32 C
Phnom Penh

នគរបាលដាក់ប៉ុស្តិ៍​​​ត្រួតពិនិត្យ​​​ដើម្បី​​​ស្វាគមន៍​​​គម្រោង​​​ជួបជុំគ្នា​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបានតបតចំពោះផែនការរបស់គណបក្ស សង្គ្រោះជាតិក្នុងការជួបជុំជាមួយអ្នកគាំទ្ររាប់ពាន់នាក់នៅរាជធានីភ្នំពេញ ក្នុងថ្ងៃបើកសវនាការជំនុំជម្រះរឿងក្ដីលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងនៅថ្ងៃសុក្រ ដោយប្រើយុទ្ធសាស្ត្រផ្ទាល់ខ្លួនគឺការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមផ្លូវធំៗទាំងអស់ដែលចូលមកក្នុងរាជធានី។

cam-photo-front-channa-5កាលពីម្សិលមិញ សាលារាជធានីបានអនុញ្ញាតឱ្យមានការជួបជុំគ្នានៅខាងក្រៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ដែលបានដាក់កម្លាំងនៅជុំវិញរាជធានីបានមានប្រសាសន៍ថា កម្លាំងរបស់លោកនឹងត្រួតពិនិត្យមើលអ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់ដែលធ្វើដំណើរចូលមកក្នុងរាជធានី។

លោក អ៊ាវ ចំរើន បានមានប្រសាសន៍ថា “ភាគច្រើន គណបក្សសង្គ្រោះជាតិមិនគោរពច្បាប់។ យើងចង់ឱ្យមនុស្សគ្រប់រូបគោរពច្បាប់។ ពួកគេគួរទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់សម្រាប់អ្វីៗដែលពួកគេធ្វើ នោះយើងនឹងអនុញ្ញាតឱ្យពួកគេធ្វើទៅតាមការអនុញ្ញាតរបស់សាលារាជធានី”។

លោក អា៊វ ចំរើន មិនបាននិយាយថាតើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនឹងត្រូវរារាំងមិនឱ្យចូលមកក្នុងរាជធានីឬយ៉ាងណានោះឡើយ ដោយលើកឡើងត្រឹមតែថា ប៉ុស្តិ៍ត្រួតពិនិត្យនឹងត្រូវដាក់តាមផ្លូវសំខាន់ៗទាំងអស់ដែលចូលមកក្នុងរាជធានី។

លោកបានបន្ថែមថា ប៉ុស្តិ៍ត្រួតពិនិត្យនឹងដាក់ហួសពីព្រែកអញ្ចាញ ជាតំបន់នៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ៦ ជាចំណុចផ្លូវចូលដ៏សំខាន់មកពីបណ្ដាខេត្តភាគខាងជើង។ លោកបានថ្លែងថា “យើងនឹងរៀបចំដាក់នៅជុំវិញរាជធានីក្នុងទឹកដីខេត្តកណ្ដាល”។ យ៉ាងហោចណាស់ប៉ុស្តិ៍ត្រួតពិនិត្យមួយនៅតាមផ្លូវជាតិលេខ៦ត្រូវបានដាក់រួចហើយក្នុងតំបន់ព្រែកអញ្ចាញកាលពីម្សិលមិញ ដោយយកឈើធ្វើជារបាំងបិទផ្លូវរុំព័ទ្ធដោយលួសបន្លា។

គណបក្សសង្គ្រោះជាតិឱ្យដឹងថា គណបក្សរំពឹងថា នឹងមានអ្នកគាំទ្ររាប់ពាន់នាក់មកជួបជុំគ្នានៅមុខទីស្នាក់ការកណ្ដាលគណបក្ស ទីដែលលោក កឹម សុខា កំពុងសម្ងំលាក់ខ្លួនចាប់តាំងពីនគរបាលបានព្យាយាមចាប់ខ្លួនរូបលោកកាលពីថ្ងៃទី២៦ ខែឧសភា ហើយអ្នកគាំទ្រមួយចំនួនទៀតទៅជួបជុំគ្នានៅតុលាការ។ ក្រុមមន្ត្រីគណបក្សបាននិយាយថា លោក កឹម សុខា នឹងមិនទៅចូលរួមសវនាការនោះទេ ពីព្រោះរឿងក្ដីចោទប្រកាន់មកលើរូបលោកគឺខុសច្បាប់។

លោក កឹម សុខា ត្រូវចោទប្រកាន់ពីបទបដិសេធមិនបង្ហាញខ្លួននៅតុលាការ នៅពេលត្រូវបានកោះហៅទៅសាកសួរជុំវិញរឿងក្ដី”សញ្ចរកម្ម” ទាក់ទិនស្ត្រីម្នាក់ដែលគេចោទថា ជាស្រីកំណាន់របស់លោក។ គណបក្សប្រឆាំងបានលើកឡើងថា អភ័យឯកសិទ្ធិរបស់លោករួចផុតពីការចោទប្រកាន់ក្នុងនាមជាតំណាងរាស្ត្រការពាររូបលោកមិនឱ្យទៅបង្ហាញខ្លួនបាន។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ជំនួបកាលពីម្សិលមិញជាមួយមន្ត្រីគណបក្សសង្គ្រោះជាតិ ជាលទ្ធផលអាជ្ញាធរព្រមព្រៀងអនុញ្ញាតឱ្យមានការជួបជុំគ្នា ប៉ុន្តែក្នុងករណីដែលអ្នកគាំទ្រមិនហៀរចេញពីទីស្នាក់ការកណ្ដាលគណបក្សមកលើផ្លូវតែប៉ុណ្ណោះ។

លោកបានថ្លែងថា ”យើងបានអនុញ្ញាតឱ្យពួកគេជួបជុំគ្នានៅក្នុងកន្លែងរបស់ខ្លួនជាមួយសមាជិកមកពីរដ្ឋសភា សមាជិកព្រឹទ្ធសភា នឹងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។  នៅក្នុងបរិវេណទីស្នាក់ការកណ្ដាលគណបក្ស យើងមិនជំទាស់ទេ”។

លោកបានមានប្រសាសន៍ទៀតថា ”ចំនួនមិនកំណត់ទេ ប៉ុន្តែពួកគេបានព្រមព្រៀង ទី១ថាពួកគេនឹងមិនប្រើប្រាស់ផ្លូវសម្រាប់ការជួបជុំរបស់ខ្លួន និងទី២ថា ពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យយកយានយន្តទៅចតលើផ្លូវ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវឡើយ”។

នៅពេលត្រូវបានសួរថាតើនឹងមានអ្វីកើតឡើងប្រសិនបើគណបក្សសង្គ្រោះជាតិរំលោភច្បាប់នោះ លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា អាជ្ញាធរនឹង “ចាត់វិធានការតាមផ្លូវច្បាប់ និងចាត់វិធានការរដ្ឋបាល” ប៉ុន្តែលោកមិនបាននិយាយលម្អិតក្រៅតែពីថា កម្លាំងសន្តិសុខនឹងត្រូវដាក់ឈរជើងនៅក្រៅទីស្នាក់ការដើម្បីរក្សាសណ្ដាប់ធ្នាប់នោះឡើយ។ លោកមានប្រសាសន៍ថា “យើងត្រូវគោរពគ្នាទៅវិញទៅមក”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សប្រកាន់តាមការលើកឡើងរបស់ខ្លួនក្នុងជំនួបកាលពីម្សិលមិញជាមួយសាលារាជធានី ហើយថា លោកសង្ឃឹមថា ការជួបជុំគ្នានៅថ្ងៃសុក្រនៅខាងក្រៅទីស្នាក់ការកណ្ដាលគណបក្សនឹងគ្មានអ្វីខុសប្លែកពីធម្មតានោះឡើយ។

លោក យឹម សុវណ្ណ បានថ្លែងថា “យើងមិនមានផែនការហែក្បួនទេ។យើងនឹងជួបជុំគ្នានៅទីស្នាក់ការកណ្ដាលគណបក្ស ហើយយើងចង់ឃើញថា តើសវនាការបន្តក្នុងស្ថានភាពបែបមិុច។ តាមបទពិសោធន៍កន្លងមក យើងដឹងថា យើងអាចគោរពគ្នាបាន”។

លោកបានទទួលស្គាល់ថា វាលំបាកបន្តិចក្នុងការហាមឃាត់មនុស្សមិនឱ្យហៀរចូលទៅលើផ្លូវ។លោកបានបន្តថា “ទីស្នាក់ការកណ្ដាលគណបក្សរាងតូចបន្តិច ដូច្នេះអាចមានមនុស្សហៀរដល់លើចិញ្ចើមផ្លូវខ្លះ។ យើងមិនអាចចៀសរួចឡើយ ប៉ុន្តែយើងនឹងប្រឹងប្រែងដើម្បីរក្សាសណ្ដាប់ធ្នាប់”។

លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងផែនការរបស់នគរបាលខេត្តកណ្ដាលក្នុងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យឡើយ។

លោកបានលើកឡើងថា “ពួកគេមិនគួរធ្វើដូចនោះទេ ពីព្រោះយើងនឹងគោរពច្បាប់។ប្រជាពលរដ្ឋចង់បង្ហាញពីការព្រួយបារម្ភចំពោះមេដឹកនាំរបស់ខ្លួន ដូច្នេះហើយហេតុអ្វីមិនអនុញ្ញាតឱ្យពួកគាត់មក?”។

គណបក្សសង្គ្រោះជាតិបានចាត់ទុកពីការចោទប្រកាន់លើលោក កឹម សុខា ពីសំណាក់រដ្ឋាភិបាល ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់អះអាងថា មានភ័ស្តុតាងបញ្ជាក់ពីស្នេហាលួចលាក់នេះនៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់លោកនោះថា ជាការព្យាយាមដើម្បីបំបិទមាត់គូប្រជែងរបស់ខ្លួននៅមុនការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនា ឆ្នាំ២០១៧។

គណបក្សសង្គ្រោះជាតិមិនសូវមានសកម្មភាពទេចាប់តាំងពីចុងខែឧសភាមក នៅពេលដែលនគរបាលបានព្យាយាមចាប់ខ្លួនលោក កឹម សុខា ហើយលោកបានទៅសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងក៏មិនបានធ្វើសកម្មភាពដែរចាប់តាំងពីខែវិច្ឆិកាមក នៅពេលលោកបានភៀសខ្លួនទៅទីក្រុងប៉ារីស ដើម្បីគេចពីការផ្ដន្ទាទោសដាក់ពន្ធនាគារ។

រដ្ឋាភិបាលបានលើកឡើងដដែលៗថា ខ្លួនគ្រាន់តែអនុវត្តច្បាប់របស់កម្ពុជាប៉ុណ្ណោះ ហើយមិនអាចជ្រៀតជ្រែកសេចក្ដីសម្រេចរបស់តុលាការបានទេ៕ សារុន (រាយការណ៍បន្ថែមដោយ Alex Willemyns)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស