30 C
Phnom Penh

រដ្ឋាភិបាល​បដិសេធ​ការអធិប្បាយ​របស់​សហប្រជាជាតិ​អំពី​របាយការណ៍​សិទ្ធិ​មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរបស់រដ្ឋាភិបាលប្រចាំអង្គការសហប្រជាជាតិបានរិះគន់សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ ដែលសំដែងកង្វល់អំពី “ស្ថានការណ៍មានការបំភិតបំភ័យកាន់តែខ្លាំង” ក្នុងប្រទេសកម្ពុជា។

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសកម្ពុជានៅក្រុងហ្សឺណែវបានរិះគន់ការចេញរបាយការណ៍នៅថ្ងៃអង្គារដោយលោកស្រី រ៉ាវីណា ស៊ែមដាសានី (Ravina Shamdasani) អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដែលបានជំរុញឲ្យរដ្ឋាភិបាលគាំទ្រសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិជួបជុំគ្នាដោយសន្តិវិធី។

សេចក្តីថ្លែងការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា “យើងខ្វល់ខ្វាយយ៉ាងខ្លាំងអំពីស្ថានការណ៍មានការបំភិតបំភ័យកាន់តែខ្លាំងលើអ្នកនយោបាយប្រឆាំង អ្នកគាំទ្ររបស់បក្សប្រឆាំង សង្គមស៊ីវិល និងការធ្វើបាតុកម្មដោយសន្តិវិធីក្នុងប្រទេសកម្ពុជា”។

សេចក្តីថ្លែងការណ៍បាននិយាយថា “ពីរបីថ្ងៃកន្លងទៅនេះ ការបង្ហាញកម្លាំងដ៏ច្រើនបានធ្វើឡើងដោយកម្លាំងប្រដាប់អាវុធនៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រឆាំង។ ការបង្ហាញនេះ ដែលរួមមានការបង្កើនវោហារពីសំណាក់ក្រុមមន្ត្រីកងទ័ពជាន់ខ្ពស់ ដែលបានប្តេជ្ញាការពារគណបក្សកាន់អំណាចប្រឆាំងនឹងគណបក្សប្រឆាំងនោះ គឺគួរឲ្យបារម្ភយ៉ាងខ្លាំង”។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក៏បានអធិប្បាយចំពោះការប្រព្រឹត្តលើលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ដែលត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ខែកាលពីថ្ងៃសុក្រ ព្រោះបដិសេធមិនចូលខ្លួនទាក់ទិននឹងករណីមួយផ្សេងទៀត។ “មូលដ្ឋានភ័ស្តុតាងខ្សោយនៃបទចោទ និងភាពខ្វះខាតខាងនីតិវិធី ធ្វើឲ្យមានកង្វល់ជាខ្លាំងអំពីភាពត្រឹមត្រូវនៃដំណើរការរឿងក្តីនេះ”។

ជាការឆ្លើយតប ស្ថានបេសកកម្មអចិន្ត្រៃយ៍បានជំទាស់នឹងការអធិប្បាយនោះ ថាមិនសមរម្យ និងក្រៅអង្គសេចក្តីនៃច្បាប់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។

ស្ថានបេសកកម្មអចិន្ត្រៃយ៍បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រថា “ខ្លឹមសារនៃបញ្ហាដែលលើកឡើងគឺមានចរិតក្នុងប្រទេសតែប៉ុណ្ណោះ ហើយក្នុងនាមជារដ្ឋអធិបតេយ្យដែលមានភារកិច្ចរបស់ខ្លួនត្រូវឆ្លើយតបនឹងពលរដ្ឋក្នុងប្រទេសរបស់ខ្លួននោះ កម្ពុជាមិនអាចទទួលយកការបង្ខូចកិត្តិយសបែបនេះលើរដ្ឋាភិបាលស្របច្បាប់ ឬក៏មិនទទួលយកការបង្គាប់តាមការវិនិច្ឆ័យណាមួយពីអង្គភាពបរទេស ចំពោះតុលាការរបស់យើងនិងដំណើរការនៃកិច្ចការរដ្ឋាភិបាលបានឡើយ”។

សេចក្តីថ្លែងការណ៍ក៏បាននិយាយដែរថា ការរិះគន់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សគឺផ្ទុយគ្នានឹងជំនួបកាលពីថ្ងៃអង្គាររវាងលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រៅជំនួបកំពូលអាស៊ាន ក្នុងទីក្រុងវៀងចន្ទន៍ ប៉ុន្តែមិនបានផ្តល់ភ័ស្តុតាងថាខ្លួនធ្វើយ៉ាងណាទេ។

ការវាយតម្លៃប្រចាំឆ្នាំលើប្រទេសកម្ពុជាដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងត្រូវធ្វើនាសប្តាហ៍ក្រោយនៅទីក្រុងហ្សឺណែវ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរំពឹងថា នឹងរាយការណ៍នៅថ្ងៃអង្គារ អំពីកិច្ចការរបស់ខ្លួនក្នុងប្រទេសកម្ពុជា និងស្ថានភាពនៃសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ។
លោក នីកូឡាស អាហ្គោស្ទីនី(Nicolas Agostini) តំណាងសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិមានមូលដ្ឋាននៅក្រុងហ្សឺណែវប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី រ៉ូណា ស្មីត អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ត្រូវគេរំពឹងថានឹង “វិភាគនិងថ្កោលទោសការបង្ក្រាបជាបន្តបន្ទាប់លើសង្គមស៊ីវិលនិងអ្នកការពារសិទ្ធិមនុស្ស ការយាយីសមាជិកនិងអ្នកគាំទ្របក្សប្រឆាំង និងអំពើហិង្សាផ្នែកនយោបាយ ក៏ដូចជារៀបចំអនុសាសន៍ទាក់ទិននឹងបញ្ហានេះ”។

ការប្រព្រឹត្តរបស់រដ្ឋាភិបាលលើគណបក្សសង្គ្រោះជាតិមុនឈានទៅដល់ការបោះឆ្នោតឃុំសង្កាត់នាឆ្នាំក្រោយ និងការបោះឆ្នោតជាតិនៅឆ្នាំ២០០៨ ជាកង្វល់ពិសេសចំពោះក្រុមសិទ្ធិមនុស្សអន្តរជាតិ។

ក្នុងការចេញរបាយការណ៍កាលពីថ្ងៃអង្គារ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងថា រដ្ឋាភិបាលបានបិទផ្លូវការតវ៉ាដោយសន្តិវិធី និងបានចាប់ខ្លួនក្រុមអ្នកតវ៉ា និងបានដាក់របាំងផ្លូវ និងបានប្រើទ័ពដើម្បីរារាំងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនឲ្យដាក់ញត្តិនៅតាមស្ថានទូតនានា។

ក្នុងការឆ្លើយតបរបស់ខ្លួនកាលពីថ្ងៃសុក្រ ស្ថានបេសកកម្មអចិន្ត្រៃយ៍បាននិយាយថា សមត្ថកិច្ចកម្ពុជាបាន “ខិតខំយ៉ាងសមស្របបំផុត” ដើម្បីធានាដល់ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស