31 C
Phnom Penh

អាជ្ញាធរបង្ក្រាប​​​ក្រុមអ្នក​​​លក់​​​ប៉េងប៉ោង ​​​បន្ទាប់ពី​​​ពួកគាត់​​​ត្រូវ​​​បាន​​​ឃាត់ខ្លួន​​​អំឡុង​​​ពេលតវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធររាជធានីភ្នំពេញ  បានសម្រេចផ្តោតការយកចិត្តទុកដាក់លើសោភ័ណភាព និងសុវត្ថិភាពនៅទីធ្លាសាធារណៈចំណុចកណ្តាលក្រុងដែលក្មេងៗចូលទៅធ្វើពិធីខួបកំណើត ឬលំហែកាយនៅពេលរសៀល។

បង្ហាញការព្រួយបារម្ភថា ធុងឧស្ម័នអេល្យូ៉ម ជាឧស្ម័នគ្មានប្រតិកម្មគីមី និងគ្មានចំហេះ អាចនឹងផ្ទុះឆេះបង្ករបួសដល់អ្នកដំណើរឆ្លងកាត់លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ មានប្រសាសន៍ថា អ្នកលក់នៅក្នុងខណ្ឌនេះនឹងមិនត្រូវបានអនុញ្ញាតឱ្យលក់ប៉េងប៉ោងតាមតំបន់ទេសចរណ៍ពេញនិយមនានាទៀតឡើយ ក្នុងនោះរួមមានវិមានឯករាជ្យ ព្រះបរមរាជវាំង និងមាត់ទន្លេ។

 

អ្នកលក់ប៉េងប៉ោងម្នាក់សប់ប៉េងប៉ោងនៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ក្រុមអ្នកលក់ប៉េងប៉ោងត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យលក់នៅតាមទីសាធារណៈទៀតឡើយ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកលក់ប៉េងប៉ោងម្នាក់សប់ប៉េងប៉ោងនៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ក្រុមអ្នកលក់ប៉េងប៉ោងត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យលក់នៅតាមទីសាធារណៈទៀតឡើយ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បទបញ្ជានេះធ្វើឡើងពីរថ្ងៃបន្ទាប់ពីអ្នកលក់ប៉េងប៉ោងបួននាក់ត្រូវបានឃាត់ខ្លួន រួមជាមួយក្រុមសកម្មជនដែលធ្វើការតវ៉ាទាមទារឱ្យដោះលែងអ្នកស្រី ទេព វន្នី អ្នកធ្វើយុទ្ធនាការប្រឆាំងការបណ្ដេញចេញពីផ្ទះសំបែងនៅខាងក្រៅពន្ធនាគារព្រៃស ប៉ុន្តែមន្ត្រីបញ្ជាក់ថា បទបញ្ជាេនះមិនពាក់ព័ន្ធនឹងការឃាត់ខ្លួនទាំងនោះទេ។

ហើយក្រុមអ្នកលក់ប៉េងប៉ោងជិតវិមានឯករាជ្យនិយាយថា ហេតុផលសម្រាប់បម្រាមនេះដែលអាជ្ញាធរបានប្រាប់ពួកគាត់ខុសគ្នាទាំងស្រុង នោះគឺដោយសារបារម្ភខ្លាចមានភេរវកម្មកើតឡើង។

នៅក្នុងវីដេអូឃ្លីបលោក គួច ចំរើន មានប្រសាសន៍ទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីព្រឹកម្សិលមិញ លោកបានលើកឡើងថា ធុងឧស្ម័នអេល្យូ៉មដែលអ្នកលក់ប៉េងប៉ោងប្រើប្រាស់អាចនឹងផ្ទុះ  ហើយបង្កការផ្អើលរត់ជាន់គ្នា។

លោកមានប្រសាសន៍ថា “ធុងទាំងនោះនឹងបង្កការផ្ទុះដែលធ្វើឱ្យប្រជាពលរដ្ឋរងការភ័យខ្លាច។ កត្តានេះអាចបង្កការផ្អើលរត់ជាន់គ្នា ហើយការផ្ទុះឧស្ម័ននឹងឆេះធ្វើឱ្យមនុស្សផ្សេងទៀតរងរបួស”។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានសម្តែងការព្រួយបារម្ភដូចគ្នានេះដែរ ដោយលើកឡើងថា អ្នកលក់ប៉េងប៉ោងធ្វើឱ្យប៉ះពាល់ដល់ “សណ្តាប់ធ្នាប់សាធារណៈ”។ លោកទទួលស្គាល់ថា អ្នកលក់ទាំងនេះមិនបំពានច្បាប់ណាមួយទេ ប៉ុន្តែអាជ្ញាធរគ្រាន់តែព្យាយាមធ្វើឱ្យមានសោភ័ណភាពនៅតាមទីធ្លាសាធារណៈ និងរក្សាសុវត្ថិភាពប៉ុណ្ណោះ។

ក្រុមអ្នកលក់ប៉េងប៉ោងក្បែរវិមានឯករាជ្យនិយាយថា អាជ្ញាធរខណ្ឌដូនពេញបានប្រាប់ពួកគាត់ឱ្យចាកចេញពីតំបន់នោះកាលពីថ្ងៃច័ន្ទ  ប៉ុន្តែបានផ្ដល់ហេតុផលផ្សេងសម្រាប់បម្រាមនេះ។

អ្នកលក់ប៉េងប៉ោងម្នាក់សប់ប៉េងប៉ោងនៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ក្រុមអ្នកលក់ប៉េងប៉ោងត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យលក់នៅតាមទីសាធារណៈទៀតឡើយ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកលក់ប៉េងប៉ោងម្នាក់សប់ប៉េងប៉ោងនៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ក្រុមអ្នកលក់ប៉េងប៉ោងត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យលក់នៅតាមទីសាធារណៈទៀតឡើយ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក អុិន ព្រេង អាយុ៤០ឆ្នាំ ដែលលក់ប៉េងប៉ោងអស់រយៈពេល៦ឆ្នាំមកហើយនិយាយថា ”ហេតុផលដែលគេប្រាប់គឺថា  ពួកគេបារម្ភខ្លាចធុងហ្គាសទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ភេរវកម្ម ពីព្រោះវាស្ថិតនៅខាងក្រៅភូមិគ្រឹះរបស់សម្ដេច [ហ៊ុន សែន]។ ពួកគេនិយាយថា  បើមានអ្នកណាម្នាក់រៀបគម្រោងភេរវកម្ម ពួកគេអាចនឹងបាញ់ធុងទាំងនោះ ហើយវាអាចនឹងផ្ទុះ”។

ទោះជាយ៉ាងណា គាត់និយាយថា គាត់ និងអ្នកលក់ផ្សេងៗទៀតនឹងប្រថុយប្រថានលក់បន្តទៀត។ គាត់លើកឡើងថា “ប៉ូលិសមករាល់ថ្ងៃ ហើយយើងត្រូវតែរត់។ យើងត្រូវតែរវាសភ្នែកជានិច្ច”។

ការសម្រេចបង្ក្រាបលើអ្នកលក់ប៉េងប៉ោងនេះទទួលបានការគាំទ្រផង និងការជំទាស់ផងក្នុងចំណោមប្រជាពលរដ្ឋ និងភ្ញៀវទេសចរកាលពីល្ងាចម្សិលមិញ។

លោក សូត្រ ខុំ វ័យ៥២ឆ្នាំ ជាអ្នករត់ម៉ូតូឌុបដែលអង្គុយលើបង់ក្បែរវិមានឯករាជ្យបញ្ចេញយោបល់ថា  ”វាអាចប៉ះពាល់ដល់សោភ័ណភាពសួន ប៉ុន្តែវាជារបររកស៊ីរបស់ពួកគាត់។ បើយើងមិនអនុញ្ញាតឱ្យពួកគាត់លក់នៅទីនេះ ហើយឲ្យពួកគេលក់តែនៅកណ្តាលព្រៃ តើអ្នកណាគេទិញគាត់?”។

ទោះជាយ៉ាងណា លោក ស៊ិន សាវ វ័យ៥៨ឆ្នាំ ជាតន្ត្រីករដែលអង្គុយជាប់លោក សូត្រ ខុំ គាំទ្រជំហរម៉ឺងម៉ាត់របស់រដ្ឋាភិបាល ដោយគាត់យល់ច្រឡំថា  អេល្យូ៉មជាឧស្ម័នចំហេះ។ គាត់និយាយថា “វាផ្ទុកសារធាតុផ្ទុះ។ វាមិនល្អមើលទេនៅតាមសួន”។

ភ្ញៀវទេសចរជនជាតិអាល្លឺម៉ង់ ម្នាក់ឈ្មោះ ថម (Tom) ដែលអង្គុយលេងនៅមាត់ទន្លេ និយាយថា អ្នកលក់ប៉េងប៉ោងមិនបង្កគ្រោះថ្នាក់ទេ ហើយប៉េងប៉ោងរបស់ពួកគាត់ក៏ដូចគ្នាដែរ។ គាត់និយាយទៀតថា “វាមិនមែនជាឧស្ម័នផ្ទុះទេ។  ការចម្អិនអាហារនៅតាមផ្លូវ ការអាំងសាច់នៅតាមផ្លូវ គឺវាគ្រោះថ្នាក់ដូចតែគ្នាហ្នឹង”៕ សុខុម (រាយការណ៍បន្ថែមដោយ George Wright)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស