35 C
Phnom Penh

ក្នុងពេលការចរចាជិតធ្វើឡើង ៣៥ដុល្លារខ្វែងគំនិតរវាងនិយោជកនិងសហជីព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់រោងចក្រកាត់ដេរនឹងចាប់ផ្តើមចរចាជាមួយក្រុមសហជីពទាក់ទងនឹងប្រាក់ខែគោលរបស់ឧស្សាហកម្មនេះនៅសប្តាហ៍នេះ ដោយស្នើសុំដំឡើង៤,២០ដុល្លារទៅលើប្រាក់ខែបច្ចុប្បន្ន១៤០ដុល្លារមួយខែ ពោលគឺ៣៥ដុល្លារទាបជាងចំណុចចាប់ផ្តើមរបស់សហជីព ដែលបានស្នើសុំដំឡើង ៣៩,៦០ដុល្លារ។

cam-photo-protest2-800x533ដោយមានប្រាក់ខែគោលថ្មីដែលនឹងចូលជាធរមានក្នុងខែមករានោះ ថៅកែរោងចក្រនិងក្រុមសហជីពនឹងអង្គុយចរចាជាមួយក្រសួងការងារនៅថ្ងៃសុក្រ។

ក្នុងលិខិតផ្ញើកាលពីថ្ងៃអង្គារឲ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារដែលនឹងសម្រេចប្រាក់ខែគោលថ្មីនោះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបាននិយាយថា ឧស្សាហកម្មនេះអាចផ្តល់ឲ្យជាង១៤៤,២០ដុល្លារនៅឆ្នាំក្រោយ។

លិខិតនិយាយថា ” វិស័យរបស់យើងកំពុងស្ថិតនៅក្នុងស្ថានភាពកាន់តែលំបាកទៅៗ ដូច្នេះការកំណត់កែប្រែប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៧ត្រូវធ្វើឡើងក្នុងភាពត្រឹមត្រូវនិងប្រុងប្រយ័ត្នបំផុត ដើម្បីបន្តធានានូវភាពប្រកួតប្រជែងនិងចេរភាពនៃវិស័យរបស់យើង”។

សមាគមនេះលើកឡើងអំពីតម្លៃធ្លាក់ចុះដែលបង់ដោយម្ចាស់ម៉ាក ផលិតភាពកម្មករទាប និងការបិទរោងចក្រកាន់តែច្រើន ជាហេតុផលដែលការដំឡើងច្រើនមិនអាចធ្វើទៅរួចទេ។

ប្រាក់ខែអប្បរមាបានកើនឡើងទ្វេដងកាលពីបីឆ្នាំកន្លងមកនេះ ប៉ុន្តែសហជីពនានានិយាយថា ប្រាក់ឈ្នួលនៅមិនទាន់ស្មើគ្នានឹងតម្លៃចំណាយរស់នៅទេ ដោយសារតែប្រាក់ខែនៅទ្រឹង។

មហាកូដកម្មបានផ្ទុះឡើងក្នុងឆ្នាំ២០១៣ ជាការឆ្លើយតបនឹងការសម្រេចរបស់រដ្ឋាភិបាលក្នុងការកំណត់ប្រាក់ខែគោលត្រឹម១០០ដុល្លារ ហើយត្រូវបង្ក្រាប នៅពេលដែលកងរាជអាវុធហត្ថបាញ់ស្លាប់យ៉ាងហោចណាស់កម្មករ៥នាក់ ក្នុងពេលមានការតវ៉ា។ លទ្ធផលនៃការចរចាក្នុងឆ្នាំ២០១៤និងកាលពីឆ្នាំមុន ដែលឃើញប្រាក់ខែឡើងដល់១២៨ដុល្លារហើយបន្ទាប់មក១៤០ដុល្លារទទួលរងប្រតិកម្មតិចតួចពីកម្មករ។

ដោយមានសហជីពខ្លះដែលគំរាមធ្វើកូដកម្ម ប្រសិនបើការទាមទារប្រាក់ខែ១៧៩,៦០ដុល្លារចុងក្រោយរបស់ពួកគេមិនទទួលបានទេនោះ លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបាននិយាយថា ភាគីទាំងពីរចូលតុចរចាដោយកំណត់យកតួលេខជិតដូចគ្នាជាងឆ្នាំមុនៗ។

លោកបាននិយាយថា “មានការល្អប្រសើរ។ ខ្ញុំមិនចង់ច្រៀងដដែលៗទេ ប៉ុន្តែគ្មានប្រទេសណាមួយលើលោកនេះអាចដំឡើង៣០ភាគរយរាល់ឆ្នាំបានទេ”។ លោកកត់សម្គាល់ថា ភាគីទាំងពីរបានចាប់ផ្តើម៤៩ដុល្លារកាលពីឆ្នាំមុន។

លោក លូ បាននិយាយថា “ដល់១៤០ដុល្លារហើយ យើងមិនអាចប្រកួតប្រជែងបានទេ។ ហើយការបង្កើនបន្តទៀតនឹងធ្វើឲ្យយើងមិនអាចប្រកួតប្រជែងបានទេ”។ លោកបាននិយាយបន្តថា ប្រទេសបង់ក្លាដេសនិងវៀតណាមបន្តជាគោលដៅវិនិយោគដ៏ទាក់ទាញថែមទៀតតាមវិធីជាច្រើន”។

មុននឹងដល់ពេលចរចា ការខ្វែងគំនិតគ្នាបានកើតឡើងក្នុងបណ្តាក្រុមសហជីព ដោយសហជីពសេរីកម្មករអះអាងថា ខ្លួនត្រូវបានគេបញ្ចូលទៅក្នុងបញ្ជីនៃក្រុមដែលទាមទារ១៧៩,៦០ដុល្លារ ទោះបីខ្លួនមិនយល់ស្របនឹងតួលេខនេះក៏ដោយ។

លោក ម៉ាន់ សេងហាក់ ដែលតំណាងសហជីពសេរីកម្មករក្នុងការចរចាជាមួយសហជីពផ្សេងទៀតកាលពីសប្តាហ៍មុនបាននិយាយថា សហជីពរបស់លោកបានផ្ញើលិខិតមួយទៅក្រសួងការងារដោយស្នើសុំប្រាក់ខែគោល១៨៣ដុល្លារ។

លោកបាននិយាយថា “ខ្ញុំមិនចង់ឲ្យសហជីពផ្សេងទៀតយកឈ្មោះសហជីពខ្ញុំទៅប្រើ ដោយគ្មានការយល់ព្រមរបស់ខ្ញុំទេ ព្រោះខ្ញុំចង់បាន១៨៣ដុល្លារ”។

លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករដែលស្ថិតក្នុងសហជីពគាំទ្រ១៧៩,៦០ដុល្លារបាននិយាយថា លោក សេងហាក់ មិនស្មោះត្រង់ទេ។

លោក ស៊ីណា បាននិយាយថា ” គាត់បានយល់ព្រមពេលប្រជុំជាមួយគ្នា ប៉ុន្តែខ្ញុំគិតថា គាត់ចង់មានប្រជាប្រិយភាពជាងសហជីពផ្សេងទៀត”៕ (រាយការណ៍បន្ថែមដោយ Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស