33 C
Phnom Penh

នគរបាលថា ​​​”ក្រុមនយោបាយ” ​​​នៅពីក្រោយ​​​ករណី​​​បំផ្ទុះ​​​គ្រាប់បែក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនគរបាលជាន់ខ្ពស់មួយរូបបានលើកឡើងកាលពីម្សិលមិញថា គ្រាប់បែកមួយគ្រាប់ដែលបានផ្ទុះនៅកណ្តាលផ្លូវអ៊ូអរមួយក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃអង្គារ ត្រូវបានទម្លាក់ដោយសមាជិករបស់ “ក្រុមនយោបាយ” មួយដែលប៉ុនប៉ងបង្កឲ្យមានស្ថានភាពចលាចល មួយថ្ងៃបន្ទាប់ពីក្រុមស៊ើបអង្កេតនិយាយថាខ្លួនគ្មានតម្រុយនៅក្នុងករណីនេះ។

cam-photoo-genade-folo-channaលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា  ការបំផ្ទុះដែលបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់បីនាក់រងរបួសនៅលើផ្លូវលេខ១៦៣ នេះគឺជាស្នាដៃរបស់ “ពួកអនាធិបតេយ្យ” ដែល “មានបំណងបង្កចលាចលសង្គម”។ លោកថ្លែងថា “វាមិនមែនជាភេរវកម្មទេ ប៉ុន្តែយើងគិតថា មនុស្សមួយក្រុមមានបំណងបង្កបញ្ហា។ វាធ្វើឡើងដោយក្រុមនយោបាយណាមួយ”។

ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានបដិសេធមិនបញ្ជាក់ថាតើក្រុមនយោបាយណាមួយដែលលោកជឿថាជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះឡើយ ប៉ុន្តែថា ការសន្និដ្ឋាននេះផ្អែកទៅលើការងាររឹងមាំរបស់នគរបាល។

រូបភាពកាមេរ៉ាសុវត្ថិភាពដែលគេចែករំលែកតៗគ្នាតាមបណ្ដាញទំនាក់ទំនងសង្គមនៅសប្ដាហ៍នេះ  បង្ហាញពីគ្រាប់បែកនៅចំកណ្ដាលផ្លូវ ខណៈម៉ូតូមួយជួរបើកកាត់។ ប៉ុន្មានវិនាទីក្រោយមក វាបានផ្ទុះនៅខាងឆ្វេងនៃរថយន្តទំនើបមួយគ្រឿង។

លោកមានប្រសាសន៍ទៀតថា ពេលនេះនគរបាលកំពុងស្រាវជ្រាវរកបុរសពីរនាក់ដែលជិះម៉ូតុូហួសរថយន្តនេះ នៅមុនពេលគ្រាប់បែកផ្ទុះ។ “យើងកំពុងតាមចាប់ខ្លួនបុរសទាំងពីរដែលជិះម៉ូតូ។ យើងកំពុងដុតដៃដុតជើងដើម្បីបង្ក្រាបករណីនេះ”។

អ្នកនាំពាក្យដដែលក៏លើកឡើងដែរថា មនុស្សប្រាំមួយនាក់បានរងរបួសនៅក្នុងហេតុការណ៍នេះ មិនមែនបីនាក់ដូចការរាយការណ៍បឋមទេ។ បុរសជនជាតិឥណ្ឌា ម្នាក់ បុរសជនជាតិវៀតណាមម្នាក់ និងស្ត្រីជនជាតិខ្មែរ ម្នាក់ត្រូវបានព្យាបាលរបួសត្រូវអំបែងគ្រាប់។ យ៉ាងហោចណាស់ពីរនាក់ក្នុងចំណោមអ្នកទាំងនោះត្រូវបានគ្រូពេទ្យឱ្យចេញពីមន្ទីរពេទ្យហើយកាលពីថ្ងៃពុធ។

ការលើកឡើងថា គ្រាប់បែកនេះជាស្នាដៃរបស់ក្រុមនយោបានកើតមានឡើងស្របពេលរដ្ឋាភិបាលអះអាងថា គណបក្សសង្គ្រោះជាតិ គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ និងលទ្ធិប្រជាធិបតេយ្យ។

ប៉ុន្មានថ្ងៃបន្ទាប់ពីលោក កែម ឡី អ្នកវិភាគនយោបាយត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីខែកក្កដា បណ្តាអង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានបន្ទោសគណបក្សប្រឆាំងថាត្រូវទទួលខុសត្រូវចំពោះឃាតកម្មនេះ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍នៅពេលនោះថា លោកទទួលបានព័ត៌មានដូចគ្នា ហើយថា គណបក្សសង្គ្រោះជាតិមានចំណាប់អារម្មណ៍ចង់ឲ្យអំពើហិង្សាកើតឡើងដើម្បីបន្ទោសទៅលើរដ្ឋាភិបាល។

កាលពីខែមុន លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានចោទប្រកាន់គណបក្សប្រឆាំងថាប៉ុនប៉ង ”រំខានសណ្ដាប់ធ្នាប់សាធារណៈ” តាមរយៈការគាំទ្រយុទ្ធនាការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដោយសន្តិវិធីដែលអ្នកចូលរួមបានអំពាវនាវឱ្យដោះលែងមន្ត្រី និងសកម្មជនដែលជាប់ពន្ធនាគារក្នុងសំណុំរឿងដែលមជ្ឈដ្ឋានទូទៅជឿថាជារឿងនយោបាយនោះ។

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានច្រានចោលការលើកឡើងរបស់នគរបាលស្ដីពីការបំផ្ទុះគ្រាប់បែកនេះ។”យើងគួរតែគិតថា តើក្រុមនយោបាយណាមានអាវុធ។ ក្រុមនយោបាយដែលកំពុងប្រយុទ្ធប្រឆាំងតាមរយៈអហិង្សាមិនអាចធ្វើបែបនោះទេ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស