28 C
Phnom Penh

តុលាការដោះលែង​​​​​​មន្ត្រី​​​​​​រដ្ឋបាល​​​​​​ព្រៃឈើ ​​​បន្ទាប់ពី​​​​​​បើកបរ​​​​​​ទាំង​​​ស្រវឹង​​​បុក​​​មនុស្ស​​​ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីតុលាការមួយរូបបានលើកឡើងថា បន្ទាប់ពីបើករថយន្តទាំងស្រវឹងជោកជាំជ្រុលទៅបុកស្លាប់អ្នកបើកម៉ូតូម្នាក់ ហើយធ្វើឲ្យនគរបាលបើកប្រតិបត្តិការដេញតាមក្នុងល្បឿនយ៉ាងលឿនក្នុងខេត្តសៀមរាប មន្ត្រីរដ្ឋបាលព្រៃឈើជាន់ខ្ពស់ម្នាក់ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់កាលពីម្សិលមិញ ព្រោះលោកគ្មាន “ចេតនាធ្វើឲ្យជនរងគ្រោះស្លាប់នោះឡើយ”។

យោងតាមនគរបាលបានឲ្យដឹងថា ពេល”ស្រវឹងជោកជាំ” នៅម៉ោងប្រហែល១១យប់ថ្ងៃអាទិត្យ លោក យ៉ាន ស៊ីដេត អាយុ៤៨ឆ្នាំជានាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើបានបើករថយន្តបុកពីក្រោយជនរងគ្រោះឈ្មោះ ចាន់ រស្មី អាយុ៤១ឆ្នាំ ជាប្រជាការពារភូមិដែលកំពុងល្បាតនៅក្នុងស្រុកប្រាសាទបាគង។

ប៉ុន្តែ លោក យ៉ាន ស៊ីដេត មិនបានឈប់នោះទេ ហើយបានបើកអូសប្រជាការពាររូបនេះ និងម៉ូតូដែលជាប់នៅពីក្រោមរថយន្តម៉ាកលុចស៊ីសរបស់លោកប្រហែលជាងដប់ម៉ែត្រមុនពេលនគរបាលបើកដេញតាមទាន់នៅតាមបណ្តោយផ្លូវជាតិលេខ៦ចម្ងាយប្រហែល១៣គីឡូម៉ែត្រពីកន្លែងកើតហេតុ។

យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា ដោយសារស្រវឹងជោកជាំមិនអាចឆ្លើយសំណួរបានកាលពីថ្ងៃច័ន្ទ ជនសង្ស័យរូបនេះត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបកាលពីម្សិលមិញ។

ទោះបីជានគរបាលចរាចរខេត្តស្នើឲ្យមានការចោទប្រកាន់ពីបទបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង រត់គេចពីកន្លែងកើតហេតុ និងបើកបរដោយធ្វេសប្រហែសបណ្តាលឲ្យមានការបត់បង់ជីវិតក៏ដោយ តែព្រះរាជអាជ្ញាលោកកើត សុវណ្ណារ៉េត បានសម្រេចដោះលែងលោក យ៉ាន ស៊ីដេត ដោយគ្មានការចោទប្រកាន់កាលពីម្សិលមិញ នេះបើយោងតាមលោក រាម ច័ន្ទមុន្នី អ្នកនាំពាក្យតុលាការ។

ដោយពន្យល់ថា គ្រួសារជនរងគ្រោះ ចាន់រស្មី បានព្រមដកពាក្យបណ្តឹង បន្ទាប់ពីយល់ព្រមទទួលសំណងប្រហែល៥.០០០ដុល្លារនោះ លោកបានមានប្រសាសន៍ថា “គាត់បានផ្តល់សំណងដល់ដើមចោទ ហើយគាត់ត្រូវបានដោះលែងមកវិញ”។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា “ជាធម្មតា គ្រោះថ្នាក់ចរាចរណ៍ ជាហេតុការណ៍អចេតនា ហើយគ្មាននរណាចង់ឲ្យមានការបាត់បង់ជីវិតឡើយ។ តុលាការមិនបានដាក់ការចោទប្រកាន់ណាមួយ ព្រោះបើយោងតាមកំណត់ហេតុនគរបាល អ្នកបើកបររថយន្តមិនបានធ្វើអ្វីខុសទេ”។លោកបានបន្ថែមទៀតថា ជនរងគ្រោះ ចាន់ រស្មី គឺជាអ្នកខុសដោយសារបើកម៉ូតូកាត់ពីមុខរថយន្តដែលកំពុងមានល្បឿនយ៉ាងលឿន។

លោក ប៉ោះ ចន្ថា អធិការរងស្រុកស្វាយលើដែលជា អ្នកដឹកនាំប្រតិបត្តិការដេញតាមកាលពីថ្ងៃអាទិត្យ និងដែលបានចាប់ខ្លួនលោក យ៉ាន ស៊ីដេត បានជំទាស់នឹងការអះអាងរបស់តុលាការ។

លោកបានមានប្រសាសន៍ថា “ព័ត៌មានរបស់យើងគឺជាព័ត៌មានពិតប្រាកដ ហើយយើងមិនបានបំផ្លើសហេតុការណ៍ដែលបានកើតឡើងនោះឡើយ។ គាត់ពិតជាបានគេចពីកន្លែងកើតហេតុមែន។ នេះគឺជាការពិត”។

លោក រាម ច័ន្ទមុន្នី បានលើកឡើងថា សំណុំរឿងនេះនឹងនៅតែបើកចំហ ខណៈព្រះរាជអាជ្ញា បន្តបើកការសើុបអង្កេតរក”ភាពមិនប្រក្រតីណាមួយ” ប៉ុន្តែ លោកបានបដិសេធមិនរៀបរាប់លម្អិតឡើយ។ លោក កើត សុវណ្ណារ៉េត បានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះទេ។

លោក ទៀ គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដែលគ្រប់គ្រងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើបាននិយាយការពារការបើកបរទាំងស្រវឹងជោកជាំរបស់លោក យ៉ាន ស៊ីដេត គេចចេញពីនគរបាល។

លោកបានថ្លែងថា “គាត់ចាំបាច់ត្រូវស្វែងរកកន្លែងមានសុវត្ថិភាពដើម្បីឈប់រថយន្ត។អ្នកបើកម៉ូតូគឺជាអ្នកខុស”។

លោកបានលើកឡើងទៀតថា លោកបានឲ្យមន្ត្រីមួយរូបរបស់លោកមកដោះស្រាយករណីនេះ ហើយថា ក្រុមមន្ត្រីក៏បាន”ជួយគាត់នៅក្នុងការបង់ប្រាក់សំណងផងដែរ”។ នាយខណ្ឌរូបនេះបានបដិសេធមិននិយាយថា តើប្រាក់នេះចេញពីថវិការបស់ខណ្ឌរដ្ឋបាលព្រៃឈើ ឬយ៉ាណានោះឡើយ។

លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេទេសសើុបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូបានចាត់ទុកការដោះលែងលោក យ៉ាន ស៊ីដេត ថា ជាករណី “និទណ្ឌភាព” យ៉ាងច្បាស់ក្រឡែត។

លោកបានមានប្រសាសន៍ថា “យោងតាមច្បាប់… គាត់នៅតែសមនឹងទទួលទោសទណ្ឌ ព្រោះវាគឺជាឃាតកម្មអចេតនានៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍”។

លោកបានបន្ថែមថា “នេះគឺជាឧទាហរណ៍អាក្រក់ដែលនឹងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើតុលាការ ហើយធ្វើឲ្យប្រជាពលរដ្ឋមិនគោរពច្បាប់”។

លោក អា៊ា ចរិយា ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងថា ទោះបីជាការដោះលែងលោក យ៉ាន ស៊ីដេត បានរំលោភបំពានច្បាប់ក៏ដោយ តែមិនមែនមានន័យថា វាមិនដែលកើតឡើងពីមុនមកនោះទេ។

លោកបានមានប្រសាសន៍ថា “វាតែងតែមានការលំបាកនៅក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ពេលអ្នកបង្កហេតុគឺជាមន្ត្រីរដ្ឋាភិបាលដ៏មានអំណាច ឬជាអ្នកដែលមានទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភ” ៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Janelle Retka)

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស