31 C
Phnom Penh

តំណាងរាស្ត្រគណបក្ស​​​សង្គ្រោះជាតិដើរចេញពីតុលាការអំឡុងសវនាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង និងក្រុមមេធាវីរបស់លោកបានដើរចេញពីតុលាការកាលពីម្សិលមិញអំឡុងថ្ងៃទី១នៃសវនាការជំនុំជម្រះក្តីរបស់លោកពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងការរើសអើងជាតិសាសន៍ដោយលើកឡើងថា អភ័យឯកសិទ្ធិស្របច្បាប់របស់លោកក្នុងនាមជាតំណាងរាស្ត្រជាប់ឆ្នោតបានរារាំងតុលាការមិនឱ្យកាត់ទោសរូបលោក។

ពីឆ្វេងៈ តំណាងរាស្ត្រ អ៊ុ សំអាន លោក រៀន ខេមរិន្ទ និងលោក ជាម ចាន្នី ថតរូបពេលឈរលើបង្គោលព្រំដែនលេខ២០៣ កាលពីឆ្នាំមុន។ រូបថតៈ Alex Willemyns

លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនក្នុងក្រុងសៀមរាបកាលពីខែមេសា ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកត្រឡប់មកកាន់ប្រទេសវិញ ក្រោយពីស្ថិតក្នុងសហរដ្ឋអាមេរិករយៈពេលជាច្រើនខែពីបទរំលោភបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហាមមិនឲ្យចោទរដ្ឋាភិបាលថា បានប្រើប្រាស់ផែនទីវៀតណាមដើម្បីកំណត់ព្រំដែន។

ចាប់តាំងពីពេលនោះមក លោកស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ន ដោយគណបក្សសង្គ្រោះជាតិចាត់ទុកការឃុំខ្លួនរូបលោកថាខុសច្បាប់ ជាអ្វីដែលតំណាងរាស្ត្ររូបនេះ និងក្រុមមេធាវីរបស់លោកលើកឡើងដដែលៗកាលពីម្សិលមិញនៅសាលាដំបូងរាជធានីភ្នំពេញ។

លោក អ៊ុំ សំអាន បានមានប្រសាសន៍នៅក្នុងសាលសវនាការមុនពេលដើរចេញថា     “សវនាការនេះគឺខុសច្បាប់។ ខ្ញុំមិនឆ្លើយតបនឹងតុលាការទេ ខណៈខ្ញុំមានអភ័យឯកសិទ្ធិ”។

ការបដិសេធមិនឆ្លើយរបស់លោក អ៊ុំ សំអាន គឺជាសិទ្ធិរបស់លោក។ ដោយទំនងជាមានការងឿងឆ្ងល់នឹងសេចក្តីសម្រេចរបស់តំណាងរាស្ត្ររូបនេះ និងមេធាវីរបស់លោកនោះ ចៅក្រម ហេង សុខណា បានថ្លែងថា “គឺគាត់ទេដែលបោះបង់សិទ្ធិការពារខ្លួនឯង។ គឺពួកគេទេដែលបោះបង់សិទ្ធិរបស់ខ្លួនក្នុងការការពារកូនក្តីរបស់ពួកគេ”។

លោក អ៊ុំ សំអាន ប្រឈមការចោទប្រកាន់ ពីបទញុះញង់ឲ្យមានការរំខានដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ដែលមានទោសជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។

បន្ទាប់ពីគណបក្សសង្គ្រោះជាតិបើកយុទ្ធនាការដ៏ខ្លាំងក្លាប្រឆាំងការកំណត់ព្រំដែនកម្ពុជា-វៀតណាមកាលពីឆ្នាំមុន ដែលបានបង្ខំឱ្យរដ្ឋាភិបាលទទួលស្គាល់ថា ខ្លួនបានអនុញ្ញាតឱ្យវៀតណាមទន្ទ្រានចូលក្នុងទឹកដីប្រទេសកម្ពុជាជាច្រើនកន្លែងនោះ លោក ហ៊ុន សែន បានដាក់បម្រាមហាមមិនឲ្យនរណាម្នាក់ចោទរដ្ឋាភិបាលថា បានប្រើប្រាស់ ផែនទីវៀតណាមខុសច្បាប់ឡើយ។

ប៉ុន្តែលោក អ៊ុំ សំអាន ដែលមានអភ័យឯកសិទ្ធិសភារួចផុតពីការចោទប្រកាន់នោះ មិនបានគោរពតាមការព្រមានរបស់លោកនាយករដ្ឋមន្ត្រីទេ ដោយធ្វើការអះអាងបែបនេះកាលពីឆ្នាំមុននៅក្នុងសារបង្ហោះតាមទំព័រហ្វេសប៊ុក ខណៈពេលរូបលោកស្ថិតក្នុងសហរដ្ឋអាមេរិក។ លោក ហ៊ុន សែន បានលើកឡើងថា ការចាប់ខ្លួនរូបគាត់គឺស្របច្បាប់ ពីព្រោះសារនោះនៅមានក្នុងប្រព័ន្ធអុីនធឺណិតនៅឡើយសម្រាប់មនុស្សទាំងអស់ដែលចង់ឃើញ ហើយរដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យមានការចាប់ខ្លួនតំណាងរាស្ត្រពេលប្រព្រឹត្តបទល្មើសជាក់ស្ដែង។

គណបក្សសង្គ្រោះជាតិបានលើកឡើងថា រដ្ឋធម្មនុញ្ញនៅតែតម្រូវឱ្យមានការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រដោយសំឡេងឆ្នោតពីរភាគបីដដែលបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើស ប៉ុន្តែបញ្ហានេះត្រូវបានច្រានចោលដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។ ផ្ទុយទៅវិញ គេបានប្រើប្រាស់សំឡេងឆ្នោតភាគច្រើនធម្មតាដើម្បីអនុញ្ញាតឱ្យបន្តការចោទប្រកាន់។

លោក ជូង ជូងី មេធាវីតំណាងលោក អ៊ុំ សំអាន កាលពីម្សិលមិញបានស្នើតុលាការកុំឱ្យគាំទ្រការបកស្រាយច្បាប់របស់គណបក្សប្រជាជនកម្ពុជា ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជាការប្រឌិត។

លោក ជូង ជូងី បានមានប្រសាសន៍ថា       “យើងជាអ្នកច្បាប់។ ដូច្នេះ សូមកុំឱ្យមានកំហុសក្នុងការបកស្រាយរបស់យើង”។

លោក គុច គឹមឡុង ព្រះរាជអាជ្ញារងបានប្រាប់ចៅក្រម ហេង សុខណា ថា ការចោទប្រកាន់នេះប្រកាន់តាមករណីនោះហើយបានលើកឡើងពីការស៊ើបអង្កេតទាក់ទងសារបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក អ៊ុំ សំអាន ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៦ ដើម្បីបង្ហាញថា គាត់បានធ្វើការចោទប្រកាន់ដែលបានហាមឃាត់ម្ដងហើយម្ដងទៀត។

លោកបានមានប្រសាសន៍ថា ទង្វើរបស់លោក អ៊ុំ សំអាន បង្ហាញថា គាត់បានបង្ក “ចលាចលដល់សង្គម”។លោកបានបន្តថា “នៅតែធ្វើការចោទប្រកាន់ដដែល ហើយបានស្នើឱ្យតុលាការវិនិច្ឆ័យទៅតាមច្បាប់”។

ចៅក្រម ហេង សុខណា បានមានប្រសាសន៍ ថា លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនទៅកន្លែងឃុំខ្លួនវិញបន្ទាប់ពីចប់សវនាការ។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១០ ខែតុលា៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស