កាលពីម្សិលមិញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបាននិយាយការពារគម្រោងធ្វើផ្លូវដ៏ចម្រូងចម្រាសដែលនឹងកាត់តាមបរិវេណព្រះវិហារអាល់សឺកាល ក្បែរតំបន់បឹងកក់ ដោយលើកឡើងថា លោកនឹងធានាថា គ្មានរណាបាត់បង់ដីដោយមិនទទួលបានដីផ្សេងជំនួសវិញនោះឡើយ។
សហគមន៍ខ្មែរ-អិុស្លាម នៅក្នុងរាជធានីនេះមានការខ្វែងគំនិតគ្នាដោយសារគម្រោងធ្វើផ្លូវកាត់ដីព្រះវិហារដែលមានតម្លៃ២,៨លានដុល្លារ ដោយលោក អះម៉ាត់ យ៉ះយ៉ា មន្ត្រីនៅក្រសួងសង្គមកិច្ចបានចោទប្រកាន់លោក អូស្មាន ហាស្សាន់ មន្ត្រីនៅក្រសួងការងារថាបានជួយផ្តល់គំនិតបង្កើតគម្រោងនេះឡើងដើម្បីជាថ្នូរនឹងការដោះដូរដី។

នៅវេទិកាមួយធ្វើឡើងក្នុងព្រះវិហារនេះកាលពីម្សិលមិញ លោក ប៉ា សុជាតិវង្ស បានប្រាប់អ្នកមកជួបជុំគ្នាដែលមានរួមទាំងអ្នកភូមិមូលដ្ឋានផងដែរនោះថា គម្រោងធ្វើផ្លូវថ្មីនេះនឹងជាផ្នែកដ៏សំខាន់នៃការអភិវឌ្ឍតំបន់បឹងកក់ដែលត្រូវបានចាក់ខ្សាច់លុបបំពេញ។
លោក ប៉ា សុជាតិវង្ស បានប្រាប់ប្រជាពលរដ្ឋប្រហែល៣០០នាក់ថា “បងប្អូនអាចស្រមៃបាន នៅកន្លែងណាដែលយើងចាប់ផ្តើមធ្វើផ្លូវ យើងអភិវឌ្ឍ តម្លៃដីនឹងឡើងថ្លៃភ្លាមៗ។ ឥឡូវនេះយើងកំពុងស្ថិតនៅកណ្តាលទីក្រុង ហេតុអ្វីយើងមិនរៀបចំវាឲ្យបានល្អ?”។
អភិបាលរាជធានីភ្នំពេញរូបនេះបានច្រានចោលគំនិតដែលគិតថា ព្រះវិហារនេះនឹងអាចរងផលប៉ះពាល់អវិជ្ជមានពីគម្រោងធ្វើផ្លូវនេះ។ លោកបានលើកឡើងថា អគារ ឬផ្ទះនៅក្បែរណាមួយដែលត្រូវបានបង្ខំឲ្យបោះបង់ចោលដីសម្រាប់គម្រោងធ្វើផ្លូវនេះនឹងទទួលបានសំណងជាដីក្នុងទំហំដដែលត្រឡប់មកវិញពីរដ្ឋ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ឧទាហរណ៍ពេលយើងធ្វើផ្លូវ វាប៉ះពាល់ដល់ផ្ទះបងប្អូន ខ្ញុំនឹងសងដីទំហំដដែលឲ្យវិញ។ ឧទាហរណ៍ប្រសិនបើដីមានទំហំ៧០ម៉ែត្រក្រឡា ហើយផ្លូវស៊ីអស់២០ម៉ែត្រក្រឡា អ៊ីចឹងខ្ញុំនឹងឲ្យដីវិញក្នុងទំហំ៧០ម៉ែត្រក្រឡាដដែល”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ”គ្មានអ្នកណាខាតទេ។យើងនឹងរំកិលព្រះវិហារដើម្បីឲ្យមើលទៅកាន់តែប្រសើរ។បងប្អូននឹងទទួលបានទំហំដីប៉ុនគ្នា យើងគ្រាន់តែផ្លាស់ប្ដូរទ្រង់ទ្រាយរបស់វាប៉ុណ្ណោះ”។

លោក អះម៉ាត់ យ៉ះយ៉ា ដែលមានវត្តមានក្នុងវេទិកានោះដែរ បានមានប្រសាសន៍ថា ការប្ដឹងតវ៉ារបស់អ្នកគោរពបូជាជាច្រើននៅព្រះវិហារអាល់សឺកាល មិនត្រឹមដោយសារព្រះវិហារបាត់បង់ដីទេ ប៉ុន្តែក៏ដោយសារផ្លូវដែលអ៊ូអរនេះនឹងត្រូវបានស្ថាបនាកៀកសំណង់ព្រះវិហារខ្លាំងពេក ហើយចរាចរណ៍នឹងរំខានដល់ការគោរពបូជា។
លោកលើកឡើងអំពីសុន្ទរកថារបស់លោក ប៉ា សុជាតិវង្ស ថា “គាត់មានប្រសាសន៍ថា គម្រោងនេះត្រូវស្ថាបនាផ្លូវចម្ងាយ៥០ម៉ែត្រពីកាំជណ្ដើរព្រះវិហារ” ហើយថា លោកនឹងបន្តប្រឆាំងគម្រោងនេះ។
លោកគូសបញ្ជាក់ថា “យោបល់របស់បងប្អូនខ្មែរអុិស្លាមភាគច្រើនគឺថា មិនមែនយើងប្រឆាំងការអភិវឌ្ឍតំបន់បឹងកក់ទេ ប៉ុន្តែសូមធ្វើផ្លូវតាមបណ្ដោយរបង [បរិវេណព្រះវិហារ]។ យើងមិនចង់ឱ្យវាកៀកព្រះវិហារពេកទេ ព្រោះយើងគោរពបូជាមិនកើត”។
អ្នកស្រី ហេង មុំ អាយុ៤៦ឆ្នាំ អ្នករស់នៅតំបន់បឹងកក់ និងជាអ្នកតវ៉ាប្រឆាំងការលុបបឹងនេះកាលពីចុងទសវត្សរ៍ឆ្នាំ២០០០ ដែលបានធ្វើឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសាររងការបណ្ដេញចេញពីផ្ទះសំបែងនិយាយថា អ្នកស្រីសង្ឃឹមថា លោក ប៉ា សុជាតិវង្ស នឹងធ្វើតាមការសន្យារបស់លោក។
អ្នកស្រីនិយាយទៀតថា “យើងមិនប្រឆាំងគម្រោងអភិវឌ្ឍន៍នេះទេ ប៉ុន្តែបើវាប៉ះពាល់ដល់អ្នកភូមិ ពួកគេត្រូវតែផ្ដល់សំណងសមរម្យ ឬដីផ្សេងទៀត ហើយអាចទទួលយកបាន។ បើគ្មានសំណងសមរម្យទេ យើងនឹងមិននៅស្ងៀមទេ យើងនឹងធ្វើការតវ៉ា”៕ ស៊ុយឈាង និង សុខុម