កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានច្រានចោលអ្វីដែលទំនងជាការអំពាវនាវចុងក្រោយពីក្រុមមេធាវីតំណាងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង មុនពេលលោកបន្តឡើងសវនាការនៅថ្ងៃសុក្រ ជំុវិញការចោទប្រកាន់ពាក់ព័ន្ធការបដិសេធមិនបង្ហាញខ្លួននៅតុលាការនៅក្នុងសំណុំរឿង “សញ្ចរកម្ម” ប្រឆាំងស្រីម្នាក់ដែលគេអះអាងជាស្រីកំណាន់របស់លោក។
ក្រុមមេធាវីតំណាងលោក កឹម សុខា ដែលប្រឈមការជាប់ពន្ធនាគារពី១ខែទៅ៦ខែប្រសិនបើត្រូវបានកាត់ឱ្យជាប់ទោសនោះ បានលើកឡើងថា សាលាដំបូងរាជធានីភ្នំពេញបានរំលោភនីតិវិធីច្បាប់ដោយបើកសវនាការយ៉ាងរហ័ស ដោយមិនបានផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ពួកលោកក្នុងការរៀបចំឯកសារឡើយ។
ក្រុមមេធាវីរបស់លោក កឹម សុខា ក៏បានស្នើសុំឱ្យពន្យារពេលសវនាការបណ្តឹងឧទ្ធរណ៍ ផងដែរ ហើយមិនមានវត្តមានទេ នៅពេលចេញសេចក្តីសម្រេចកាលពីម្សិលមិញ។
លោក ទូច ភារិទ្ធ អ្នកនាំពាក្យតុលាការបានមានប្រសាសន៍ថា “សាលាឧទ្ធរណ៍បានបើកសវនាការនៅថ្ងៃនេះ ហើយបានច្រានចោលការត្អូញត្អែររបស់ក្រុមមេធាវីការពារ”។
លោក ផេង ហេង មេធាវីមួយរូបក្នុងចំណោមេធាវីប្រាំរូបដែលតំណាងឱ្យលោក កឹម សុខា បានមានប្រសាសន៍ថា ពួកគាត់នឹងសម្រេចថា តើត្រូវបន្តរឿងក្តីនេះនៅថ្ងៃនេះឬយ៉ាងណា។
ចាប់តាំងពីនគរបាលបានព្យាយាមចាប់ខ្លួនលោកកាលពីចុងខែឧសភាមក លោក កឹម សុខា បានទៅស្នាក់នៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិដោយមានក្រុមអ្នកគាំទ្រ និងសន្តិសុខយាមនៅខាងក្រៅ៕ សារុន