នគរបាលបាននិយាយថា កាលពីម្សិលមិញថា បុរសគ្មានការងារធ្វើម្នាក់ក្នុងខេត្តបាត់ដំបងសារភាពថាពិតជាបានសម្លាប់ឪពុកវ័យចំណាស់របស់ខ្លួននៅនឹងផ្ទះរបស់ខ្លួនក្នុងខេត្តនេះមែន បន្ទាប់ពីឪពុករបស់ខ្លួនមិនព្រមឱ្យលុយខ្លួនចំនួន១.០០០រៀលដើម្បីទិញស្រាផឹក។
យោងតាមលោក ថោង ធិន អធិការនគរបាលស្រុកបានឱ្យដឹងថា សឿត សិុន អាយុ៣៤ឆ្នាំបានវាយឪពុករបស់ខ្លួនឈ្មោះ ដេង សឿត អាយុ៧៤ឆ្នាំបីញញួរចំក្បាលនៅខាងក្រៅផ្ទះស្ថិតក្នុងស្រុកបាណន់នៅម៉ោងប្រហែល៤ និង១០នាទីល្ងាចថ្ងៃអង្គារ ហើយត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃដដែលនោះ។
លោក ថោង ធិន បានមានប្រសាសន៍ថា នគរបាលបានដឹងពីបទឧក្រិដ្ឋនេះបន្ទាប់ពីកសិករម្នាក់បានឮសំឡេងស្រែកចេញពីផ្ទះរបស់គ្រួសារនេះនៅក្នុងឃុំឈើទាល។
លោកបានថ្លែងថា កសិកររូបនេះបានព្យាយាមប្រមូលអ្នកជិតខាងមកអន្តរាគមន៍ដែរ ប៉ុន្តែយឺតពេលទៅហើយ។
លោកបានបន្តថា នៅពេលត្រូវបានសាកសួរនៅអធិការដ្ឋនានគរបាលស្រុកកាលពីម្សិលមិញ សឿត សិុន បានសារភាពចំពោះបទឧក្រិដ្ឋនោះ ដោយនិយាយថា ខ្លួនមិនអាចទប់កំហឹងបាននៅពេលឪពុករបស់ខ្លួនសួរដេញដោលអំពីលុយ១.០០០រៀលនោះ ហើយបានសួរពីទម្លាប់ផឹកស៊ីរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “វាស្ទើរមិនគួរឱ្យជឿដែលថា កូនយកញញួរទៅសម្លាប់ឪពុករបស់ខ្លួនដូចនេះនោះ។ កូនគួរស្រឡាញ់ ឪពុក និងមើលថែគាត់”៕សារុន