លោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុដ៏មានប្រជាប្រិយភាពដែលកាលពីឆ្នាំមុនបានបង្កើតគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យបានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាព្រះសង្ឃប្រកាន់ជំហរប្រឆាំងពាក់ព័ន្ធការអះអាងដែលថា លោកព្យាយាមទិញតំណែងតំណាងរាស្ត្រនិងតំណែងជាមន្ត្រីមួយរូបនៅក្នុងគណបក្សសង្គ្រោះជាតិ។
នៅក្នុងពាក្យបណ្តឹងដាក់ប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ លោក ម៉ម សូណង់ដូបានចោទប្រកាន់ព្រះសង្ឃអង្គនេះថា បាន “ផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញទំនាក់ទំនងសង្គមដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្ញុំ ប៉ះពាល់ដល់តួនាទីបក្សរបស់ខ្ញូំ និងប៉ះពាល់ដល់បេះដូងរបស់អ្នកគាំទ្របក្សខ្ញុំ”។
លោក ម៉ម សូណង់ដូ ដែលធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិមុនពេលបង្កើតគណបក្សផ្ទាល់ខ្លួនបានលើកឡើងថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានអះអាងនៅក្នុងវីដេអូបង្ហោះតាមហ្វេសប៊ុក និងយូធូបកាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៥ថា លោកមិនបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ព្រោះលោកមិនអាចទទួលបានតំណែងដែលខ្លួនចង់បាននៅក្នុងគណបក្សនេះ។
បណ្តឹងរបស់លោក ម៉ម សូណង់ដូ បានដកស្រង់សង្ឃដីការបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ មកថា “លោក ម៉ម សូណង់ដូ បានចរចាតម្លៃដើម្បីឲ្យភរិយារបស់លោកក្លាយជាតំណាងរាស្ត្រជាមុន ហើយគាត់ចង់បានតំណែងធំមួយ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបានយល់ព្រម [ត្រឹមតែ] ជួយលោក ម៉ម សូណង់ដូ ឲ្យទទួលបានតំណែងជាតំណាងរាស្ត្រមណ្ឌលក្រចេះប៉ុណ្ណោះ ប៉ុន្តែ លោក ម៉ម សូណង់ដូ ចង់បានទាំងពីរ។ នេះហើយជាមូលហេតុធ្វើឲ្យលោក ម៉ម សូណង់ដូ មិនពេញចិត្ត ហើយមិនចូលរួមជាមួយគណបក្សេនះ”។
បណ្តឹងដែលដាក់ប្តឹងកាលពីថ្ងៃព្រហស្បតិ៍ គូសបញ្ជាក់ថា គណនីហ្វេសប៊ុករបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ មាន”មិត្តភក្តិ (friend)” ៥.០០០នាក់ ជាចំនួនច្រើនបំផុតអនុញ្ញាតដោយគេហទំព័រនេះ ហើយក៏មាន “follower” បន្ថែមចំនួន៥.៤០០នាក់ផងដែរដោយបង្ហាញថា ខំមិន (Comment) បានជ្រួតជ្រាបទៅដល់អ្នកលេងហ្វេសប៊ុកទូទៅ ហើយបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ លោក ម៉ម សូណង់ដូ។
បណ្តឹងនេះក៏បានលើកឡើងផងដែរថា លោក ម៉ម សូណង់ដូ បានព្យាយាមដោះស្រាយសំណុំរឿងនេះតាមរយៈការផ្ញើលិខិតមួយច្បាប់ទៅកាន់ព្រះតេជគុណ ប៊ុត ប៊ុនតិញ កាលពីថ្ងៃទី២៣ ខែសីហា ដោយស្នើឲ្យព្រះអង្គដកការអះអាង ប៉ុន្តែថា ក្រោយមកព្រះអង្គបានអះអាងកាន់តែខ្លាំងឡើងក្នុងកិច្ចសម្ភាសមួយតាមវិទ្យុ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។
ពេលទាក់ទងតាមទូរស័ព្ទ ស្ត្រីម្នាក់ដែលប្រាប់ខ្លួនថា ជាភរិយារបស់លោក ម៉ម សូណង់ដូ បានលើកឡើងថា បច្ចុប្បន្នម្ចាស់វិទ្យុរូបនេះកំពុងស្ថិតនៅក្នុងប្រទេសថៃ ហើយមិនអាចធ្វើអត្ថាធិប្បាយលើសំណុំរឿងនេះបានទេ រហូតទល់តែលោកត្រឡប់មកវិញសិន។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ហើយបានបង្វែរសំណួរពាក់ព័ន្ធលោក ម៉ម សូណង់ដូទៅលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលនិរទេសខ្លួនឯងនិងដែលមិនឆ្លើយតបនឹងសំណើតាមអីុម៉េលសុំការអត្ថាធិប្បាយកាលពីម្សិលមិញ៕ស៊ុយឈាង