យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា បុរសពីរនាក់ដែលសង្ស័យថា បានបាញ់សម្លាប់ដើម្បីប្លន់និស្សិតពេទ្យឆ្នាំទី៦ម្នាក់ ពេលកំពុងឌុបមិត្តស្រីទៅផ្ទះ បន្ទាប់ពីចេញពីច្រៀងខារ៉ាអូខេនៅក្នុងរាជធានីភ្នំពេញពេលរំលងអាធ្រាត្រឈានចូលព្រឹកម្សិលមិញនោះត្រូវនគរបាលកំណត់អត្តសញ្ញាណបានហើយ ប៉ុន្តែកំពុងរត់គេចខ្លួននៅឡើយ។
លោក សារី ប៊ុនថេង ប្រធានផ្នែកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីបានលើកឡើងថា ជនរងគ្រោះឈ្មោះ ស្រី ផានិត អាយុ២៤ឆ្នាំ ដែលសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ IU កំពុងដឹកមិត្តស្រីទៅផ្ទះតាមបណ្តោយផ្លូវលេខ៥៩២នៅក្នុងខណ្ឌទួលគោកនៅម៉ោងប្រហែល១និង៣០នាទីរំលងអាធ្រាត្រ ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងតាមពីក្រោយហើយបានយកកំាភ្លើងភ្ជង់បង្ខំឲ្យពួកគេឈប់។
លោក ប៊ុនថេង បានលើកឡើងបន្តថា កញ្ញា ណុច បានប្រាប់នគរបាលកាលពីម្សិលមិញថា នាងហើយនឹងមិត្តប្រុសបានព្យាយាមបើកគេច ប៉ុន្តែបានជ្រុលទៅបុករ៉ឺម៉កកង់បីដែលចតចោលមួយគ្រឿង នៅពេលនោះស្រាប់តែបុរសម្នាក់បានយកកាំភ្លើងវាយក្បាល ផានិត ហើយបន្ទាប់មកបាញ់គាត់៤គ្រាប់ ពេលគាត់ព្យាយាមតតាំងមិនឲ្យពួកគេយកម៉ូតូម៉ាក Zoomer-Xរបស់ខ្លួន។ លោកបាននិយាយថា “គេបាញ់គាត់៤គ្រាប់ ហើយបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក”។
លោក អេង សោភា ដែលជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានលើកឡើងថា មន្ត្រីរបស់លោកកំណត់អត្តសញ្ញាណរបស់ជនសង្ស័យបានហើយ ហើយកំពុងតែតាមស្វែងរកពួកគេ៕ស៊ុយឈាង