38.8 C
Phnom Penh

ប្រធានរដ្ឋបាលព្រៃឈើស្រវឹងបើកបរបុកប្រជាការពារភូមិស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីរដ្ឋបាលព្រៃឈើជាន់ខ្ពស់ម្នាក់កំពុងជាប់ឃុំនៅខេត្តសៀមរាប ពីបទបើកបររថយន្តលុចស៊ីសរបស់ខ្លួនទាំងស្រវឹងជោកជាំកាលពីយប់ថ្ងៃអាទិត្យ ជ្រុលទៅបុកប្រជាការពារម្នាក់ស្លាប់ដោយអូសសពជនរងគ្រោះពីក្រោមរថយន្ត មុនពេលនគរបាលបើកប្រតិបត្តិការដេញតាម។

លោក ប៉ោះ ចន្ថា អធិការរងស្រុកប្រាសាទបាគង បានមានប្រសាសន៍ថា លោក យ៉ាន ស៊ីដេត អាយុ៤៨ឆ្នាំ ជាប្រធានរដ្ឋបាលព្រៃឈើស្វាយលើមានអាការៈ “ស្រវឹងជោកជាំ” នៅពេលគាត់បើកបុកជនរងគ្រោះឈ្មោះ ចាន់ រស្មី អាយុ៤១ឆ្នាំពីក្រោយតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសាស្ត្រស្រុកប្រាសាទបាគង វេលាម៉ោងប្រហែល១១យប់ថ្ងៃអាទិត្យ។

អធិការរងរូបនេះបានបន្តថា ប្រជាការពារដែលកំពុងជិះម៉ូតូល្បាតនៅចំណុចកើតហេតុ ត្រូវបានរថយន្តរបស់លោក យ៉ាន ស៊ីដេត បុកអូស ហើយបានស្លាប់នៅកន្លែងកើតហេតុ។

លោកថ្លែងថា ”ជនសង្ស័យស្រវឹងជោកជាំ ហើយបើកបរយ៉ាងលឿនជ្រុលទៅបុកជនរងគ្រោះពីក្រោយ ហើយអូសសពជនរងគ្រោះ និងម៉ូតូរបស់ជនរងគ្រោះចម្ងាយប្រហែល១៥ម៉ែត្រ មុនពេលសពខ្ទាតចេញពីក្រោមរថយន្ត។ នៅពេលសពជនរងគ្រោះខ្ទាតចេញ ជនសង្ស័យនៅតែមិនបង្អង់ល្បឿន។ ផ្ទុយទៅវិញគាត់បានបន្តបន្ថែមល្បឿន ហើយអូសម៉ូតូពីក្រោមរថយន្តចម្ងាយ១០ម៉ែត្រទៀត”។

លោកលើកឡើងបន្ថែមទៀតថា ក្រោយទទួលបានការហៅទូរស័ព្ទពីសាក្សីនៅកន្លែងកើតហេតុ នគរបាលស្រុកក៏ប្រញាប់បើកប្រតិបត្តិការដេញតាម។ “សូម្បីនគរបាលដេញតាមគាត់ហើយ ក៏គាត់នៅតែបន្តបើករត់យ៉ាងលឿនចម្ងាយប្រហែល១៣គីឡូម៉ែត្រ មុននឹងនគរបាលរបស់យើងដេញតាមទាន់ ហើយឃាត់ខ្លួនគាត់បានប្រហែល១០នាទីក្រោយ។ នៅឯអធិការដ្ឋាននគរបាលកាលពីយប់មិញ គាត់ស្រវឹងខ្លាំងដល់ថ្នាក់ឆ្លើយសំណួររបស់យើងមិនកើត ហើយយើងក៏សម្រេចបញ្ជូនគាត់ទៅការិយាល័យនគរបាលចរាចរណ៍ខេត្ត”។

លោក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ខេត្តមានប្រសាសន៍ថា លោកបានស្នើសុំបញ្ជូនជនសង្ស័យដោយសារបារម្ភខ្លាចប្រជាពលរដ្ឋដែលមានកំហឹងឡោមព័ទ្ធអធិការដ្ឋាននគរបាល។

លោកមានប្រសាសន៍ទៀតថា “យើងនឹងបញ្ជូនគាត់ទៅសាលាដំបូងខេត្តនៅថ្ងៃស្អែក ដើម្បីធ្វើការចោទប្រកាន់” ហើយលោកនឹងស្នើបទចោទប្រកាន់បើកបរលើសល្បឿនកំណត់ បើកបរពេលស្រវឹង ចាកចេញពីកន្លែងគ្រោះថ្នាក់ និងបើកបរខ្វះការប្រុងប្រយ័ត្ន។ សរុបបញ្ចូលគ្នា បទល្មើសពីរចុងក្រោយត្រូវទទួលការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំ។

លោក ទៀ គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានមានប្រសាសន៍ថា លោក យ៉ាន ស៊ីដេត កំពុងបំពេញ “បេសកកម្ម” នៅពេលគ្រោះថ្នាក់កើតឡើង ហើយថា មន្ត្រីរូបនេះមិនមែនជាអ្នកខុសទេ។

លោកលើកឡើងថា ជនរងគ្រោះ ចាន់ រស្មី គឺជាអ្នកខុសដែលបើកបរ “ពីមុខរថយន្តរបស់គាត់។ តើឱ្យគាត់ជាន់ហ្វ្រាំងម៉េចទាន់ ពេលគាត់កំពុងបើកលឿន? ខ្ញុំមិនប្រាកដថា គាត់ស្រវឹងឬអត់ទេ ប៉ុន្តែខ្ញុំប្រាកដថា តំបន់នោះជាតំបន់គ្រោះថ្នាក់” ហើយថា តាមពាក្យចរចាមអារ៉ាមនិយាយថា តំបន់នោះមានខ្មោចលង។លោកមានប្រសាសន៍ថា “ខ្ញុំឮអ្នកបើកតាក់ស៊ីនិយាយថា បើអ្នកបើកឆ្លងកាត់តំបន់នោះនៅពេលយប់  យើងនឹងឃើញស្ត្រីម្នាក់បីកូន”។

លោក យ៉ាន ស៊ីដេត គឺជាមន្ត្រីរដ្ឋាភិបាលចុងក្រោយបង្អស់ដែលជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចណ៍បណ្ដាលឱ្យមនុស្សស្លាប់ ប៉ុន្តែការចោទប្រកាន់ក្នុងករណីបែបនេះគឺកម្រកើតឡើងណាស់។

ជាក់ស្ដែងកាលពីខែមេសា លោក នួន សុម៉េត អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអតីតអភិបាលរងរាជធានីភ្នំពេញ បានបើកបររថយន្តតូយ៉ូតា ឡង់គ្រីស័រ របស់ខ្លួនបុកពីរនាក់ប្ដីប្រពន្ធជិះម៉ូតូបណ្ដាលឱ្យបាត់បង់ជីវិតនៅខេត្តកណ្ដាល  ប៉ុន្តែត្រូវបានដោះលែងវិញនៅថ្ងៃបន្ទាប់។ ពេលនេះគាត់កំពុងមានសេរីភាពនៅឡើយ ហើយស្ថានភាពនៃការស៊ើបអង្កេតមិនច្បាស់លាស់ឡើយ។

ហើយកាលពីឆ្នាំ២០១៣ លោក ជាម យៀប តំណាងរាស្ត្រជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានគេចផុតពីបទចោទប្រកាន់ បន្ទាប់ពីអ្នកបើកបររថយន្តរបស់លោកបានបុកពីរនាក់ប្ដីប្រពន្ធវ័យក្មេងបណ្ដាលឱ្យស្លាប់ ដោយហៅឱ្យមេធាវីរបស់លោក “ដោះស្រាយបញ្ហានេះ” មិនយូរប៉ុន្មានបន្ទាប់ពីគេចខ្លួនពីកន្លែងកើតហេតុ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស