27 C
Phnom Penh

កសិករម្នាក់ស្លាប់​ដោយសារ​មីន​ប្រឆាំង​រថក្រោះ​នៅ​ខេត្ត​បាត់ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបាននិយាយកាលពីថ្ងៃសុក្រថា ម្ចាស់ចម្ការដំឡូងមីម្នាក់បានហូរឈាមរហូតដល់ស្លាប់ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបើកត្រាក់ទ័ររបស់គាត់ជាន់គ្រាប់មីនប្រឆាំងរថក្រោះ នៅពេលកំពុងភ្ជួរដី។

តាមលោក ឃុំ សយ អធិការនគរបាលស្រុក  លោក ចេន កំសាន្ត អាយុ៤១ឆ្នាំបានធ្វើការដាំដុះលើដីឡូតិ៍ដដែលនេះ ក្នុងស្រុករតនមណ្ឌលអស់រយៈពេល៧ឆ្នាំ ឬ៨ឆ្នាំមកហើយ ដោយគ្មានជួបប្រទះនឹងគ្រាប់មិនទាន់ផ្ទុះទេ។  លោក សយ បាននិយាយថា ពេលកំពុងភ្ជួរដីនៅម៉ោងប្រហែល១និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ គាត់បានបើកត្រាក់ទ័រម៉ាកហ្វត ពណ៌ខៀវ របស់គាត់ជាន់មីនតោនដែលកប់ក្នុងដី  បណ្តាលឲ្យផ្ទុះយ៉ាងខ្លាំង និងរបួសធ្ងន់លើជើងស្តាំរបស់គាត់។

លោកបាននិយាយថា “អ្នកជិតខាងបានព្យាយាមបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យប៉ុន្តែ ជនរងគ្រោះបានស្លាប់នៅតាមផ្លូវ”។

លោក ចេន កំសាន្ត បានរៀបការមានកូន៧នាក់។ ចំពោះគ្រាប់មីននោះវិញលោកអធិការស្រុក  សយ បាននិយាយថា វាទំនងជានៅសល់ពីការប្រយុទ្ធគ្នារវាងខ្មែរក្រហម និងកម្លាំងរដ្ឋាភិបាលនៅទសវត្សរ៍ឆ្នាំ១៩៨០។

លោកបាននិយាយថា “តំបន់នេះជាតំបន់ប្រយុទ្ធគ្នាខ្លាំង។ នៅមានយុទ្ធភណ្ឌមិនទាន់ផ្ទុះច្រើនទៀតកប់ក្នុងដីដែលយើងមិនដឹង”។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC  និយាយថា មនុស្សជាង៥០នាក់ បានស្លាប់ ឬរងរបួសដោយសារគ្រាប់ចាស់ៗក្នុងពេល៦ខែដើមឆ្នាំនេះ ធៀបទៅនឹងមនុស្ស១១១នាក់ក្នុងឆ្នាំ២០១៥ និង១៥៤នាក់ក្នុងឆ្នាំ២០១៤៕និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស