28 C
Phnom Penh

លោក ស ខេង ​​​​​​និយាយថា​​​ ​​​បក្សសង្គ្រោះ​​​ជាតិ​​​​​​ជាប្រភព​​​​​​ប​​​ង្ក​​​ចលាចល​​​​​​នយោបាយ​​​ ​​​និងតុលាការ​​​​​​ច្របូកច្របល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរិះគន់គណបក្សប្រឆាំងកាលពីម្សិលមិញចំពោះការយកញត្តិដាក់ជួនស្ថានទូតបរទេសនានានៅក្នុងសប្តាហ៍នេះដើម្បីជម្រាបជូនអំពីស្ថានភាពនយោបាយដ៏យ៉ាប់យឺុននៅក្នុងប្រទេសកម្ពុជា ដោយចោទប្រកាន់គណបក្សសង្គ្រោះជាតិថា ជាអ្នកត្រូវទទួលខុសត្រូវចំពោះ”ការធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ”។

Cambodian Deputy Prime Minister and Interior Minister Sar Kheng looks on during a meeting with Swedish Minister of the Interior Anders Ygeman (not pictured) in Stockholm, Sweden, May 25, 2015. The both countries signed a cooperation agreement that aims at fighting against international child trafficking. REUTERS/Nora Lorek/TT News Agency ATTENTION EDITORS - THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. IT IS DISTRIBUTED, EXACTLY AS RECEIVED BY REUTERS, AS A SERVICE TO CLIENTS. SWEDEN OUT. NO COMMERCIAL OR EDITORIAL SALES IN SWEDEN. NO COMMERCIAL SALES. - RTX1EGDM

ញត្តិរបស់គណបក្សសង្គ្រោះជាតិដែលតំណាងរាស្ត្រយកដាក់ជូនស្ថានទូតចំនួន១៣នៅទូទាំងរាជធានីកាលពីថ្ងៃច័ន្ទ បានថ្កោលទោសចំពោះអ្វីដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជាការវាយប្រហារស្របច្បាប់មានជាប់ពាក់ព័ន្ធនយោបាយលើគណបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្ស ក្នុងនោះមានដូចជា សំណុំរឿងប្រឆាំងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងលោក កឹម សុខា ដែលជាអនុប្រធានរបស់លោកជាដើម។

ញត្តិនេះក៏ស្នើសុំឲ្យបរទេសដាក់សម្ពាធលើគណបក្សកាន់អំណាចដើម្បីស្តារឡើងវិញនូវការអនុវត្តផ្នែកនយោបាយដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។

នៅក្នុងលិខិតចំហរបស់ខ្លួន លោក ស ខេង បានលើកឡើងថា គណបក្សប្រឆាំងត្រូវតែទទួលខុសត្រូវចំពោះការធ្វើឲ្យខូចបរិយាកាសនយោបាយ និងការបង្ខូចប្រព័ន្ធតុលាការ។             លិខិតចំហនេះមានខ្លឹមសារដូច្នេះថា”នៅពេលកំពុងចោទប្រកាន់រាជរដ្ឋាភិបាល ការពិតវាជាសមាជិកមកពីគណបក្សប្រឆាំងទៅវិញទេ ដែលកំពុងតែធ្វើអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ និងស្ថាប័នរដ្ឋ”។

លិខិតនេះលើកឡើងបន្តថា ការអះអាងដែលថារដ្ឋាភិបាលជាប់ពាក់ព័ន្ធនឹងការសម្លាប់អ្នកនយោបាយ សកម្មជន និងអ្នកផ្សេងទៀតរួមទាំងលោក កែម ឡី អ្នកវិភាគនយោបាយផងដែរនោះគឺ “គួរឲ្យអស់់សំណើច” គ្មានភ័ស្តុតាង ហើយជ្រៀតជ្រែកក្នុង”ប្រព័ន្ធតុលាការ និងនគរបាលយុត្តិធម៌”។

ដោយលើកឡើងអំពីការបដិសេធរបស់លោក សម រង្ស៊ី និងលោក កឹម សុខា មិនព្រមបង្ហាញខ្លួននៅក្នុងតុលាកា ពេលកោះហៅនោះ លោក ស ខេង បានសរសេរថា  “អ្វីដែលអាក្រក់ជាងនេះ មេដឹកនាំគណបក្សប្រឆាំងគិតថា ពួកគេនៅលើច្បាប់”។ លោកបានបន្ថែមថា ការអះអាងរបស់ពួកគេដែលថាមានអភ័យឯកសិទ្ធិសភារួចផុតពីការចោទប្រកាន់ផ្លូវច្បាប់ គ្រាន់តែប្រើជាខែលដើម្បីការពារខ្លួននៅពេលពួកគេបំពានច្បាប់ប៉ុណ្ណោះ។

លិខិតនេះបានបញ្ចប់ថា “យើងទាំងអស់គ្នាទទូចសុំសហគមន៍អន្តរជាតិ និងថ្នាក់ដឹកនាំនៃប្រទេសនានារបស់អាស៊ានសូមយកទស្សនៈរបស់ខ្លួនដោយផ្អែកលើស្ថានភាពពិតនៅកម្ពុជា”។

នៅក្នុងការឆ្លើយតបចំពោះញត្តិរបស់គណបក្សសង្គ្រោះជាតិ លោក Naoaki Kamoshida មន្ត្រីកុងស៊ុលនៅស្ថានទូតជប៉ុនបានលើកឡើងកាលពីម្សិលមិញថា ប្រទេសជប៉ុនពិតជាព្រួយបារម្ភអំពី”ការកើនឡើងកម្តៅនៃភាពតានតឹងផ្នែកនយោបាយនាពេលបច្ចុប្បន្ននៅកម្ពុជា”។

លោកបានលើកឡើងតាមរយៈអីុម៉េលមួយថា “ជប៉ុនចង់ឃើញការជឿទុកចិត្តគ្នាទៅវិញទៅមក និងការពិភាក្សាគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស ហើយចង់ឃើញបរិយាកាសនយោបាយត្រូវបានបង្កើតឡើងវិញដោយការពារគណបក្សប្រឆាំង និងសង្គមស៊ីវិលក្នុងការប្រើប្រាស់សិទ្ធិដោយសេរីដូចធម្មតា”។

ទោះជាយ៉ាងណា ក្នុងចំណោមស្ថានទូតទាំង១៣ដែលបានទទួលញត្តិរបស់គណបក្សសង្គ្រោះជាតិ គ្មានស្ថានទូតណាមួយផ្តល់ការពន្យល់ថា តើខ្លួននឹងចាត់វិធានការអ្វីដើម្បីដោះស្រាយភាពតានតឹងនយោបាយនេះនោះឡើយ ហើយក្រៅពីស្ថានទូតជប៉ុនមានតែស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតអូស្ត្រាលីប៉ុណ្ណោះដែលបានលើកឡើងថា ពួកគេកំពុងឃ្លាំមើលស្ថានភាពនេះ។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងដែលដឹកនាំការយកញត្តិដាក់ជូនស្ថានទូតនានានៅទូទាំងរាជធានីបានលើកឡើងថា វាលឿនពេកហើយក្នុងការនិយាយថា តើបរទេសអាចដើរតួនាទីអ្វីនៅក្នុងការធ្វើឲ្យបរិយាកាសនយោបាយស្ងប់ស្ងាត់ ប៉ុន្តែ លោកស្រីបានបន្ថែមថា “វាជាតួនាទីរបស់សហគមន៍អន្តរជាតិនៅក្នុងការធ្វើអន្តរាគមន៍ក្នុងនាមជាអ្នកសម្របសម្រួល”។

លោកស្រីបានលើកឡើងទៀតថា លិខិតរបស់លោក ស ខេង បង្ហាញឲ្យឃើញពីការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងការយល់ដឹងនៃសង្គមកម្ពុជារបស់គណបក្សទាំងពីរនិងភាពចាំបាច់សម្រាប់”ដោះស្រាយភាពតានតឹងក្នុងពេលបច្ចុប្បន្នតាមរយៈការចរចាផ្នែកនយោបាយ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា គណបក្សកាន់់អំណាចកំពុងរង់ចាំគណបក្សប្រឆាំងចូលរួមនៅក្នុងកិច្ចពិភាក្សាស៊ីវិល តាមរយៈការបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ពួកគេ។លោកបានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជាបើកចំហគ្រប់ពេលវេលា គ្រប់ពេលវេលាតាមតែពួកគេចង់”។

លោកបានបន្ថែមថា “ពួកគេគួរតែចូលមកអង្គុយនៅក្នុងរដ្ឋសភាដើម្បីពិភាក្សាដោយសន្តិវិធី។ ប៉ុន្តែ ពួកគេធ្វើពហិការដោយចេញតវ៉ាតាមផ្លូវដើម្បីប្រើប្រាស់សហគមន៍អន្តរជាតិសម្រាប់ប្រយោជន៍របស់ខ្លួន”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស