40.6 C
Phnom Penh

ម្ចាស់បារសៀមរាប​​​​សារភាព​​​​ចំពោះ​​​​បទចោទ​​​​រំលោភ​​​​កុមារ​​​​នៅ​​​​អូស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកសារតុលាការបង្ហាញថា ម្ចាស់បារនៅខេត្តសៀមរាបដែលគេចាត់ទុកថាជា “មនុស្ស អាចជាប់ពាក់ព័ន្ធ” ក្នុងការបាត់ខ្លួនបងប្អូនបីនាក់នៅប្រទេសអូស្ត្រាលីខាងត្បូង បានសារភាពក្នុងករណីមួយដោយឡែកចំពោះការរំលោភ១០ករណី ពាក់ព័ន្ធនឹងក្មេងមួយចំនួន។

cam-photo-pedo-suppliedយោងតាមលោក កែវ ពិសិដ្ឋ អ្នកគ្រប់គ្រងបណ្តោះអាសន្ននៅបារនេះឲ្យដឹងថា លោក អានថូនី ម៉ុនរ៉ូ (Anthony Munro) អាយុ៧១ឆ្នាំ ម្ចាស់បារក្នុងក្រុងសៀមរាប បានត្រឡប់ទៅប្រទេសកំណើតរបស់លោកវិញកាលពីខែមិថុនា បន្ទាប់ពីត្រូវបានទាក់ទងដោយស្ថានទូតអូស្ត្រាលីពាក់ព័ន្ធបទចោទជាច្រើន។

លោក ពិសិដ្ឋ បាននិយាយកាលពីខែមុនថា “គាត់បានដឹងថា គាត់ធ្វើខុស”។

លោកបាននិយាយថា “គាត់បានទៅពីព្រោះ…ស្ថានទូតរបស់គាត់បានទាក់ទងគាត់” ហើយថា លោក ម៉ុនរ៉ូ បានរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់៦ឆ្នាំហើយ។

ឯកសារពីតុលាការក្រុងអាដឺឡែតបង្ហាញថា អំឡុងសវនាការកាលពីថ្ងៃទី៤ខែសីហា ដែលស្នើឡើងដោយលោក ម៉ុនរ៉ូ លោកបានសារភាពថា បានរំលោភបំពានផ្លូវភេទជនរងគ្រោះជាច្រើននាក់នៅកោះកង់ហ្គារូ រ៉ាភីដបេ និងជាយក្រុងគ្លេណិល របស់ប្រទេសអូស្ត្រាលីភាគខាងត្បូង ចន្លោះឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៨៣។

លក្ខខណ្ឌសុំនៅក្រៅឃុំរបស់លោក ម៉ុនរ៉ូ ត្រូវបានកែប្រែនៅថ្ងៃដដែលនោះដើម្បីអនុញ្ញាតឲ្យគាត់ធ្វើដំណើរទៅកោះរដ្ឋតាស្មានា នៅចន្លោះថ្ងៃទី២១ខែសីហា និងទី២៦ខែកញ្ញា សម្រាប់គោលបំណងដែលគេមិនបញ្ជាក់ឲ្យដឹង។ សវនាការបន្ទាប់របស់លោកគ្រោងធ្វើនៅថ្ងៃទី១១ខែតុលា។

យោងតាមព័ត៌មានអូស្ត្រាលី លោក ម៉ុនរ៉ូ ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់នគរបាលអូស្ត្រាលីភាគខាងត្បូង ដែលស៊ើបអង្កេតការចាប់ពង្រត់នៅឆ្នាំ១៩៦៦ដែរ គឺ ហ្គ្រែន អានណា និង ជេន អាយុពី៤ឆ្នាំដល់៩ឆ្នាំ ពីឆ្នេរសមុទ្រមួយកន្លែងនៅក្រុងអាដឺឡែត។ ការសង្ស័យជាប់ពាក់ព័ន្ធរបស់លោកក្នុងករណីនេះគឺមិនច្បាស់លាស់។

ឯកសារតុលាការបង្ហាញថា នៅឆ្នាំ១៩៩២ លោក ម៉ុនរ៉ូ ត្រូវបានផ្តន្ទាទោសទាក់ទិនករណីយាយីផ្លូវភេទក្នុងឆ្នាំ១៩៩០ និងត្រូវកាត់ទោសដាក់ពន្ធនាគារ៧ខែ។ អាយុជនរងគ្រោះមិនត្រូវបានបញ្ចេញឲ្យដឹងទេ។

នគរបាលអូស្ត្រាលីខាងត្បូងបានបដិសេធមិនផ្តល់សេចក្តីពិស្តារអំពីករណីនោះទេ ប៉ុន្តែបានលើកឡើងថា ជនរងគ្រោះជាអនីតិជន។ ពួកគេបាននិយាយតាមអីុម៉េលថា “នេះមិនមែនជាព័ត៌មានដែលនគរបាលអាចផ្តល់ឲ្យទេ ដោយសារ គោលការណ៍សិទ្ធិនៃជីវភាពឯកជនតឹងរ៉ឹងនៅអូស្ត្រាលីខាងត្បូង និងច្បាប់ពាក់ព័ន្ធជនល្មើសផ្លូវភេទកុមារ “។

យោតាមលោក សំលៀង សិលា ប្រធានប្រចាំប្រទេសរបស់អង្គការនេះ ដែលនិយាយថា លោក ម៉ុនរ៉ូ ក៏បានផ្តល់មូលនិធិនិងបានធ្វើការស្ម័គ្រចិត្តនៅមណ្ឌលកុមារកំព្រាជាច្រើនកន្លែងក្នុងខេត្តនេះដែរនោះឲ្យដឹងថា នៅខេត្តសៀមរាប លោក ម៉ុនរ៉ូ ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់នគរបាលនិងអង្គការសកម្មភាពដើម្បីកុមារ (APLE) ពីបទសង្ស័យរំលោភក្មេងប្រុសយ៉ាងតិចពីរនាក់កាលពីឆ្នាំមុន។

លោក សិលា បាននិយាយកាលពីម្សិលមិញថា ចាប់តាំងពីការត្រឡប់របស់លោកទៅប្រទេសអូស្ត្រាលីវិញ ការស៊ើបអង្កេតមានដំណើរការយឺត។

លោកបាននិយាយថា នគរបាលកំពុងធ្វើការលើករណីនេះនៅឡើយ ហើយ “ក៏កំពុងតាមដានកន្លែងនានាដែលយើងសង្ស័យ” ថាគាត់បានរំលោភក្មេងៗដែរ។

លោកស្រី ដួង ថាវរី នាយការិយាល័យនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ត មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ពីមុន លោកស្រីបានអះអាងថា លោកស្រីមិនដឹងអំពីការស៊ើបអង្កេតនេះទេ។

យោងតាមលោក ពិសិដ្ឋ អ្នកគ្រប់គ្រងបារខ្ទើយនេះបាននិយាយថា ការគាំទ្ររបស់លោក ម៉ុនរ៉ូ ចំពោះអង្គការក្រៅរដ្ឋាភិបាលផ្សេងៗក្នុងប្រទេសកម្ពុជា ជាការប្រឹងប្រែងមួយដើម្បីឲ្យមនសិការរបស់លោកជ្រះស្រឡះ បន្ទាប់ពីការកើតមានបទល្មើស ដែលលោកបានប្រព្រឹត្តនៅប្រទេសអូស្ត្រាលី។

លោកនិយាយថា “គាត់បានប្រាប់ខ្ញុំពីរបីលើក…ថា គាត់មិនចង់មានអារម្មណ៍ស្តាយក្រោយម្តងហើយម្តងទៀត។ អ៊ីចឹងហើយ គាត់បានព្យាយាមជម្រះខ្លួនឯង ដើម្បីឲ្យខ្លួនគាត់ល្អប្រសើរ”។ លោកបន្ថែមថា “គាត់បានធ្វើខុស៣០ឆ្នាំ៤០ឆ្នាំកន្លងមកហើយ”៕និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស