29 C
Phnom Penh

វត្តមួយនៅកំពង់ស្ពឺអស់ព្រះសង្ឃរលីង បន្ទាប់ពីការឆ្មក់បង្ក្រាបគ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយថា ព្រះចៅអធិការវត្ត និងព្រះសង្ឃបួនអង្គត្រូវបានចាប់ខ្លួននៅខេត្តកំពង់ស្ពឺកាលពីថ្ងៃពុធ ព្រោះជក់ថ្នាំញៀន ហើយមានតែព្រះសង្ឃក្មេងៗប៉ុណ្ណោះដែលប្រាប់ថា ព្រះចៅអធិការជាអ្នកលក់ឱ្យខ្លួន។

យោងតាមលោក សួន ចាន់ អធិការរងនគរបាលស្រុកឱ្យដឹងថា នគរបាលមូលដ្ឋានបានមកកាន់វត្តព្រះដំបូកបុណ្យ នៅស្រុកភ្នំស្រួច តាមការរាយការណ៍ព័ត៌មានពីអ្នកភូមិដែលបានឃើញស្ត្រីម្នាក់ដើរចូលកុដិរបស់ព្រះចៅអធិការនៅពេលប្រហែលថ្ងៃត្រង់ ហើយក៏បានឱ្យនគរបាលដឹងនូវអ្វីដែលគេសង្ស័យថាជាពេស្យាចារ។

លោក សួន ចាន់ បាននិយាយថា ប៉ុន្តែនៅពេលមកដល់កន្លែងនោះ នគរបាលបានអង្គុយនៅខាងក្រៅកុដិរយៈពេលប្រហែល៣ម៉ោង ដើម្បីជាការគោរពដល់ព្រះសង្ឃ រង់ចាំព្រះចៅអធិការបើកទ្វារកុដិរបស់ព្រះអង្គ។ នៅពេលព្រះអង្គបើកទ្វារ ស្ត្រីនោះ និងបុរសពីរនាក់បានព្យាយាមចាកចេញ។

លោកបាននិយាយថា “ស្ត្រីនោះនិយាយថា គាត់បានស្គាល់ព្រះសង្ឃប្រហែល២ឆ្នាំហើយ ប៉ុន្តែមិនបាននិយាយថា គាត់បានដេកជាមួយព្រះសង្ឃទេ”។ បន្ទាប់ពីសាកសួរអ្នកទាំងបីនាក់ លោកបាននិយាយថា “មិនមានភ័ស្តុតាងចោទប្រកាន់ពួកគេទេ”។រឿងនោះមិនពាក់ព័ន្ធនឹងព្រះសង្ឃឡើយ។

លោក ឆន វិបុល អនុប្រធានការិយាល័យធម្មការ និងសាសនាស្រុក ដែលមានវត្តមានក្នុងពេលចូលឆែកឆេរនោះដែរបានមានប្រសាសន៍ថា “នគរបាលបានពិនិត្យបន្ទប់នោះ ហើយបានរកឃើញបំពង់បឺត និងកញ្ចប់ម្សៅទទេប្រាំមួយកញ្ចប់ក្នុងបន្ទប់របស់ព្រះចៅអធិការ”។

លោកបាននិយាយថា ព្រះចៅអធិការ ឱម ភក្ដី ព្រះជន្ម៣៧វស្សា និងសង្ឃអង្គផ្សេងទៀតដែលគង់នៅវត្តនោះមានឈ្មោះ អៀង លីហេង ព្រះជន្ម៣៨វស្សា ផា សុភា ព្រះជន្ម៣២វស្សា សែត រ៉ា ព្រះជន្ម២៨វស្សា និង ណារី ព្រះជន្ម២២វស្សា សុទ្ធតែត្រូវបានផ្សឹក និងចាប់បញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ហើយលោកបានពន្យល់ថា ក្រុមអ្នកស៊ើបអង្កេតមិនបានស្គាល់ឈ្មោះពេញរបស់ព្រះសង្ឃ ណារី ទេ។

លោក វិបុល បានមានប្រសាសន៍ថា “ពីមុន មានការប្ដឹងពីគណៈកម្មាធិការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តអំពីសកម្មភាពដ៏គួរឱ្យសង្ស័យនៅទីនោះដែរ”។

លោកបាននិយាយបន្ថែមថា “ប៉ុន្តែមិនមានភ័ស្តុតាង។ ពេលនេះ គឺជាបទល្មើសជាក់ស្ដែង ហើយសមត្ថកិច្ចអាចចាត់វិធានការបាន”។

លោក ទឹម ឡេង នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានមានប្រសាសន៍ថា មែនហើយអ្នកទាំងប្រាំបានធ្វើតេស្តឃើញថា ប្រើប្រាស់ថ្នាំញៀន។

លោកបានមានប្រសាសន៍ថា លោក ភក្ដី ដែលមានតួនាទីជាព្រះចៅអធិការវត្តអស់រយៈពេល៤ឆ្នាំ បន្ទាប់ពីបានបួស១៤ឆ្នាំកន្លងមក បាននិយាយថា លោកទើបតែប្រើគ្រឿងញៀនម្ដងទេ។អតីតសង្ឃផ្សេងទៀតបានសារភាពថា បានជក់ថ្នាំញៀន២០ដងមកហើយ និងបាននិយាយថា លោក ភក្ដី បាននាំពួកគេឱ្យជក់ ដោយយកប្រាក់ពីពួកគេពី១៥.០០០ទៅ២០.០០០រៀលក្នុងមួយលើក។

លោក ទឹម ឡេង បានបន្ថែមថា លោករង់ចាំរបាយការណ៍ពិស្ដារពីនគរបាលស្រុក មុនពេលបញ្ជូនជនសង្ស័យទាំងប្រាំនាក់ទៅសាលាដំបូងខេត្តកំពង់ស្ពឺ។

លោក មួង ចក្រី មេគុណខេត្តខាងគណៈធម្មយុត្តិកនិកាយ បានមានសង្ឃដីកាថា ព័ត៌មានអំពីការចាប់ខ្លួនលោក ភក្ដី មិនបានធ្វើឱ្យព្រះអង្គភ្ញាក់ផ្អើលអ្វីទេ ព្រោះគេបានទាក់ទងប្រាប់ព្រះអង្គច្រើនលើកហើយទាក់ទិននឹងពាក្យបណ្ដឹងអំពីចរិយារបស់អតីតសង្ឃអង្គនេះ។

ព្រះអង្គបានមានសង្ឃដីកាថា “អាត្មាបានហៅមក និងស្ដីបន្ទោសគាត់បីបួនលើករួចហើយ”។ ព្រះអង្គបានបន្ថែមថា ព្រះអង្គកំពុងស្វែងរកអ្នកជំនួសលោក ភក្ដី។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ក្រសួងកំពុងខិតខំធ្វើការដើម្បីពង្រឹងវិន័យសាសនាក្នុងភាពជាព្រះសង្ឃដែលញាំញីដោយបទល្មើស និងឥរិយាអាក្រក់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

លោកបានមានប្រសាសន៍ថា”យើងកំពុងចាត់វិធាការបន្តបន្ទាប់ ហើយនឹងបន្តរៀបចំអនុសំវច្ឆរ មហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសនៅពេលដ៏ខ្លីខាងមុខ ដើម្បីពង្រឹងជំនឿសាសនា”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស