រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ចិនបានសន្យាផ្តល់មូលនិធិដល់ប្រទេសកម្ពុជាសម្រាប់គម្រោងមួយចំនួនក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង ក្នុងពេលប្រជុំអាស៊ាននៅសប្តាហ៍នេះនៅក្នុងក្រុងវៀងច័ន្ទន៍។
លោក កៅ គឹមហួន បាននិយាយនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញពេលវិលត្រឡប់មកវិញ ជាបេសកជនលោកនាយករដ្ឋមន្ត្រីថា “រដ្ឋាភិបាលចិនបានឯកភាពផ្តល់ជំនួយ ទីមួយទៅលើគម្រោងធារាសាស្ត្រទន្លេវ៉ៃកូ និងទីពីរសម្រាប់គម្រោងផ្លូវជាតិលេខ៥១”។
លោកបាននិយាយថា ចិនក៏បានសន្យាផ្តល់ថវិកាបន្ថែមទៀតសម្រាក់ការជួសជុលប្រាសាទព្រះវិហារ ហើយសន្យាបង្កើនទ្វេមួយជាពីរនូវកូតានាំចូលអង្ករកម្ពុជាពី១០០.០០០តោនទៅ២០០.០០០តោនក្នុងមួយឆ្នាំ។
លោក គឹមហួន មិនបានបញ្ជាក់ចំនួនទឹកប្រាក់ដែលចិននឹងផ្តល់សម្រាប់គម្រោងផ្សេងៗទេ។
អំណោយសប្បុរសចិនដល់កម្ពុជាបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងទៅនេះ ដោយអ្នកសង្កេតការណ៍អះអាងថា រដ្ឋាភិបាលក្រុងភ្នំពេញបានជួយតបវិញដោយដើរតួក្នុងនាមក្រុងប៉េកាំង ដើម្បីរារាំងអាសា៊ានពីការរួបរួមគ្នាប្រឆាំងនឹងការទាមទារទឹកដីរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
កាលពីខែកក្កដា ចិនសន្យាផ្តល់ប្រាក់ប្រមាណ៦០០លានដុល្លារដល់កម្ពុជា ពោលគឺប៉ុន្មានថ្ងៃក្រោយពីខ្លួនបានរារាំងការប្រើសម្តីនៅក្នុងសេចក្តីថ្លែងការណ៍អាស៊ានរួមដែលសំដៅលើសេចក្តីសម្រេចគាំទ្រប្រទេសហ្វីលីពីនក្នុងរឿងក្តីមួយប្រឆាំងនឹងចិន ដែលទាក់ទងនឹងតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍នៅក្នុងក្រុងឡាអេ។

កិច្ចប្រជុំសប្តាហ៍នេះបានជៀសពីការនិយាយដល់សមុទ្រចិនខាងត្បូង បន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូធើតេ បាននិយាយមុននឹងមានកិច្ចប្រជុំថា លោកនឹងមិនលើកឡើងអំពីរឿងហ្នឹងទេ។
លោក គឹមហួន កាលពីថ្ងៃព្រហស្បតិ៍បញ្ជាក់ម្តងទៀតអំពីគោលជំហរកម្ពុជា ជាជំហរមួយរួមជាមួយចិនថា ជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងគួរដោះស្រាយទ្វេភាគីដោយប្រទេសនីមួយៗ ហើយមិនមែនជាប្លុកទេ ដែលនឹងធ្វើឲ្យអាស៊ានមានឥទ្ធិពលជាង។
លោកបាននិយាយថា “គ្មានអ្វីថ្មីទេ។បញ្ហាសមុទ្រចិនខាងត្បូងត្រូវបែងចែកដាច់ពីគ្នា រវាងបញ្ហាទ្វេភាគីនិងបញ្ហារវាងអាស៊ាននិងចិន”។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាលោក ជាម យៀប បានប្រាប់អ្នកយកព័ត៌មានពេលត្រឡប់មកដល់ក្រុងភ្នំពេញកាលពីថ្ងៃពុធថា អំឡុងពេលប្រជុំសភាថ្នាក់តំបន់ កម្ពុជាអាចរារាំងការពិភាក្សាអំពីជម្លោះសមុទ្រចិនខាងត្បូង។
លោក យៀប បាននិយាយដោយការពារសំណើកម្ពុជា ដើម្បីមិនពិភាក្សាពីសមុទ្រចិនខាងត្បូង អំឡុងពេលមហាសន្និបាតអន្តរសភាអាស៊ានថា “យើងមិនមានការជ្រៀតជ្រែកផ្ទៃក្នុងពីប្រទេសផ្សេងទេ ហើយក៏មិនអាចឲ្យប្រទេសដទៃរំលោភបូរណភាពនិងអធិបតេយ្យកម្ពុជាបានដែរ”។
លោក យៀប បានកត់សម្គាល់ថា កម្ពុជាបានប៉ុនប៉ងមិនបានជោគជ័យក្នុងការប្រមូលសមាជិកអាស៊ានឲ្យគាំទ្រការទាមទាររបស់ខ្លួនលើប្រាសាទព្រះវិហារ អំឡុងពេលមានជម្លោះពីមុនៗជាមួយប្រទេសថៃ ប៉ុន្តែថា គេបានប្រាប់ម្តងហើយម្តងទៀតថា បញ្ហានោះគួរដោះស្រាយរវាងប្រទេសទាំងពីរ។
លោកបាននិយាយថា “ឥឡូវយើងយករឿងនេះជាបទពិសោធន៍”៕