម្ពុជារបស់ខ្លួនឲ្យ “ថ្កោលទោស” អ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាម ដែលបានចូលធ្វើអត្ថាធិប្បាយប្រមាថតបទៅនឹងជំហររបស់ប្រទេសកម្ពុជាទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូងឡើយ។

កម្ពុជាបានផ្ញើទៅឲ្យបណ្តាញព័ត៌មាននូវសេចក្តីដកស្រង់បកប្រែមួយចំនួនពីការឆ្លើយតប ដែលក្រសួងនេះបាននិយាយថា ខ្លួនទទួលបានពីប្រទេសវៀតណាម។

លិខិតនោះមានខ្លឹមសារថា “យើងខ្ញុំមិនមានការឯកភាពចំពោះការប្រើប្រាស់សិទ្ធិសេរីក្នុងការបញ្ចេញមតិ ដើម្បីប្រមាថមើលងាយបុគ្គល ឬសម្ដែងនូវអាកប្បកិរិយាញុះញង់ ជ្រុលនិយមបំបែកបំបាក់ មនោសញ្ចេតនា ដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរនោះទេ។ វៀតណាមផ្ដល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ ក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។ ក្នុងបណ្ដាឆ្នាំកន្លងមក វៀតណាមបានខិតខំប្រឹងប្រែងជាមួយកម្ពុជា ក្នុងការថែរក្សានិងជំរុញទំនាក់ទំនងនេះប្រកបដោយសន្តិភាព មិត្តភាពល្អប្រសើរ ដើម្បីផលប្រយោជន៍ រួមរបស់ប្រជាជននៃប្រទេសទាំងពីរ”។

ការឆ្លើយតបនេះបានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យរបស់ក្រសួងការបរទេសកម្ពុជា ដែលបានជំរុញឲ្យអាជ្ញាធរវៀតណាមស្រាវជ្រាវនិងកំណត់អត្តសញ្ញាណបុគ្គលទាំងនោះ “ដែលបានប្រព្រឹត្តអំពើប្រមាថយ៉ាងអសីលធម៌មកលើប្រមុខដឹកនាំកំពូលរបស់­កម្ពុជា”។

សេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនេះ បានជំរុញឲ្យរដ្ឋាភិបាលក្រុងហាណូយ “ថ្កោលទោសក្រុមជនទាំងនោះ ដើម្បីថែរក្សាការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំកម្ពុជា”។

កាលពីម្សិលមិញ លោក ជុំ សុន្ទរី បានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើវៀតណាមបានដោះស្រាយកង្វល់របស់ក្រសួងបានត្រឹមត្រូវឬយ៉ាងណាទេ។

អ្នកប្រើហ្វេសប៊ុកវៀតណាមមួយក្រុមតូច ប៉ុន្តែបញ្ចេញយោបល់ដោយឥតសំចៃ បានចូលទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងបានចោទលោកថា ស្តាប់បង្គាប់រដ្ឋាភិបាលក្រុងប៉េកាំង ដែលជាម្ចាស់ជំនួយរបស់ខ្លួនទាក់ទិនជម្លោះទឹកដីសមុទ្រចិនខាងត្បូងដែលកំពុងកើតមាន ដែលបានធ្វើឲ្យប្រទេសវៀតណាមនិងប្រទេសសមាជិកអាស៊ានជាច្រើនផ្សេងទៀតប្រឈមតតាំងនឹងប្រទេសចិន។

ការចូលអត្ថាធិប្បាយមួយកាលពីសប្តាហ៍មុនបាននិយាយថា “វៀតណាមបានធ្វើពលិកម្មទាំងឈាម ទាំងប្រាក់របស់យើង ដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍។ ឥឡូវនេះ លោក ហ៊ុន សែន បែរខ្នងដាក់វៀតណាម”។

លោកនាយករដ្ឋមន្ត្រីបានចេញការស្តីបន្ទោសជាច្រើនលើក ដោយបាននិយាយថា ប្រទេសកម្ពុជាជាភាគីអព្យាក្រឹតក្នុងជម្លោះសមុទ្រនេះ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាមគួរតែគោរពឯករាជភាពប្រទេសរបស់លោក៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស