28 C
Phnom Penh

ក្រុមហ៊ុនឥណ្ឌា​​​​នឹង​ទទួល​​​​បាន​​​​អាជ្ញាប័ណ្ណ​​​​ជីក​រ៉ែ​​​​ក្រោម​​​ដីដំបូង​​​​គេបង្អស់​​​​នៅក្នុង​​​​ប្រទេស​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងរ៉ែ និងថាមពល គ្រោងនឹងចេញអាជ្ញាប័ណ្ណជីករ៉ែក្រោមដីទ្រង់ទ្រាយពាណិជ្ជកម្មដំបូងគេបង្អស់នៅក្នុងប្រទេសឱ្យទៅក្រុមហ៊ុន មេ៉ស្កូ ហ្គូល (Mesco Gold) របស់ឥណ្ឌា ក្នុងរយៈពេល២សប្ដាហ៍ទៀត ទោះបីជាមានការប្រឆាំងជំទាស់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួនពីរ ដែលមានការព្រួយបារម្ភអំពីសំណង និងការខូចខាតដល់បរិស្ថានយ៉ាងណាក្ដី។

លោក ហាស់ សាម៉ា (Harsh Sharma) នាយកផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Mesco Gold ដែលជាបុត្រសម្ព័ន្ធនៅកម្ពុជារបស់ក្រុមហ៊ុន ម៉េស្កូ ស្ទីល (Mesco Steel) បានមានប្រសាសន៍ថា ក្រុមហ៊ុននេះគ្រោងបើកការដ្ឋានលើដីសម្បទានរបស់ខ្លួនក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីរយៈពេលប្រហែល៦សប្ដាហ៍ទៀត។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងនេះកាលពីប្រហែល២សប្ដាហ៍មុន បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃផលប៉ះពាល់បរិស្ថានអស់រយៈពេលយ៉ាងយូរ ដែលមន្ត្រីមួយរូបនៅក្រុមហ៊ុន អង្គរ ហ្គូល (Angkor Gold) ជាក្រុមហ៊ុនរបស់កាណាដា ដែលពីមុនជាម្ចាស់ដីសម្បទាននិយាយថា ត្រូវបានធ្វើឡើងស្របតាម “ស្ដង់ដារបស់បស្ចិមប្រទេស”។

ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅក្បែរអណ្ដូងរ៉ែតាមការគ្រោងទុកនេះ គ្មានការជឿជាក់ឡើយ។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិប្លង ស្រុកអូរយ៉ាដាវ មានគម្រោងបិទផ្លូវចូលទៅការដ្ឋានអណ្ដូងរ៉ែនោះ ប្រសិនបើក្រុមហ៊ុន Mesco Gold ព្យាយាមចាប់ផ្ដើមជីករ៉ែ នេះបើយោងតាមលោក រម៉ាម ម៉ូច ដែល ជាប្រធានភូមិប្លង បានលើកឡើងកាលពីម្សិលមិញ។

គាត់និយាយថា “ពួកគាត់ដាច់ខាតមិនយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុនចូលទេ ពួកគាត់ប្រឈមការបាត់បង់ដី និងមិនទទួលបានអ្វីទាំងអស់”។

ការចរចារបស់ក្រុមហ៊ុន Mesco Gold ជាមួយភូមិជនជាតិដើមភាគតិចចារ៉ាយចំនួនបីមានរយៈពេលជាង២ឆ្នាំមកហើយ ដោយចាប់ផ្ដើមមិនយូរប៉ុន្មានបន្ទាប់ពីខ្លួនព្រមព្រៀងបង់ប្រាក់ចំនួន១,៩លានដុល្លារឱ្យទៅក្រុមហ៊ុន Angkor Gold និងប្រាក់កម្រៃផលិតកម្មប្រចាំឆ្នាំសម្រាប់អាជ្ញាប័ណ្ណរបស់ខ្លួនលើផ្ទៃដីទួលពណ៌ក្រហម១២គីឡូម៉ែត្រក្រឡានៅក្នុងខេត្តនេះ។ ការចរចាទាំងនេះបានធ្វើឡើងដោយសារតែមានការព្រួយបារម្ភអំពីផលប៉ះពាល់សុខភាពដែលអាចបង្កឡើងដោយសារអណ្ដូងរ៉ែ និងការសន្យារបស់ក្រុមហ៊ុនថានឹងការពារបរិស្ថាន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នៅក្នុងបទសម្ភាសន៍មួយកាលពីដើមឆ្នាំនេះ លោក ហាស់ សាម៉ា បានលើកឡើងថា ក្រុមហ៊ុន Mesco Gold នឹងលៃទុកថវិកាប្រមាណ១០លានដុល្លារសម្រាប់ធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានសម្រាប់រយៈពេល៣០ឆ្នាំ  ដែលក្រុមហ៊ុនមានគម្រោងធ្វើប្រតិបត្តិការ។

លោក រម៉ាម ម៉ូច និយាយថា “គេនិយាយថា ពួកគេនឹងសង់បង្គន់ ហើយធ្វើឱ្យផ្លូវយើង។ប្រជាពលរដ្ឋមិនយល់ស្របទេ។  ពួកគាត់បារម្ភថា បើក្រុមហ៊ុនជីករ៉ែក្រោមដី ដីនឹងបាក់ស្រុត ហើយនឹងមានជាតិគីមីនៅក្នុងទឹកដែលពួកគាត់ផឹក”។

ក្នុងចំណោមប្រជាពលរដ្ឋ១០៤គ្រួសាររស់នៅក្នុងភូមិប្លង ដែលជាកសិករធ្វើស្រូវចម្ការ និងដាំស្វាយចន្ទី គ្មានគ្រួសារណាមួយយល់ព្រមធ្វើការឱ្យអណ្ដូងរ៉ែនេះឡើយ ទោះបីជាតំណាងក្រុមហ៊ុនបានព្យាយាមជ្រើសរើសពួកគាត់ឱ្យចូលធ្វើការក្ដី។ លោក រម៉ាម ម៉ូច និយាយថា ពួកគាត់បដិសេធ មិនថាក្រុមហ៊ុន Mesco Gold ឱ្យប្រាក់ប៉ុន្មានទៅពួកគាត់ក៏ដោយ។

លោក សុវណ្ណ ប៊ុនថៃ ដែលជាមន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តរតនគិរីបានមានប្រសាសន៍ថា គ្រួសារនៅក្នុងភូមិប្លង និងភូមិគង់ធំ ដែលនៅក្បែរគ្នា ត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិភឿក ជាភូមិតែមួយគត់ដែលបានចរចាជាមួយក្រុមហ៊ុន Mesco Gold ប្រាប់ថា “ក្រុមហ៊ុន Angkor Gold មិនបានធ្វើតាមការសន្យារបស់ខ្លួនទេ”។

លោក ហាស់ សាម៉ា បានគូសបញ្ជាក់ថា ក្រុមហ៊ុន Mesco Gold មិនទាន់បានជួបជាមួយតំណាងភូមិប្លង ឬភូមិគង់ធំ នៅឡើយទេ ដោយសារតែខ្លួនចាប់ផ្ដើមការងារនៅកន្លែងផ្សេងជាមុនសិន។ ”យើងមិនទាន់ចូលដល់តំបន់របស់ពួកគាត់ទេ។ យើងនឹងមិនចូលទៅតំបន់របស់ពួកគាត់ទេ រហូតទាល់តែដល់ដំណាក់កាលទី២នៃការជីករ៉ែ គឺរយៈពេល១០ឆ្នាំចាប់ពីពេលនេះទៅ”។

ទន្ទឹមនឹងនេះប្រជាពលរដ្ឋរស់នៅក្នុងភូមិភឿក ព្រួយបារម្ភចំពោះអនាគតរបស់ខ្លួន នេះបើយោងតាមការលើកឡើងរបស់លោក សេវ ជ្វីល ដែលជាប្រធានសហគមន៍។ គាត់និយាយថា ក្រុមហ៊ុន Mesco Gold បានសន្យាស្ថាបនាផ្លូវថ្នល់ ធ្វើអណ្ដូងទឹក និងអាងស្តុកទឹកសម្រាប់ភូមិនេះ។ ”ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់ឃើញពួកគេធ្វើទេ”។

គាត់បានបន្តថា ដំបូងឡើយភូមិនេះបានយល់ព្រមលក់ដីទំហំ៣៨ហិកតាឱ្យទៅក្រុមហ៊ុន Mesco Gold ដែលចង់បានវាសម្រាប់ប្រតិបត្តិការរុករកសើលើរបស់ខ្លួន ប៉ុន្តែប្រតិបត្តិការនេះគ្មានការព្រមព្រៀងគ្នាទាំងស្រុងឡើយ។ “ប្រជាពលរដ្ឋខ្លះទទួលបានលុយពីក្រុមហ៊ុន ខ្លះអត់ទទួលបានទេ។ ប្រជាពលរដ្ឋខ្លះមានការសោកស្ដាយ ពីព្រោះក្រុមហ៊ុននិយាយថា ទោះបីជាពួកគាត់មិនយល់ព្រមទទួលយកសំណង ក៏ពួកគេនឹងនៅតែយកដីនោះដដែល”។

តំណាងក្រុមហ៊ុន Mesco Gold និងក្រុមហ៊ុន Angkor Gold និយាយថា ខ្លួនមានតម្លាភាពនៅក្នុងការចរចាជាមួយភូមិភឿក។ លោក ហាស់ សាម៉ា បានបញ្ជាក់ថា សំណងដែលក្រុមហ៊ុន Mesco Gold ផ្ដល់ឱ្យគឺ១.៥០០ដុល្លារក្នុងមួយហិកតាតាមការស្នើសុំរបស់អ្នកភូមិ។

គាត់បានបន្តថា ”យើងបានចរចាដោយបើកចំហជាមួយពួកគាត់។ យើងមិនលាក់លៀមអ្វីទេ យើងនឹងមិនយកដីរបស់ពួកគាត់ទាំងអស់ទេ។ ដីផ្សេងទៀតនៅតែជារបស់គាត់ ពួកគាត់អាចធ្វើចម្ការបាន”។

លោក ម៉ៃ វីកស៍ (Mike Weeks) នាយកប្រតិបត្តិក្រុមហ៊ុន Angkor Gold បានមានប្រសាសន៍ថា គម្រោងដែលក្រុមហ៊ុនរបស់លោកទទួលបានមានផលប៉ះពាល់តិចតួចណាស់ទៅលើសហគមន៍។ “នេះមិនមែនជាប្រតិបត្តិការធំទេ ហើយវាជាការជីករ៉ែក្រោមដី ដូច្នេះវាមានទំហំតូចណាស់”។

លោកបានបន្តថា របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថានដែលមានកម្រាស់ប្រមាណ៨០០ទំព័រ មានភាពល្អិតល្អន់ និងពេញលេញស្របតាម ”ស្ដង់ដារបស់បស្ចិមប្រទេសដូចដែលបានធ្វើនៅកាណាដា”។

លោកបានលើកឡើងបន្ថែមទៀតថា ខណៈអណ្ដូងរ៉ែរបស់ក្រុមហ៊ុន Mesco Gold នឹងក្លាយជាអណ្ដូងរ៉ែក្រោមដីស្របច្បាប់ដំបូងគេបង្អស់នៅកម្ពុជា គម្រោងអណ្ដូងរ៉ែមួយចំនួនកំពុងតែដំណើរការ រួមទាំងគម្រោងមួយរបស់ក្រុមហ៊ុនជីអូប៉ាស៊ីហ្វិក រីហ្សស (Geopacific Resources) ជាក្រុមហ៊ុនអូស្ត្រាលីចាប់ដៃគូជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនរួមដ៏ធំនៅក្នុងស្រុករបស់លោក គិត ម៉េង ដែលជាពាណិជ្ជករដ៏មានឥទ្ធិពល។

ក្រុមហ៊ុន Angkor Gold ក៏មានដីរុករកចំនួនប្រាំមួយកន្លែងផ្សេងទៀតដែរ ដោយពីរកន្លែងក្នុងចំណោមនោះកំពុងវិវឌ្ឍទៅជាគម្រោងជីករ៉ែ។ ប្រាំកន្លែងស្ថិតនៅក្នុងខេត្តរតនគិរី ហើយមួយកន្លែងទៀតស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលប៉ះចំព្រៃការពារមណ្ឌលគិរី និងផ្លូវរបៀងធ្វើបម្លាស់ទីរបស់ដំរីអាស៊ីដែលនៅសេសសល់ចុងក្រោយប៉ុន្មានក្បាលរបស់កម្ពុជា។

លោក ម៉ៃ វីកស៍ មានប្រសាសន៍ថា “នៅពេលយើងទទួលបានអាជ្ញាប័ណ្ណ គេមិនដែលប្រាប់យើងថាវាជាតំបន់ការពារទេ”។ លោកអះអាងថា ក្រុមហ៊ុន Angkor Gold គ្មានបំណងជីករ៉ែនៅក្នុងតំបន់ការពារទេ ប៉ុន្តែគ្រាន់តែរក្សាទុកសម្បទានរបស់ខ្លួនដើម្បីកុំឱ្យក្រុមហ៊ុនផ្សេងៗទៀតដែលមានស្តង់ដារបរិស្ថានធូររលង់ចូលទៅទីនោះប៉ុណ្ណោះ។

ទោះជាយ៉ាងណា ទើបតែខែមុន ក្រុមហ៊ុននេះបានប្រកាសតាមរយៈសេចក្ដីប្រកាសព័ត៌មានមួយថា ខ្លួនបានរកឃើញ “លោហៈដ៏មានតម្លៃដែលគេមិនធ្លាប់បានដឹងពីមុន” នៅខេត្តមណ្ឌលគិរី ដោយចាត់ទុកថា “វាជាសម្បត្តិមួយទៀតដែលអាចបន្ថែមតម្លៃដល់ម្ចាស់ភាគហ៊ុនរបស់យើង”៕ សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស