ដោយតុលាការសន្យាថានឹងបន្តបើកសវនាការជំនុំជម្រះរឿងក្ដីលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងនៅថ្ងៃសុក្រ បើទោះជាមានការអំពាវនាវម្ដងហើយម្ដងទៀតក្ដី ក៏គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា គណបក្សរំពឹងថា នឹងមានអ្នកគាំទ្រប្រហែល២.០០០នាក់មកជួបជុំគ្នានៅទីស្នាក់ការកណ្ដាលគណបក្សចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍។
ក្រុមមេធាវីតំណាងលោក កឹម សុខា កាលពីម្សិលមិញបានស្នើឱ្យសាលាដំបូងរាជធានីភ្នំពេញពន្យារពេលសវនាការរបស់កូនក្ដីលោក ដែលបដិសេធមិនបង្ហាញខ្លួននៅតុលាការរហូតដល់តុលាការកំពូលចេញសេចក្ដីសម្រេចលើសំណើដាច់ដោយឡែក ដែលស្នើ ឲ្យចាត់ទុកនីតិវិធីនេះជាមោឃៈជាមុនសិន។
ទោះជាយ៉ាងណា អ្នកនាំពាក្យតុលាការបានលើកឡើងថា សវនាការនឹងត្រូវធ្វើតាមការគ្រោងទុកនៅថ្ងៃសុក្រ ហើយលោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា នឹងមានមនុស្សរាប់ពាន់នាក់មកការពារអភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា ដែលរួចផុតពីការចោទប្រកាន់។
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក៏បានចេញសេចក្ដីថ្លែងការណ៍មួយពីទីក្រុងហ្សឺណែវ អំពាវនាវឱ្យមានសវនាការយុត្តិធម៌ និងឱ្យបញ្ចប់ការគំរាមកំហែងលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតថ្នាក់មូលដ្ឋាននៅឆ្នាំក្រោយ។
លោក កឹម សុខា ប្រឈមសវនាការជំនុំជម្រះពីបទមិនបានបង្ហាញខ្លួននៅតុលាការក្នុងរឿងក្ដី “សញ្ចរកម្ម” ទាក់ទងស្ត្រីម្នាក់ដែលគេអះអាងថា ជាស្ត្រីកំណាន់ ប៉ុន្តែក្រុមមេធាវីរបស់លោកដែលដឹកនាំដោយលោកស្រី ម៉េង សុភារី បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ដោយលើកឡើងថា លោក មិនគួរត្រូវបានជំនុំជម្រះទេ ដោយសារលោកមានអភ័យឯកសិទ្ធិ។
លោកស្រី ម៉េង សុភារី មានប្រសាសន៍ថា “ក្រុមមេធាវីរបស់យើងបានដាក់សំណេីទៅសាលាដំបូងរាជធានីភ្នំពេញទាមទារឱ្យពន្យារពេលសវនាការនៅពេលខាងមុខលើកូនក្ដីរបស់យើងចំពោះការបដិសេធមិនបង្ហាញខ្លួន” ពីព្រោះសំណើដាក់ជូនតុលាការកំពូលត្រូវដោះស្រាយជាមុនសិន។
លោកស្រីបានលើកឡើងថា ”ដើម្បីជាប្រយោជន៍ដល់ការពិត យុត្តិធម៌ ឯករាជ្យ និងតម្លាភាព តុលាការគួរតែពន្យារពេលសវនាការនេះ”។
ប៉ុន្តែលោក លី សុផាណា អ្នកនាំពាក្យតុលាការបានមានប្រសាសន៍ថា សំណើនេះត្រូវបានបដិសេធ។ លោកបានថ្លែងថា “យើងនឹងបន្តសវនាការដូចធម្មតា ពីព្រោះបញ្ហានេះមិនប៉ះពាល់ដល់នីតិវិធីទេ”។
លោក កឹម សុខា បានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញចាប់តាំងពីថ្ងៃទី២៦ ខែឧសភាមក នៅពេលនគរបាលបានព្យាយាមចាប់ខ្លួនរូបលោក។ លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា លោកស្រីរំពឹងថា នឹងមានអ្នកគាំទ្រយ៉ាងតិច២.០០០នាក់មកជួបជុំគ្នានៅមុខទីស្នាក់ការគណបក្ស និងមានប្រជាពលរដ្ឋទៅប្រមូលផ្ដុំគ្នានៅតុលាការផងដែរ។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា “ជាការពិត ប្រជាពលរដ្ឋនឹងមកឃ្លាំមើលសវនាការ។ យើងរំពឹងថា ប្រជាពលរដ្ឋក៏នឹងមកជួបជុំគ្នានៅទីស្នាក់ការកណ្ដាលគណបក្សដូចធម្មតាផងដែរ ចាប់ផ្ដើមនៅម៉ោង៨និង៣០នាទី នៅយប់ថ្ងៃព្រហស្បតិ៍ ហើយនៅថ្ងៃសុក្រនឹងជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់យើង ពីព្រោះយើងកំពុងការពារគោលការណ៍អភ័យឯកសិទ្ធិ”។
លោកស្រីបានមានប្រសាសន៍ថា “នេះជារឿងក្តីនយោបាយច្បាស់ក្រឡែត ដូចរឿងក្ដីដទៃទៀតប្រឆាំងពួកយើងអ៊ីចឹង ហើយយើងមិនអាចបណ្ដោយឱ្យតុលាការជាឧបករណ៍នយោបាយឡើយ ពីព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស”។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិត្រូវបានអញ្ជើញឱ្យមកពិភាក្សាអំពីផែនការរបស់ខ្លួននៅរសៀលថ្ងៃនេះ។ លោកស្រី មូរ សុខហួរ បានលើកឡើងថា មន្ត្រីគណបក្សសង្គ្រោះជាតិនឹងទៅចូលរួមជំនួបនោះ ប៉ុន្តែនឹងមានការពិភាក្សាតិចតួចតែប៉ុណ្ណោះ ព្រោះផែនការរបស់គណបក្សយើងគឺស្របច្បាប់។
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានចេញសេចក្ដីប្រកាសព័ត៌មានកាលពីយប់មិញ ដោយសម្ដែងកង្វល់អំពី “បរិយាកាសបំភិតបំភ័យដល់អ្នកនយោបាយ អ្នកគាំទ្រ សង្គមស៊ីវិល និងអ្នកតវ៉ាដោយសន្តិវិធីកាន់តែកើនឡើងនៅកម្ពុជា”។
ទាក់ទិនរឿងក្ដីរបស់លោក កឹម សុខា អង្គការសហប្រជាជាតិបានកត់សម្គាល់ថា “មូលដ្ឋាននៃការចោទប្រកាន់ដែលមានភ័ស្តុតាងតិចតួច អមដោយគុណវិបត្តិនីតិវិធីផង ធ្វើឱ្យមានកង្វល់ខ្លាំងអំពីភាពត្រឹមត្រូវនៃនីតិវិធី”៕ សារុន (រាយការណ៍បន្ថែមដោយ Alex Willemyns)