សាលាឧទ្ធរណ៍កាលពីថ្ងៃសុក្របានច្រានចោលសំណើរបស់មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកជាប់ពន្ធនាគារដែលសុំឲ្យជំទាស់នឹងសំណុំរឿងពួកគេទាក់ទងនឹងរឿងអាស្រូវផ្លូវភេទដែលពាក់ព័ន្ធនឹងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។
មេធាវីការពារក្តីមន្ត្រីអាដហុកដែលកំពុងជាប់ពន្ធនាគារបួនខែពីបទចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅជឿថាជារឿងនយោបាយ បានដាក់សំណើដោយអះអាងថា ការឃាត់ខ្លួនពួកគេអំឡុងពេលសាកសួរដោយអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលហួសពេលកំណត់៧២ម៉ោងសម្រាប់ឃាត់ខ្លួនជនសង្ស័យដោយគ្មានបទចោទប្រកាន់នោះ។

លោក ទូច ផារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍បាននិយាយថា សំណើនោះត្រូវច្រានចោលកាលពីថ្ងៃសុក្រ ប៉ុន្តែបានបដិសេធមិនពន្យល់អំពីសេចក្តីសម្រេចទេ ដោយគ្រាន់តែនិយាយថា សភាស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចថា សកម្មភាពអង្គភាពប្រឆាំងអំពើពុករលួយបានអនុវត្តតាមនីតិវិធីច្បាប់។
លោក ឡោ ជុនធី មេធាវីការពារក្តីចុងចោទបាននិយាយថា គ្មានហេតុផលនៃការសម្រេចនេះត្រូវផ្តល់ឲ្យក្នុងសាលាឧទ្ធរណ៍ទេ។ លោកបាននិយាយថា អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ផ្តើមរាប់ចំនួនម៉ោងពីពេលដែលគេប្រកាសថា មន្ត្រីសិទ្ធិមនុស្សត្រូវបានឃាត់ខ្លួន គឺមិនមែនពីពេលដែលគេបានដើរចូលក្នុងអគារនៅថ្ងៃនោះទេ។
លោក ជុនធី បាននិយាយថា “អង្គភាពប្រឆាំងអំពើពុករលួយសាកសួរពួកគាត់ពីថ្ងៃទី២៧ ខែមេសាដល់ថ្ងៃទី៣០ខែមេសា នៅពេលដែលពួកគាត់ត្រូវបញ្ជូនទៅតុលាការ ដូច្នេះតើអង្គភាពប្រឆាំងអំពើពុករលួយសាកសួរពួកគាត់ប៉ុន្មានថ្ងៃ? ACU ប្រើពេលបួនថ្ងៃ។នេះលើសពេលកំណត់ហើយ”។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាននិយាយថា សេចក្តីសម្រេចរបស់តុលាការគួរតែគោរពតាម ហើយលោកជឿថា អង្គភាពរបស់លោកបានអនុវត្តតាមនីតិវិធីត្រឹមត្រូវ។
លោកបាននិយាយថា “បើយើងធ្វើខុស តុលាការនឹងសម្រេចថា ACU ខុសហើយ”។
មន្ត្រីសិទ្ធិមនុស្សបួនរូបត្រូវបានចោទប្រកាន់ក្នុងខែឧសភា ជាមួយលោក នី ចរិយា អតីតមន្ត្រីអាដហុកនិងជាមន្ត្រីរៀបចំការបោះឆ្នោតថាបានសូកប៉ាន់ស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់លោក សុខា ឲ្យនិយាយកុហកអំពីរឿងស្នេហា។ សមាគមអាដហុកបានអះអាងថា ខ្លួនបានឧបត្ថមលុយកាក់ពីរបីរយដុល្លារដល់នាង ក្នុងពេលដែលខ្លួនផ្តល់ឲ្យនាងនូវតំណាងផ្លូវច្បាប់ ហើយបដិសេធថា លុយកាក់នោះមិនមែនជាការសូកប៉ាន់ទេ។
លោក ងួន អិម ចៅក្រមជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕