កាលពីម្សិលមិញ ថ្នាក់ដឹកនាំគណបក្សប្រឆាំងបានអំពាវនាវឲ្យអ្នកគាំទ្រពិចារណាធ្វើមហាបាតុកម្ម បន្ទាប់ពីការផ្តន្ទាទោសលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រឲ្យជាប់ពន្ធនាគារ ខណៈដែលអ្នកនាំពាក្យរដ្ឋាភិបាលបានព្រមានថា អ្នកដែលព្យាយាមធ្វើតាមការអំពាវនាវនោះនឹង “ប្រឈមផលវិបាកធ្ងន់ធ្ងរ”។
ថ្លែងតាមវីដេអូខន់ហ្វឺរិនទៅកាន់សកម្មជនយុវជនគណបក្សសង្គ្រោះជាតិប្រហែល៣០០នាក់មកពីខេត្តកណ្តាលនៅទីស្នាក់ការកណ្តាលគណបក្សក្នុងរាជធានីភ្នំពេញ លោក សម រង្ស៊ី បានសួរអ្នកគាំទ្រថា តើបងប្អូនត្រៀមខ្លួនចេញមកតវ៉ាតាមផ្លូវដើម្បីទាមទារយុត្តិធម៌ហើយ ឬនៅ។
លោក សម រង្ស៊ីដែលរស់នៅក្នុងភាពនិរទេសនៅក្នុងប្រទេសបារាំងដើម្បីគេចពីទោសជាប់ពន្ធនាគារនោះបានមានប្រសាសន៍ថា “ប្រសិនបើបងប្អូនគិតថា វាជារឿងត្រឹមត្រូវ យើងត្រូវរៀបចំមហាបាតុកម្មដូចឆ្នាំ២០១៣និងដើមឆ្នាំ២០១៤។ លោកបានសួរថា “តើបងប្អូនត្រៀមខ្លួនចូលរួមមហាបាតុកម្មដើម្បីទាមទារយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរហើយ ឬនៅ?។ តើបងប្អូនយល់ព្រមទេ? ត្រង់ចំណុចនេះ សកម្មជនយុវជនបានស្រែកថា “យល់ព្រម !”។
នៅក្នុងការលើកឡើងកាលពីព្រឹកនោះ លោក កឹម សុខា ដែលមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ បើទោះជាលោកត្រូវបានផ្តន្ទាទោសកាលពីថ្ងៃសុក្រឲ្យជាប់ពន្ធនាគាររយៈពេល៥ខែពីបទបដិសេធមិនបង្ហាញខ្លួនតុលាការនោះ បានវាយប្រហាររដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមុនពេលមានការលើកឡើងពីមហាបាតុកម្មផងដែរ។
លោក កឹម សុខា បានមានប្រសាសន៍ថា “ក្រុមផ្តាច់ការក្នុងអតីតកាលនៅជាមួយខ្មែរក្រហមរហូតមកដល់ពេលនេះអ្នកទាំងនោះមាននិន្នាការដូចខ្មែរក្រហមដែរ។ សោកនាដកម្មនេះមិនទាន់បញ្ចប់ទេ។ ភាពអយុត្តិធម៌ធ្ងន់ធ្ងរណាស់ក្នុងពេលបច្ចុប្បន្ននេះ”។
លោក កឹម សុខា បានអំពាវនាវដល់អ្នកគាំទ្រគណបក្សប្រឆាំង និងប្រជាពលរដ្ឋសកម្មក្នុងសង្គមជាច្រើនទៀតឲ្យរួមគ្នាប្រឆាំង នឹងតុលាការក្នុងប្រទេសកម្ពុជា។
លោក កឹម សុខា បានមានប្រសាសន៍ថា “ខ្ញុំនិងលោកប្រធាន សម រង្ស៊ី ដែលជាដៃគូស្លាប់រស់ជាមួយខ្ញុំក្នុងការសង្គ្រោះជាតិ មានផែនការ ប្រសិនបើប្រព័ន្ធតុលាការនៅតែផ្តល់ភាពអយុត្តិធម៌ដល់យើងទាំងអស់គ្នា”។
លោកបន្ថែមថា “សកម្មជនដីធ្លី អ្នកការពារសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន និងក្រុមមន្ត្រីគណបក្សប្រឆាំង យើងនឹងពិចារណាប្រើប្រាស់សិទ្ធិយើងដើម្បីធ្វើមហាបាតុកម្មនៅទូទាំងប្រទេស និងនៅក្នុងរាជធានីភ្នំពេញ”។
មិនទាន់មានផែនការច្បាស់លាស់ត្រូវបានដាក់ចេញដោយប្រធានគណបក្សនៅឡើយទេ។ លោក កឹម សុខា បានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សឡើយ ហើយលោក សម រង្ស៊ី មិនបានឆ្លើយតបចំពោះសំណើតាមអីុម៉េលដើម្បីសុំអត្ថាធិប្បាយទេ។
បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាសមក គណបក្សប្រឆាំងបានដឹកនាំការតវ៉ារាប់ខែ ដោយទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែងក្នុងអ្វីដែលសាធារណជនជាច្រើនបង្ហាញពីការមិនពេញចិត្តជាមួយគណបក្សប្រជាជនកម្ពុជាកាន់អំណាច ក្នុងរយៈពេលយ៉ាងតិច១៥ឆ្នាំ។
ការតវ៉ាទាំងនោះបានបញ្ចប់ភ្លាមៗក្នុងខែមករា ឆ្នាំ២០១៤នៅពេលកងរាជអាវុធហត្ថបានបាញ់កម្មកររោងចក្រកាត់ដេរដែលធ្វើការតវ៉ាបណ្តាលឱ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់ ហើយកម្លាំងសន្តិសុខបានបណ្តេញក្រុមអ្នកតវ៉ាដោយបង្ខំចេញពីទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ ទីដែលគណបក្សប្រឆាំងបានបោះទីតាំងសម្រាប់ធ្វើការតវ៉ា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍កាលពីម្សិលមិញថា ការព្យាយាមថ្មីណាមួយពីសំណាក់គណបក្សសង្គ្រោះ ជាតិដើម្បីកៀងគរអ្នកគាំទ្រឱ្យធ្វើការតវ៉ាតាមផ្លូវនោះនឹងមិនត្រូវបានអត់ឱនឡើយ។
លោកបានមានប្រសាសន៍ថា “ពិតណាស់ យើងមិនបណ្តោយឱ្យកើតឡើងឡើយ។ វាមិនមែនជាសេរីភាពនៃការបញ្ចេញមតិទេ។ វាជាសកម្មភាពប្រឆាំងនឹងតុលាការ ផ្ទុយនឹងច្បាប់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់”។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងប្រើប្រាស់ “គ្រប់មធ្យោបាយ”ដើម្បីទប់ស្កាត់ការតវ៉ាបែបនោះ។ លោកបានថ្លែងថា “យើងនឹងដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងអ្នកណាដែលដឹកនាំបាតុកម្មនោះ។ពួកគេនឹងប្រឈមផលវិបាកធ្ងន់ធ្ងរ”។
លោក កឹម សុខាត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ បើទោះជាលោកមានអភ័យឯកសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញដែលរួចផុតពីការចោទប្រកាន់ក្នុងនាមជាតំណាងរាស្ត្រក៏ដោយ ដោយសារការបកស្រាយដ៏ទូលំទូលាយរបស់រដ្ឋាភិបាលពីចំណុចដែលអនុញ្ញាតឲ្យមានការចាប់ខ្លួននៅពេលតំណាងរាស្ត្រប្រព្រឹត្តបទល្មើសជាក់ស្តែង។ ដោយខកខានមិនបានបង្ហាញខ្លួនក្នុងនាមជាសក្សីក្នុងសំណុំរឿងសញ្ចរកម្មពាក់ព័ន្ធស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់របស់លោកនោះ រដ្ឋាភិបាលបានលើកឡើងថាលោក កឹម សុខា ត្រូវបានចាប់ខ្លួនដោយសារប្រព្រឹត្តបទល្មើសជាក់ស្តែង។
គណបក្សសង្គ្រោះជាតិបានលើកឡើងពីការចោទប្រកាន់លើលោក កឹម សុខា ព្រមទាំងលើលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំងដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារជុំវិញការបង្ហោះសារតាមហ្វេសប៊ុកនោះ បានរំលោភរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ ការអំពាវនាវជាច្រើនជំទាស់នឹងរឿងក្តីនេះ ត្រូវបានច្រានចោល។
បន្ទាប់ពីការប្រកាសសាលក្រមកាលពីថ្ងៃសុក្រ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា សាលក្រមនេះនឹងត្រូវអនុវត្ត ប៉ុន្តែ លោកបានបដិសេធមិននិយាយថា តើវាអាចកើតឡើងនៅពេលណានោះឡើយ។
លោក Josef Benedict អនុប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “ប្រទេសកម្ពុជាកំពុងស្ថិតក្នុងវិបត្តិ ដោយសាររដ្ឋាភិបាលចូលរួមក្នុងយុទ្ធនាការបំភិតបំភ័យសកម្មជននយោបាយ និងសង្គមស៊ីវិលដែលអហិង្សា ដោយប្រើប្រាស់ការចោទប្រកាន់មិនសមទំនង ដែលរៀបចំឡើយដើម្បីផ្តន្ទាទោស បំបែក និងកាត់បន្ថយការប្រឆាំងដោយសន្តិវិធី”។
លោកបានថ្លែងថា “ការផ្តន្ទាទោសលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងឱ្យជាប់ពន្ធនាគារនៅថ្ងៃនេះចំពោះការបដិសេធមិនបង្ហាញខ្លួនក្នុងនាមជាសាក្សីនោះគឺជាទង្វើច្បាស់ក្រឡែតមួយទៀតពីការបំផិតបំភ័យនយោបាយ និងការវិវឌ្ឍថ្មីបំផុតនៅក្នុងយុទ្ធនាការដែលកំពុងបន្តនេះ”៕សារុន