40.9 C
Phnom Penh

អ្នកបើកបររថយន្ត​​​វ័យ​​​ជំទង់​​​ប្រដាប់​​​ដោយ​​​កាំភ្លើង​​​ខ្លីរត់​​​គេច​​​ខ្លួន​​​បន្ទាប់ពី​​​បង្កគ្រោះថ្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលរាជធានីភ្នំពេញកំពុងស្វែងរកអ្នកបើករថយន្តBMW វ័យជំទង់ម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានគំរាមកំហែងសាក្សីឃើញហេតុការណ៍មួយក្រុមដោយដកកាំភ្លើងខ្លីភ្ជង់កាលពីម្សិលមិញបន្ទាប់ពីបើកបរក្នុងល្បឿនលឿនកាត់តាមផ្លូវប្រសព្វ ហើយជ្រុលទៅបុករថយន្តតូយ៉ូតាមួយគ្រឿងដែលមានមនុស្សប្រុសម្នាក់និងស្ត្រីម្នាក់ជិះក្នុងនោះ បណ្តាលឱ្យអ្នកទាំងពីររងរបួសធ្ងន់។

យោងតាមលោក សេង ចាន់ថន ប្រធានផ្នែកស៊ើបអង្កេតនៅការិយាល័យនគរបាលចរាចរណ៍រាជធានីបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីរំលងអធ្រាត្រត្រង់ចំណុចប្រសព្វរវាងផ្លូវលេខ៥១ និងលេខ៣៦០ នៅក្នុងសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។

លោក ចាន់ថន បានមានប្រសាសន៍ថា ”រថ យន្ត BMW នេះបានបោះពួយទៅបុកផ្នែកចំហៀងនៃរថយន្តកូរ៉ូឡា ហើយបានបណ្តាល ឱ្យអ្នករួមដំណើរជាស្ត្រីដែលមិនបានពាក់ខ្សែក្រវាត់ផ្លោងចេញតាមទ្វាររថយន្ត” ហើយអ្នកបើកបរសន្លប់ដោយកៀបជាប់ចន្លោះកៅអីអង្គុយ និងដៃចង្កូត។

លោកបានថ្លែងថា អ្នកទាំងពីរត្រូវបាន បញ្ជូនយ៉ាងប្រញាប់ប្រញាប់ទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនដើម្បីធ្វើការវះកាត់។ លោកបានបន្ថែមថា លោកមិនចាំឈ្មោះរបស់ពួកគេទេ។

លោក ចាន់ថន បានមានប្រសាសន៍ថា ការបុកនេះបានបណ្តាលឱ្យខូចប្លុកម៉ាស៊ីនរថយន្តតូយ៉ូតា ប៉ុន្តែរថយន្តBMW X6 បានបន្តបើកទៅមុខពីរបីម៉ែត្រទៀតមុនពេលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ត្រង់ចំណុចនេះហើយដែលអ្នកបើកបរមានចាក់សាក់ពេញខ្លួនបានចេញមក។

លោកបានបន្តថា “នៅពេលសាក្សីឃើញហេតុការណ៍មួយក្រុមបានព្យាយាមឡោមព័ទ្ធអ្នកបើកបរ ដែលគេជឿថា មានអាយុក្បែរ២០ឆ្នាំនោះ បានដកកាំភ្លើងខ្លីដែលសៀតចង្កេះចេញពីស្រោម ហើយតម្រង់សំដៅក្រុមមនុស្ស ហើយបន្ទាប់មករត់គេចខ្លួនបាត់។លោកបានបន្ថែមថា “យើងកំពុងព្យាយាមកំណត់អត្តសញ្ញាណជននេះតាមរយៈស្លាកលេខរថយន្ត”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស