27 C
Phnom Penh

មនុស្សបីនាក់រងរបួស​​​ក្នុងការបំផ្ទុះ​​​គ្រាប់បែក​​​នៅក្រុងភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការផ្ទុះគ្រាប់បែកមួយគ្រាប់ក្នុងខណ្ឌចម្ការមននៅក្រុងភ្នំពេញកាលពីយប់ថ្ងៃអង្គារ បណ្តាលឲ្យរបួសមនុស្សបីនាក់ និងពេទ្យបានធ្វើឲ្យអ្នកក្រុងភ្នំពេញព្រួយបារម្ភជាខ្លាំង ហើយក្រុមមន្ត្រីកំពុងស្វែងរកដើមហេតុនៃការផ្ទុះនេះ។

cam-photo-front-channa-4ថ្លុកឈាមនិងរណ្តៅរាក់មួយត្រូវគេមើលឃើញនៅលើផ្លូវ ប្រហែល៣០នាទីបន្ទាប់ពីការផ្ទុះ ដែលបានកើតឡើងនៅម៉ោងប្រហែល៧និង៤០នាទីយប់ លើផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣។ បង្អួចរថយន្តភិកអាប់បានបែកកញ្ចក់ក្នុងការផ្ទុះនោះ។

អ្នកស្រី ពេជ្រ សុធា អាយុ៥២ឆ្នាំ ជាងកាត់ដេរដែលរស់នៅក្នុងផ្ទះក្បែរកន្លែងផ្ទុះនោះបាននិយាយថា “ខ្ញុំនៅក្នុងផ្ទះរបស់ខ្ញុំដេរខោអាវ នៅពេលដែលខ្ញុំឮ ‘សូរផ្ទុះ!’ដ៏ខ្លាំង”។ ដោយចង្អុលទៅផ្លូវប្រឡាក់ឈាម ដែលអ្នកឈរមើលរាប់រយនាក់ផ្តុំគ្នាជុំវិញខ្សែហ៊ុំព័ទ្ធរបស់នគរបាល អ្នកស្រីបាននិយាយថា “ខ្ញុំព្រួយបារម្ភណាស់ ដូច្នេះខ្ញុំនៅក្នុងផ្ទះមិនហ៊ានចេញទេ។ ខ្ញុំបានឃើញស្ត្រីម្នាក់ហូរឈាមចេញពីខ្នង”។

វីដេអូមួយបង្ហោះតាមហ្វេសប៊ុកបានបង្ហាញឲ្យឃើញស្ត្រីម្នាក់ ដែលទំនងជារងរបួសស្រាល កំពុងត្រូវគេលើកដាក់ចូលរថយន្តសង្គ្រោះ រីឯរូបថតមួយដែលផ្សព្វផ្សាយតាមសេវាព័ត៌មានហ្វ្រេសញូ បានបង្ហាញអ្វីដែលទំនងជាស្លាបព្រាគ្រាប់បែកនៅតាមចិញ្ចើមផ្លូវ។

គិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យកាល់ម៉ែត ដែលបដិសេធមិនប្រាប់ឈ្មោះពីព្រោះគ្មានសិទ្ធិនិយាយជាមួយបណ្តាញព័ត៌មាន បានប្រាប់ថា ជនរងគ្រោះពីរនាក់ទទួលការព្យាបាលនៅទីនោះ មានឈ្មោះ ងិង ហ៊ិវ ភេទប្រុសអាយុ៣៨ឆ្នាំ និង ចាន់ វ៉ាន់នី ភេទស្រី អាយុ៣៧។

គិលានុបដ្ឋាយិកានេះបាននិយាយថា “អ្នកទាំងពីររបួសសើស្បែកពេញទាំងខ្លួន។ ទំនងជាអំបែងគ្រាប់ខ្ទាតចំ” ហើយពេទ្យបាននិយាយបន្ថែមថា របួស “មិនធ្ងន់” ទេ។

cam-photo-grenade-jump-channaលោក សួន សាមិត្ត ប្រធានផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រាប់ថា បុរសឥណ្ឌាម្នាក់ដែលបានទទួលការព្យាបាលនៅទីនោះ ឈ្មោះ ដាមិនដ្រា ស៊ិង ខ្សេទ្រីម៉ាយ៉ុម (Dharmendra Singh Kshetrimayum) អាយុ៣២ឆ្នាំ។

លោក សាមិត្ត បានមានប្រសាសន៍ថា “យើងបានទទួលជនជាតិឥណ្ឌាម្នាក់ ហើយយើងកំពុងរៀបចំស្គែនគាត់ និងតាមដានស្ថានភាពរបស់គាត់។ វាហាក់ដូចជាវាមិនធ្ងន់ធ្ងរទេ របួសតែកដៃប៉ុណ្ណោះ”។

ទាំងនគរបាលនៅកន្លែងកើតហេតុ ទាំងអ្នកផ្សេងទៀតដែលទាក់ទងតាមទូរស័ព្ទ មិនបានផ្តល់ព័ត៌មានណាមួយអំពីជនសង្ស័យឬមូលហេតុទេ។

លោក គឹម រតនា មន្ត្រីនគរបាលសង្កាត់បឹងត្របែកដែលត្រូវគេហៅឲ្យមកកន្លែងកើតហេតុ បាននិយាយថា លោក “សន្និដ្ឋានថា វាជាគ្រាប់បែកមួយគ្រាប់” ប៉ុន្តែបានបដិសេធមិននិយាយបន្ថែមទៀតទេ។

លោក អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា មន្ត្រីរបស់លោកកំពុងស៊ើបអង្កេតកន្លែងកើតហេតុនោះ ប៉ុន្តែមូលហេតុនៃការផ្ទុះនោះនៅមិនទាន់ដឹងច្បាស់ទេ។

លោក អេង សុភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈដែលការស៊ើបអង្កេតកំពុងធ្វើ។

នៅពេលសួរអំពីមូលហេតុដែលអាចមាន លោកបានឆ្លើយតបថា “ខ្ញុំម៉េចដឹង បើខ្ញុំមិនមែនជាអ្នកបោកគ្រាប់បែកផង?”៕ (រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស