ក្រុងតាខ្មៅ, ខេត្តកណ្ដាល-ការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល៣ខែបានចាប់ផ្ដើមកាលពីម្សិលមិញ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចុះឈ្មោះនៅសាលាសង្កាត់ក្នុងមូលដ្ឋានរបស់លោកថា លោកសង្ឃឹមថា ការចុះឈ្មោះបោះឆ្នោតថ្មីនេះនឹងបញ្ចប់ការតវ៉ាក្រោយការបោះឆ្នោត។
បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានបដិសេធមិនព្រមទទួលយកអាសនៈសភារបស់ខ្លួនអស់រយៈពេលជិត១ឆ្នាំ ដោយអះអាងថា មាន”ភាពមិនប្រក្រតី” គ្រប់កន្លែងដែលគាំទ្រប្រយោជន៍គណបក្សប្រជាជនកម្ពុជា ដោយសារមន្ត្រីរបស់គណបក្សនេះគ្របដណ្តប់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។

គណបក្សប្រឆាំងបានយល់ព្រមទទួលស្គាល់ថា ចាញ់ឆ្នោត បន្ទាប់ពីគណបក្សកំពុងកាន់អំណាចរបស់លោក ហ៊ុន សែន បានសន្យាធ្វើកំណែទម្រង់ការបោះឆ្នោត ក្នុងនោះរួមមានទាំងការអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិមានតំណាងស្មើគ្នានៅក្នុង គ.ជ.ប.ថ្មី ដែលមានភារកិច្ចចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ១០លាននាក់ ដោយប្រើប្រព័ន្ធឌីជីថលថ្មីជាដើម។
បន្ទាប់ពីចុះឈ្មោះបោះឆ្នោត ដែលអំឡុងពេលនោះ គេបានស្គែនម្រាមដៃ ថតរូប និងកត់ត្រាព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោកនិងភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី ដោយប្រើរយៈពេលអស់២០នាទី លោក ហ៊ុន សែន បានលើកឡើងថា លោកសង្ឃឹមថា ការចុះឈ្មោះតាមប្រព័ន្ធឌីជីថលថ្មីនេះ នឹងបញ្ចប់ការអះអាងដដែលៗដែលថា មានការបន្លំសន្លឹកឆ្នោត ក្រោយការបោះឆ្នោត។
លោក ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានថា “វាល្មមដល់ពេលបញ្ឈប់ហើយ។ ខ្ញុំសង្ឃឹមថា គេមិនតវ៉ាបែបនេះទេ ប៉ុន្តែសូម្បីតែចាញ់ហ្វេសប៊ុកក៏តវ៉ាដែរ”។
លោកនាយករដ្ឋមន្ត្រីត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់លុយដើម្បីទទួលបានការចុច Like ចំនួន៥លាន នៅលើហ្វេសប៊ុកតាមរយៈការទិញការគាំទ្រពី “កន្លែងបង្កើតចុច Like ក្លែងក្លាយ(click farms)” ដោយអ្នកគាំទ្ររាប់លាននាក់របស់លោកដែលរស់នៅក្នុងប្រទេសផ្សេងៗដូចជាប្រទេសឥណ្ឌា និងប្រទេសហ្វីលីពីនជាដើមនោះត្រូវបានគេដឹងថា មានក្រុមហ៊ុនដែលផ្ដល់សេវាបែបនេះ។
ប៉ុន្តែលោក ហ៊ុន សែន បានលើកឡើងថា ទោះបីជាគណបក្សសង្គ្រោះជាតិធ្វើពហិការមិនទទួលយកអាសនៈសភារបស់ខ្លួននៅពេលក្រោយក៏ដោយ ក៏វាគ្មានបញ្ហាអ្វីដែរ ដោយលោកគូសបញ្ជាក់ថា អាសនៈរបស់ពួកគេនឹងបែងចែកទៅឱ្យគណបក្សផ្សេង បើយោងតាមច្បាប់បោះឆ្នោតថ្មីដែលគណបក្សនេះបានយល់ព្រមទទួលយក។
លោកបានមានប្រសាសន៍ថា “ប៉ុន្តែរករឿងយ៉ាងណាក៏ដោយ សូមបញ្ជាក់ថា បើមិនចូលសភាទេ បើមិនចូលស្បថទេ គឺនឹងបាត់បង់កៅអីទាំងអស់។ ច្បាប់ថ្មីគឺមិនអនុញ្ញាតឱ្យអ្នកឯងធ្វើពហិការទេ”។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ត្រូវបានធ្វើឱ្យមានភាពចម្រូងចម្រាសដោយការមានឈ្មោះជាន់គ្នារាប់សែន និងឈ្មោះជាច្រើនទៀតបានបាត់ ដោយសារតែ គ.ជ.ប.ចាស់ពឹងផ្អែកលើទម្រង់ចុះឈ្មោះលើក្រដាស និងការត្រួតពិនិត្យម្ដងហើយម្ដងទៀតដ៏ស្មុគ្រស្មាញដើម្បីពិនិត្យថាតើប្រជាពលរដ្ឋចុះឈ្មោះបានត្រឹមត្រូវហើយឬនៅ។
ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធឌីជីថលថ្មីត្រូវបានបង្កើតឡើងដើម្បីកុំឱ្យបញ្ហាទាំងពីរនេះកើតឡើងទៀត ប៉ុន្តែពលរដ្ឋគ្រប់រូបត្រូវទៅចុះឈ្មោះឡើងវិញក្នុងរយៈពេល៣ខែ ប្រសិនបើពួកគាត់ចង់បោះឆ្នោតនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០១៧។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលនិរទេសខ្លួនឯងទៅរស់នៅក្នុងប្រទេសបារាំងដើម្បីគេចពីការផ្ដន្ទាទោសពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ដែលជាបទល្មើសព្រហ្មទណ្ឌនោះ បានលើកឡើងតាមរយៈអុីម៉េលថា ការចុះឈ្មោះដ៏ស្អាតស្អំនេះនៅតែមិនធានាថា ការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តទៅប្រកបដោយភាពត្រឹមត្រូវនោះឡើយ។
ដោយលើកយកការរារាំងមិនឱ្យលោកបានចូលរួមនៅក្នុងយុទ្ធនាការឃោសនាមកធ្វើជាឧទាហរណ៍នោះ លោក សម រង្ស៊ី បានមានប្រសាសន៍ថា”យើងនៅតែត្រូវមានការប្រុងប្រយ័ត្នខ្លាំងជាប់ជានិច្ច ព្រោះមានអ្នកបោកប្រាស់អាជីពនៅជុំវិញខ្លួន”។
លោកបានបន្ថែមថា “ការកម្ចាត់ខ្ញុំមិនឱ្យមានឱកាសចូលរួមនៅក្នុងដំណើរការបោះឆ្នោតក្នុងនាមជាមេដឹកនាំគណបក្សប្រឆាំង ដែលនេះជាហេតុផលនយោបាយច្បាស់ក្រឡែតនោះ នឹងធ្វើឱ្យខូចភាពស្របច្បាប់នៃការបោះឆ្នោតនាពេលខាងមុខ ដែលគ្មានអ្វីក្រៅតែពីលក្ខខណ្ឌនៃការប្រកួតប្រជែងនោះឡើយ”។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ក៏មានកង្វល់បែបនេះដែរ ដោយលោកលើកឡើងថា លោក សម រង្ស៊ី និងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមិនទទួលបានសេរីភាពធ្វើយុទ្ធនាការដូចអ្វីដែល លោក ហ៊ុន សែន ទទួលបានក្នុងពេលបច្ចុប្បន្ននោះឡើយ។
លោក កឹម សុខា បានទៅសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិអស់រយៈពេល៣ខែមកហើយ ដើម្បីគេចពីការចាប់ខ្លួន ហើយកាលពីថ្ងៃពុធ យោធាបានបញ្ជូនឧទ្ធម្ភាគចក្រទៅហោះក្រឡឹងពីលើអគារទីស្នាក់ការនេះ រីឯកងទ័ពប្រដាប់អាវុធវិញបានបើកឆ្លងកាត់ពីមុខ ដោយបង្ហាញឱ្យឃើញយ៉ាងច្បាស់ក្រឡែតពីការសម្ញែងកងកម្លាំង។
លោក គល់ បញ្ញា បានបន្ថែមថា “សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ខ្ញុំព្រួយបារម្ភអំពីលក្ខខណ្ឌនៃការប្រកួតប្រជែង និងសន្តិសុខ។ បញ្ជីឈ្មោះបោះឆ្នោតសំខាន់ណាស់ ប៉ុន្តែការប្រកួតប្រជែងដោយភាពត្រឹមត្រូវក្នុងចំណោមគណបក្សនយោបាយសំខាន់ៗ និងបេក្ខភាពនីមួយៗក៏សំខាន់ដែរ។ ប្រសិនបើគណបក្សប្រឆាំងមិនអាចចូលរួមនៅក្នុងដំណើរការបោះឆ្នោតបានដោយសេរីនោះទេ វាប៉ះពាល់ដល់ការបោះឆ្នោត”៕ស៊ុយឈាង