34 C
Phnom Penh

ក្រុមសហជីព​​​ព្រមព្រៀង​​​លើ​​​ប្រាក់ខែ​​​គោលថ្មី​​​សម្រាប់​​​កម្មករ​​​កាត់ដេរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានសហជីពចំនួន១៧រូបនឹងធ្វើការទាមទារ១៧៩,៦០ដុល្លារ នៅពេលពួកគេអង្គុយចរចាជុំចុងក្រោយនៅសប្ដាហ៍នេះដើម្បីកំណត់ប្រាក់ខែគោលក្នុងវិស័យកាត់ដេរដែលផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាង៦០០.០០០នាក់។

កម្មករវេនពេលយប់ចាកចេញពីរោងចក្រ Grand Twins International ក្នុងខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ក្នុងឆ្នាំ២០១៤។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ប្រាក់ខែគោលនាពេលបច្ចុប្បន្នគឺ១៤០ដុល្លារ។ តួលេខថ្មីនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ របស់សហជីពធំៗបំផុតមួយចំនួននៅក្នុងប្រទេស រួមជាមួយបណ្តាអង្គការតស៊ូមតិការពារសិទ្ធិការងារ។

លិខិតមួយចេញផ្សាយកាលពីថ្ងៃសុក្រ មានខ្លឹមសារដូច្នេះថា ”ក្រោយពីសហជីពយើងខ្ញុំបានពិភាក្សាយ៉ាងល្អិតល្អន់ និងហ្មត់ចត់ សហជីពរបស់យើងខ្ញុំបានឯកភាពយកតួលេខ១៧៩,៦០ដុល្លារសម្រាប់ដាក់ធ្វើការចរចាដោយផ្អែកលើកត្តាធំៗពីរ គឺកត្តាសង្គម និងកត្តាសេដ្ឋកិច្ច”។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ មានប្រសាសន៍ថា តួលេខនេះមិនខ្ពស់គ្រប់គ្រាន់សម្រាប់ជីវភាពរស់នៅសមរម្យទេ។ ទោះជាយ៉ាងណា លោកបានលើកឡើងថា សហជីពត្រូវពិចារណាអំពីស្ថានភាពបច្ចុប្បន្នជុំវិញវិស័យនេះ។

លោកបានគូសបញ្ជាក់ថា “ខ្ញុំគិតថា តួលេខនេះនៅមិនទាន់ខ្ពស់គ្រប់គ្រាន់ទេ ប៉ុន្តែយើងមិនអាចទាមទារខ្ពស់ជាងនេះបានទេ ដោយសារតែស្ថានភាពសេដ្ឋកិច្ច និងនយោបាយរបស់យើង ហើយការវិនិយោគមានកម្រិត” ហើយថា សហជីពរបស់លោកនឹងពិចារណាធ្វើការតវ៉ា ប្រសិនបើមិនធ្វើតាមការទាមទាររបស់ខ្លួន។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថា NACC បានមានប្រសាសន៍ថា NACC នឹងមិនធ្វើការតវ៉ាឡើយ ប្រសិនបើតួលេខនេះត្រូវបានច្រានចោល។ លោកលើកឡើងបន្តទៀតថា “បើសហជីពផ្សេងទៀតច្រានចោល [ចង់បានតួលេខទាបជាងនេះ] ហើយចង់ធ្វើសកម្មភាពអ្វីមួយ វាជាសិទ្ធិរបស់ពួកគាត់។ នៅក្នុងការចរចា យើងអាចនឹងទម្លាក់ការទាមទាររបស់យើង”។

ទាំងលោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ និងតំណាងសមាគមរោងចក្រកាន់ដេរនៅកម្ពុជា ហៅកាត់ថា GMAC មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។

អង្គការពលកម្មអន្តរជាតិបានលើកឡើងស្ទើរតែដូចគ្នានៅក្នុងព្រឹត្តិបត្រឧស្សាហកម្មមួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ដោយនិយាយថា ម្ចាស់រោងចក្ររងគំនាបដោយសារបណ្តាក្រុមហ៊ុនលក់សម្លៀកបំពាក់ទូទាំងពិភពលោកឲ្យតម្លៃនៅដដែល និងថ្លៃពលកម្មកើនឡើង។

លោក វីលៀម ខុនឃ្លីន (William Conklin) នាយកប្រចាំប្រទេសនៃអង្គការមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ដែលជាអង្គការសិទ្ធិការងារមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ប្រាក់ខែគោលគ្រាន់តែជាបញ្ហាមួយដែលអាចនឹងដោះស្រាយបាននៅក្នុងការចរចា។

លោកបានបន្តថា ប្រសិនបើការទាមទារប្រាក់ខែមិនសមដូចបំណងទេនោះ ”មានបញ្ហាផ្សេងៗទៀតដែលសហជីពទាំងសងខាងចាំបាច់ត្រូវក្រឡេកមើល ដូចជាការធ្វើដំណើរ ការស្នាក់នៅ និងផ្សេងៗទៀត”។

លោកបានមានប្រសាសន៍អំពីម្ចាស់រោងចក្រថា “ជាទូទៅ ពួកគេចំណាយតិចបំផុតលើការវិនិយោគ” ហើយថា រោងចក្រភាគច្រើនគ្មានអាហារដ្ឋាន ឬការដឹកជញ្ជូនប្រភេទណាមួយសម្រាប់កម្មករឡើយ។

ក្រុមតំណាងសហជីពបានលើកឡើងថា ពួកគេនឹងជួបប្រជុំជាមួយ GMAC និងមន្ត្រីរដ្ឋាភិបាលនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃសុក្រ ដើម្បីចាប់ផ្ដើមការតវ៉ា៕ សុខុម (រាយការណ៍បន្ថែមដោយ Hannah Hawkins)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស