30 C
Phnom Penh

សវនាការជំនុំជម្រះលោក កឹម សុខា នឹងបន្តនីតិវិធី ខណៈផ្លូវត្រូវបានបិទកុំឲ្យអ្នកគំាទ្រចូលក្នុងក្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងមេធាវីរបស់លោកគ្រោងធ្វើពហិការមិនចូលរួមការបើកសវនាការជំនុំជម្រះក្តីរបស់លោកនៅព្រឹកនេះពាក់ព័ន្ធការបដិសេធមិនបង្ហាញខ្លួននៅក្នុងតុលាការខណៈអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលគេរំពឹងថា នឹងធ្វើដំណើរមករាជធានីភ្នំពេញដើម្បីជួបជុំគ្នាគាំទ្រដល់រូបលោក នឹងត្រូវធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់នគរបាលនៅជុំវិញរាជធានី។

លោក កឹម សុខា បានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យតាំងពីថ្ងៃទី២៦ខែឧសភាមក ពេលនគរបាលព្យាយាមមិនបានសម្រេចនៅក្នុងការចាប់ខ្លួនរូបលោកដោយសារលោកមិនបានបង្ហាញខ្លួននៅក្នុងតុលាការសម្រាប់ការសាកសួរជុំវិញសំណុំរឿង”សញ្ចរកម្ម” របស់ស្រីកំណាន់ដែលគេចោទថា ជារបស់លោក។ មន្ត្រីគណបក្សនេះបានលើកឡើងថា លោកគ្មានគម្រោងចាកចេញពីកន្លែងសង្ងំលាក់ខ្លួនសម្រាប់សវនាការនៅក្នុងថ្ងៃនេះឡើយ។

cam-photo-sokha-jump-channaក្រុមមេធាវីរបស់លោកបានចូលរួមនៅក្នុងតុលាការជំនួសមុខឲ្យលោកសម្រាប់ការសាកសួរតាំងពីខែឧសភាមក ប៉ុន្តែ ពួកគេបានលើកឡើងថា ខ្លួនគ្មានគម្រោងបែបនេះទេនៅក្នុងថ្ងៃេនះ។

លោកស្រី ម៉េង សុភារី មេធាវីមួយរូបក្នុងចំណោមមេធាវីរបស់លោកបានលើកឡើងកាលពីម្សិលមិញថា “ជំហររបស់មេធាវីរបស់លោក កឹម សុខា គឺថា យើងនឹងមិនចូលរួមនៅក្នុងសវនាការនៅថ្ងៃស្អែកឡើយ ព្រោះយើងមានហេតុផលច្បាស់លាស់ដែលមានលាយលក្ខណ៍ជាអក្សរនៅក្នុងសំណើរបស់យើងទាមទារឲ្យពន្យារពេលសវនាការនេះ”។

ក្រុមអ្នកច្បាប់របស់លោក កឹម សុខា បានជំទាស់ថា សំណុំរឿងនេះគួរតែត្រូវបានច្រានចោលព្រោះលោក កឹម សុខា មានអភ័យឯកសិទ្ធិរួចផុតពីការចោទប្រកាន់ក្នុងនាមជាតំណាងរាស្ត្រជាប់ឆ្នោត ហើយថា សវនាការ នេះគួរតែផ្អាករហូតដល់តុលាការកំពូលសម្រេចលើបណ្តឹងមួយដែលអះអាងថា មានភាពមិនប្រក្រតីផ្នែកនីតិវិធីក្នុងសំណុំរឿងនេះ។

ទោះជាយ៉ាងណា លោក លី សុផាណា អ្នកនាំាពាក្យសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងថា គ្មានអ្វីអាចរារាំងសំណុំរឿងនេះមិនឲ្យដំណើរការទៅមុខបានឡើយ ហើយលោកបានលើកឡើងម្តងទៀតអំពីបញ្ហានេះកាលពីម្សិលមិញ។

លោកបានមានប្រសាសន៍ថា “ការបើកសវនាការនឹងបន្តតាមការគ្រោងទុក”។

គណបក្សសង្គ្រោះជាតិបានលើកឡើងថា ខ្លួនរំពឹងថា នឹងមានអ្នកគាំទ្រពីរបីពាន់អ្នកមកប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាលរបស់ខ្លួនតាមបណ្តោយផ្លូវជាតិលេខ២ដើម្បីឃ្លាំមើលស្ថានភាព និងបង្ហាញការគាំទ្រដល់លោក កឹម សុខា ហើយអ្នកគាំទ្របន្ថែមទៀតនឹងទៅផ្តុំគ្នានៅមុខតុលាការ។

ទោះជាយ៉ាងណា នគរបាលបានដាក់របាំងបិទផ្លូវនៅតាមផ្លូវធំៗទាំងអស់ឆ្ពោះមករាជធានីភ្នំពេញដើម្បីត្រួតពិនិត្យអ្នកគាំទ្រគណបក្សប្រឆាំងដែលធ្វើដំណើរមករាជធានី ហើយថ្នាក់ដឹកនាំបក្សនៅខេត្តបានលើកឡើងកាលពីម្សិលមិញថា នគរបាលនៅទីជនបទបានចាប់ផ្តើមរួចហើយនៅក្នុងការរារាំងមន្ត្រីគណបក្សសង្គ្រោះជាតិ។

លោក អ៊ុក សារឿន ក្រុមប្រឹក្សាស្រុកជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិប្រចាំស្រុកចន្ទ្រាខេត្តស្វាយរៀងបានលើកឡើងថា ក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិពីរនាក់គឺលោក ញឹម សុផល ដែលប្រចាំនៅឃុំសំរោង និងលោក មាស គង់ ដែលប្រចាំនៅឃុំទួលស្តីត្រូវបាននគរបាលឃាត់ខ្លួនចម្ងាយប្រហែល៨គីឡូម៉ែត្រពីទីរួមខេត្ត ហើយត្រូវបានបញ្ឈប់មិនឲ្យធ្វើដំណើរមករាជធានីភ្នំពេញឡើយ។

លោក អ៊ុក សារឿន បានមានប្រសាសន៍ថា “ពួកគាត់ធ្វើដំណើរតាមម៉ូតូមករាជធានីភ្នំពេញដើម្បីជួបជុំគ្នានៅទីស្នាក់ការកណ្តាលរបស់បក្ស ប៉ុន្តែនគរបាលបានដេញតាមបញ្ឈប់ ហើយឃាត់ខ្លួនពួកគាត់អស់ពីរបីម៉ោងមុនពេលដោះលែងពួកគាត់វិញ បន្ទាប់ពីពួកគាត់យល់ព្រមត្រឡប់ទៅផ្ទះ”។

លោកបន្ថែមថា “ពេលខ្ញុំធ្វើអន្តរាគមន៍ អធិការនគរបាលស្រុកបានប្រាប់ខ្ញុំថា គាត់មិនអាចអនុញ្ញាតឲ្យអ្នកទាំងពីរនេះធ្វើដំណើរមករាជធានីភ្នំពេញបានឡើយ ហើយគាត់បានប្រាប់ខ្ញុំថា យើងគួរតែទុកឲ្យថ្នាក់ជាតិដោះស្រាយបញ្ហា”។

ក្រុមប្រឹក្សាស្រុករូបនេះបានលើកឡើងបន្តថា រថយន្តមួយគ្រឿងដែលដឹកក្រុមប្រឹក្សាស្រុកនិងឃុំជាប់ឆ្នោតចំនួន៣០នាក់មកពីគណបក្សសង្គ្រោះជាតិក៏ត្រូវបានបញ្ឈប់ផងដែរនៅក្បែរស្រុករមាសហែកខណៈរថយន្តនេះធ្វើដំណើរឆ្ពោះមករាជធានីភ្នំពេញ ហើយមន្ត្រីទាំងនេះត្រូវបានបង្ខំឲ្យចុះពីរថយន្ត ។

លោក ពេជ្រ សាវ៉ាន់ អភិបាលរងខេត្តបានលើកឡើងថា លោកមិនដឹងអំពីហេតុការណ៍បែបនេះនោះឡើយ។លោក សូ ស៊ីថន អធិការនគរបាលស្រុកចន្ទ្រា ទទួលស្គាល់ថា ពិតជាបានបញ្ឈប់លោក មាស គង់ និងលោក ញឹម សុផល មែន ប៉ុន្តែបានបដិសេធការដែលថា មានការតម្រូវឲ្យពួកគាត់ត្រឡប់មកផ្ទះវិញ។

អធិការនគរបាលស្រុករូបនេះបានថ្លែងថា “ទេយើងមិនបានឃាត់ខ្លួនពួកគាត់ទេ។ យើងគ្រាន់តែសួរថា តើពួកគាត់កំពុងទៅណាប៉ុណ្ណោះ ហើយបន្ទាប់មកយើងបានអនុញ្ញាតឲ្យពួកគាត់ទៅណាក៏ទៅៗតាមចិត្ត”។

ក្រុមមន្ត្រីស្រុករមាសហែកមិនអាចទាក់ទងបានទេ។

គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ដោយថ្កោលទោសការបើកសវនាការជំនុំជម្រះក្តីរបស់លោក កឹម សុខា នៅថ្ងៃេនះ និងការបើកសវនាការជំនុំជម្រះក្តីរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅដើមសប្តាហ៍នេះ។

សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះ ថា “សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិថ្កោលទោសការប្រើប្រាស់អំណាចរំលោភបំពានលើអភ័យឯកសិទ្ធិសភារបស់សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិដោយបុគ្គលមានអំណាចដែលប្រើប្រាស់តុលាការជាឧបករណ៍នយោបាយ”។

គណបក្សប្រជាជនកម្ពុជា បានផ្អែកលើការបកស្រាយទូលំទូលាយអំពីករណីលើកលែងចំពោះអភ័យឯកសិទ្ធិសម្រាប់តំណាងរាស្ត្រដែលប្រព្រឹត្តបទល្មើស “ជាក់ស្ដែង” ហើយអះអាងថា ការមិនចូលខ្លួនរបស់លោក កឹម សុខា ក្នុងតុលាការសម្រាប់ការសាកសួរទាក់ទិនសំណុំរឿងស្រីកំណាន់របស់លោកមកធ្វើជាសម្អាង។

គណបក្សសង្គ្រោះជាតិបានអះអាងថា រដ្ឋសភានៅតែត្រូវដកអភ័យឯកសិទ្ធិរបស់លោក កឹម សុខា បន្ទាប់ពីការចាប់ខ្លួនដើម្បីបន្តនីតិវិធីចោទប្រកាន់លោក ហើយមានតែបង្កើតការបកស្រាយទូលំទូលាយប៉ុណ្ណោះ ពីព្រោះខ្លួនគ្មានសំឡេងឆ្នោតដើម្បីធ្វើបែបនេះ។

ដំណើរឆ្ពោះទៅសំណុំរឿងតុលាការនៅថ្ងៃនេះ គឺជាផ្លូវដ៏វែងឆ្ងាយ និងមានភាពបត់បែន។ ដំបូងឡើយលោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទយកនារីធ្វើសក់វ័យ២៥ឆ្នាំម្នាក់ឈ្មោះ ខុំ ចាន់តារាទី ហៅស្រីមុំ ធ្វើជាស្រីកំណាន់ បន្ទាប់ពីខ្សែអាត់សំឡេងសន្ទនាគ្នាតាមទូរស័ព្ទបានបែកធ្លាយតាមប្រព័ន្ធអុីនធឺណិតកាលពីចុងខែកុម្ភៈ និងដើមខែមីនា។

ខ្សែអាត់ទាំងនោះដែលទំនងជាថតដោយភាគីទី៣ចេញពីការភ្ជាប់ទូរស័ព្ទរបស់លោក កឹម សុខា និងជាញឹកញាប់រួមមានទាំងសំឡេងលើកទូរស័ព្ទហៅចេញផងនោះ ត្រូវបានបង្ហោះតាមប្រព័ន្ធអុីនធឺណិតរយៈពេលប៉ុន្មានសប្ដាហ៍ដូចជាតាមហ្វេសប៊ុក និងគេហទំព័រ Fresh News ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។

ដំបូងឡើយនាង ខុំ ចាន់តារ៉ាទី បានបដិសេធស្នេហាលួចលាក់នេះ ប៉ុន្តែក្រោយមក

នាងបានសារភាពទទួលស្គាល់វា បន្ទាប់ពីនគរបាលប្រឆាំងភេរវកម្មបានណែនាំឱ្យតុលាការចោទប្រកាន់នាងពីបទ “សញ្ចរកម្ម” ចំពោះការទទួលកាដូពីអនុប្រធានគណបក្សប្រឆាំងរូបនេះ អំឡុងអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នា។

លោក កឹម សុខា ដែលមិនព្រមបញ្ជាក់ ឬច្រានចោលស្នេហាលួចលាក់នេះ និងដែលអះអាងថា រឿងនេះត្រូវគណបក្សប្រជាជនកម្ពុជា បង្កើតឡើងជាយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ បានបដិសេធមិនចូលខ្លួនសម្រាប់ការសាកសួរទាក់ទិនសំណុំរឿង “សញ្ចរកម្ម” នេះឡើយ ដោយលើកឡើងថា លោកមានអភ័យឯកសិទ្ធិ។

នគរបាលបានព្យាយាមចាប់ខ្លួនលោកនៅជិតទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៦ ខែឧសភា ដោយផ្អែកលើការមិនចូលខ្លួនរបស់លោក ប៉ុន្តែចាប់លោកមិនបាន។ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទីស្នាក់ការគណបក្សដែលលោកកំពុងសម្ងំលាក់ខ្លួនឡើយ ដោយមានមន្ត្រី និងអ្នកគាំទ្រគណបក្សប្រឆាំងឈរច្រូងច្រាងនៅខាងក្រៅ។

សំណុំរឿងនាង ខុំ ចាន់តារា៉ាទី មិនត្រូវបានដំណើរការនីតិវិធីជាបន្ទាន់នោះទេចាប់តាំងពីខែឧសភាមក ចំណែកឯសំណុំរឿងលោក កឹម សុខា ត្រូវបានដំណើរការយ៉ាងឆាប់រហ័ស ទោះបីជាមានការអំពាវនាវជាច្រើនក្ដី។ លោកប្រឈមការជាប់ពន្ធនាគារដល់ទៅ៦ខែ ប្រសិនបើតុលាការសម្រេចឱ្យជាប់ទោសតាមការចោទប្រកាន់។

សាលក្រមផ្ដន្ទាទោសក៏នឹងអនុញ្ញាតឱ្យរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដកឋានៈរបស់លោកជាតំណាងរាស្ត្រផងដែរ ដូចដែលខ្លួនបានធ្វើជាមួយលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងកាលពីខែវិច្ឆិកា បន្ទាប់ពីតុលាការលាតត្រដាងថា លោករងបទចោទប្រកាន់បរិហារកេរ្តិ៍មួយដែលមិនទាន់ដោះស្រាយ។

កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា និងជាអនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិបានលើកឡើងថា គ្មានអ្នកណាចាញ់បោកការអះអាងថា តុលាការ កាត់ក្តីដោយឯករាជ្យនោះទេ។

កញ្ញាបានលើកឡើងតាមសារអេឡិចត្រូនិកថា “ប្រព័ន្ធតុលាការនៅកម្ពុជា គឺជាសៀក ហើយទាំងមតិជាតិ និងអន្តរជាតិសុទ្ធតែដឹង។គណបក្សប្រជាជន ប្រើវាធ្វើជាឧបករណ៍ដ៏សំខាន់របស់ខ្លួនដើម្បីបៀតបៀន និងចាប់ខ្លួនអ្នកប្រឆាំង។ ពួកគេអាចបង្កើតសំណុំរឿងឆ្កួតៗប្រឆាំងអ្នកណាក៏បានដែលពួកគេចង់ឱ្យជាប់គុក”៕ ស៊ុយឈ­ាង និង សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស