ព័ត៌មានជាតិ

អង្គរក្សរបស់ឧត្តមសេនីយ៍​ផ្តល់​សក្ខីកម្មថា ​នគរបាល​គំរាម​គ្រួសារ​របស់ខ្លួន

By

September 03, 2016

អតីតអង្គរក្សម្នាក់របស់លោក ថោង សារ៉ាត់ ឧត្តមសេនីយ៍យោធាខូចឈ្មោះ បានផ្តល់សក្ខីកម្មកាលពីថ្ងៃសុក្រថា លោកបានប្រាប់នគរបាលនូវអ្វីដែលពួកគេចង់ដឹងឮ ពីព្រោះពួកគេបានគំរាមគ្រួសាររបស់លោកនៅអំឡុងពេលសើុបអង្កេតរឿងឃាតកម្មឆ្នាំ២០១៤លើឧកញ៉ា អឹុង ម៉េងជឺ។

លោក មាស សម្បត្តិ ដែលបានចូលតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ បាននិយាយថា លោកគ្មានជម្រើសអ្វីក្រៅតែប្រាប់ថា សៀង វាសនា អង្គរក្សដូចគ្នា ជាមនុស្សដែលគេឃើញក្នុងរូបកាមេរ៉ាសុវត្ថិភាព ថាបាញ់លោក អឹុង ម៉េងជឺ ៦គ្រាប់នៅក្រៅហាងលក់ផ្លែឈើមួយកន្លែងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ លោក សម្បត្តិ បាននិយាយថា “ក្នុងពេលសាកសួររបស់នគរបាល ខ្ញុំបានបដិសេធពីរដងថា មិនដឹងអំពីករណីនេះទេ ប៉ុន្តែ ពួកគេបានគំរាមខ្ញុំ និងប្រពន្ធ និងកូនរបស់ខ្ញុំ”។

លោកបាននិយាយថា ឥឡូវនេះលោកអាចឆ្លើយដោយពិតប្រាកដចំពោះមុខតុលាការ “ពីព្រោះខ្ញុំមិនខ្លាចដូចពេលមុននោះទេ”។

លោក សម្បត្តិ និង សន្តិសុខដូចគ្នា៤នាក់ទទួលរងការចោទប្រកាន់ថា បានធ្វើឃាតកម្មនៅឆ្នាំ ២០១៤តាមបញ្ជារបស់លោក សារ៉ាត់ អតីតឧត្តមសេនីយ៍ទោដែលគ្រួសាររបស់គាត់មានភាគហ៊ុនរកសីុដ៏ច្រើន។ លោក សារ៉ាត់ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីការតាមចាប់ខ្លួនរយៈពេលរាប់ខែ ហើយចោទប្រកាន់ពីបទរៀបចំឃាតកម្មនេះ ។

អំឡុងពេលសវនាការនៅព្រឹកថ្ងៃសុក្រ  ចៅក្រម ព្រះរាជអាជ្ញា និងមេធាវីការពារជនជាប់ចោទ បានពិភាក្សាអំពីភាពមិនសីុគ្នាខ្លះរវាងការផ្តល់សក្ខីកម្មរបស់លោក សម្បត្តិ និងការនិយាយពីដំបូងរបស់លោកប្រាប់នគរបាល។

ចៅក្រមជំនុំជម្រះលោក តុប ឈុនហេង បានប្រាប់លោក សម្បត្តិ ថា លោកត្រូវតែប្រយ័ត្នប្រយែងនឹងចម្លើយរបស់ខ្លួន។ លោកបាននិយាយថា “អ្នកអាចដោះសាសមហេតុផល ប៉ុន្តែ អ្នកមិនអាចចេះតែនិយាយអ្វីដែលអ្នកចង់និយាយនោះទេ”។

និយាយទៅកាន់អ្នកយកព័ត៌មាន លោក វាសនា ជនសង្ស័យបាញ់ប្រហារ និងជាអង្គរក្សរបស់លោក សារ៉ាត់ បានអះអាងពីភាពឥតកំហុស។ លោកបាននិយាយថា “ខ្ញុំមិនបានប្រព្រឹត្តបទល្មើសនេះទេ។ ដូច្នេះសូមមេត្តាមើលបុរសដែលស្ថិតក្នុងឃ្លីបវីដេអូនោះ។ បុរសនោះគឺមិនមែនជាខ្ញុំទេ”។

ទាក់ទងតាមទូរស័ព្ទនៅពេលបន្ទាប់មក លោក តី វិសាល អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានច្រានចោលការចោទប្រកាន់របស់លោក សម្បត្តិ។ លោកបាននិយាយថា “នគរបាលរបស់យើងមិនបានគំរាម ឬធ្វើទារុណកម្មគាត់ទេ។ នគរបាលរបស់យើងសួរដេញដោលគាត់ទៅតាមនីតិវិធី”។

ទាំងលោក វាសនា ទាំងអង្គរក្ស លី សៅ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន បន្ទាប់ពីនគរបាលបាននិយាយថា ពួកគេបានសារភាពថា បានជិះម៉ូតូជាមួយគ្នាទៅហាងលក់ផ្លែឈើ ដែលនៅទីនោះលោក វាសនា បានបាញ់លោក អឹុង ម៉េងជឺ ពេលដែលគាត់ចេញពីរថយន្ត លុចស៊ីស SUV របស់គាត់។

លី សៅ បានស្លាប់ដោយសារជំងឺរលាកខួរក្បាលកាលពីខែមិថុនា។ លោក សម្បត្តិ រួមជាមួយអង្គរក្ស កុយ ចាន់ថុល និង ឈុន ចិត្រា ត្រូវបានចោទប្រកាន់ថាជាអ្នករួមគំនិតតាមឃ្លាំមើលនៅកន្លែងកើតហេតុ។អង្គរក្សនៅរស់ទាំង៤នាក់នេះបានទទូចថា ពួកគេគ្មានទោសកំហុស និងបានដកពាក្យសារភាពរបស់ពួកគេចំពោះមុខនគរបាល។ សវនាការគ្រោងនឹងធ្វើបន្តនៅថ្ងៃសុក្រ៕និត