38 C
Phnom Penh

នគរបាលចុះ​​​ឆែកឆេរ​​​កន្លែង​​​បំផ្ទុះ​​​គ្រាប់បែក ប៉ុន្តែ រកមិនឃើញតម្រុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបានចុះពីផ្ទះមួយទៅផ្ទះមួយក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីពិនិត្យមើលរូបភាពកាមេរ៉ាសុវត្ថិភាពដែលអាចជួយឱ្យពួកគេឈានទៅដល់ការកំណត់បានអត្តសញ្ញាណជនសង្ស័យ ឬមូលហេតុក្នុងករណីបំផ្ទុះគ្រាប់បែកមួយដែលបានធ្វើឱ្យមនុស្សបីនាក់រងរបួសកាលពីយប់ថ្ងៃអង្គារ។

cam-photo-grenade-folo-channaរូបភាពកាមេរ៉ាសុវត្ថិភាពបែកធ្លាយដែលត្រូវបានគេចែករំលែកតៗគ្នាព្រោងព្រាងតាមបណ្ដាញទំនាក់ទំនងសង្គម  បង្ហាញពីគ្រាប់បែកនៅចំកណ្ដាលផ្លូវលេខ១៦៣ ខណៈម៉ូតូបើកកាត់។ វាបានផ្ទុះនៅខាងឆ្វេងរថយន្តទំនើបមួយគ្រឿង ធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់និងខ្ចាយកម្ទេចកម្ទី  ព្រមទាំងអំបែងកែវក្នុងបរិវេណផ្ទុះ។

មនុស្សបីនាក់បានរងរបួសក្នុងហេតុការណ៍ផ្ទុះនេះ គឺបុរសជនជាតិឥណ្ឌាម្នាក់ បុរសជនជាតិវៀតណាមម្នាក់ និងស្ត្រីកម្ពុជាម្នាក់។ យ៉ាងហោចណាស់ពីរនាក់ក្នុងចំណោមនោះត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីម្សិលមិញ។

ឈរនៅកន្លែងផ្ទុះគ្រាប់បែកកាលពីម្សិលមិញ លោក សុង លី ស្នងការរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រុមស៊ើបអង្កេតបានស្រាវជ្រាវកន្លែងកើតហេតុដើម្បីរកភ័ស្តុតាង និងប្រមូលតម្រុយពីកាមេរ៉ាសុវត្ថិភាពក្នុងតំបន់នោះ ប៉ុន្តែបានបដិសេធមិនធ្វើការអត្ថាធិប្បាយបន្ថែមទៀតទេទាក់ទិនករណីនេះ។

លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលកំពុងដឹកនាំការស៊ើបអង្កេតនេះបានសាកសួរប្រជាពលរដ្ឋក្នុងមូលដ្ឋាន។  លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេ។

ពេលទាក់ទងបានតាមទូរស័ព្ទ  លោក សារ៉ាន់ កំសត់ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា នគរបាលមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យណាម្នាក់បាននៅឡើយទេ ហើយក៏មិនបញ្ជាក់ពីមូលហេតុនៃការបំផ្ទុះគ្រាប់បែកនេះដែរ។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃបានអំពាវនាវឱ្យសាធារណជនផ្ដល់ព័ត៌មាន ដែលអាចជួយសមត្ថកិច្ចឈានទៅដល់ការ “កំណត់អត្តសញ្ញាណជនល្មើស”។

បុរសជនជាតិឥណ្ឌាឈ្មោះ ដាមេ៉នដ្រា ស៊ីង ក្សេទ្រីម៉ាយំ (Dharmendra Singh Kshetrimayum) ដែលបានរងរបួសដោយសារអំបែងគ្រាប់ពីការផ្ទុះនេះ ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅម៉ោងប្រហែល១០ព្រឹក នេះបើយោងតាមវេជ្ជបណ្ឌិតម្នាក់ដែលបានវះកាត់ឱ្យគាត់។

វេជ្ជបណ្ឌិតដែលសុំមិនបញ្ចេញឈ្មោះដោយសារគាត់មិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ លើកឡើងថា “គាត់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យរបស់យើងនៅម៉ោង៨និង៤០នាទីយប់មិញ។ យើងបានថតស្គែនគាត់ ហើយឃើញថា គាត់រងរបួសថ្ងាស កដៃខាងស្ដាំ និងត្រគាកខាងស្ដាំ។ យើងបានរកឃើញបំណែកគ្រាប់បែកមួយនៅក្នុងត្រគាកខាងស្ដាំរបស់គាត់ យើងយកវាចេញបានហើយ”។

គិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យកាល់ម៉ែត្រដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ស្ត្រីជនជាតិវៀតណាមឈ្មោះ ងីង ហ៊ីវ (Nging Hiv) អាយុ៣៨ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលការវះកាត់មុខរបួសតូចតាចរួច។ គិលានុបដ្ឋាយិការូបនេះនិយាយថា គាត់មិនដឹងថា តើស្ត្រីកម្ពុជាឈ្មោះ ចាន់ វ៉ាន់នី អាយុ៣៧ឆ្នាំដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រកាលពីម្សិលមិញ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យដែរ ឬក៏អត់ទេ។

អ្នកស្រី ណេង ផេងណៃ អាយុ៥៦ឆ្នាំ និយាយថា ទ្វារ និងបង្អួចហាងកាហ្វេរបស់គាត់ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៦៣ បានរងការខូចខាតដោយសារការបំផ្ទុះគ្រាប់បែកនេះ។

អ្នកស្រីនិយាយទៀតថា  ”ខ្ញុំកំពុងមើលទូរទស្សន៍ក្នុងផ្ទះ ស្រាប់តែឮសំឡេងផ្ទុះយ៉ាងខ្លាំង។ ដំបូងខ្ញុំស្មានតែផ្ទុះហ្គាស ប៉ុន្តែពេលខ្ញុំក្រឡេកមើល ខ្ញុំឃើញគ្រាប់បែក។ គ្រួសារខ្ញុំភ័យខ្លាចយ៉ាងខ្លាំង វាដូចការផ្ទុះគ្រាប់បែកអំឡុងរបបខ្មែរក្រហមអ៊ីចឹង”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស