29 C
Phnom Penh

សកម្មជនគណបក្ស​​​សង្គ្រោះជាតិ​​​ត្រូវរារាំង​​​ពេលណែនាំ​​​អ្នកបោះឆ្នោត​​​ឲ្យចុះឈ្មោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីព្រឹកថ្ងៃសៅរ៍ សកម្មជនគណបក្សសង្គ្រោះជាតិប្រហែល៤០នាក់ត្រូវបានគេរារាំងមិនឲ្យបើកជុំវិញក្រុងសៀមរាប ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ។

បំពាក់ដោយឧគ្ឃោសនសព្ទនៅលើឡានមួយគ្រឿង ក្រុមសកម្មជនបានចេញដំណើរដោយបើកម៉ូតូប្រហែល៣០គ្រឿងដោយមានគម្រោងទៅផ្សារបួនកន្លែងក្នុងក្រុង។ ប៉ុន្តែនៅពេលដែលពួកគេបានទៅដល់ផ្សារសាមគ្គី ក្នុងសង្កាត់ស្លក្រាមនៅម៉ោងប្រហែល១០ៈ៣០នាទីព្រឹក ពួកគេក៏បានជួបនឹងអាជ្ញាធរដែលបានប្រាប់ពួកគេថា ការប្រមូលផ្តុំរបស់គេត្រូវចប់។

លោក ស៊ូ ផ្លាតុង អភិបាលក្រុងសៀមរាបបាននិយាយថា ”ពេលយើងបានសួរពួកគេ ពួកគេមិនបានសុំការអនុញ្ញាតទេ។ ដូច្នេះ យើងក៏បានបញ្ឈប់ពួកគេ ពីព្រោះយើងកំពុងតែអនុវត្តនីតិរដ្ឋនៅកម្ពុជា”។

លោកអភិបាលក្រុងរូបនេះបានទទួលស្គាល់ថា ក្រុមសកម្មជនកំពុងតែជំរុញឲ្យប្រជាពលរដ្ឋទៅការិយាល័យក្នុងមូលដ្ឋាន ដើម្បីទៅចុះឈ្មោះបោះឆ្នោត ប៉ុន្តែលោកនិយាយថា ក្រុមសកម្មជនមិនបានជូនដំណឹងដល់អាជ្ញាធរអំពីផែនការពួកគេទេ។

លោក ផ្លាតុង បាននិយាយថា” យើងស្វាគមន៍ការចូលរួមពីគណបក្សនយោបាយ សមាគម និងអ្នកសារព័ត៌មាន ស្របតាមការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត”។

លោកបាននិយាយបន្ថែមថា” យើងនឹងមិនបានហាមឃាត់ពួកគេទេ ប៉ុន្តែពួកគេហាក់ដូចជាមិនគោរពអាជ្ញាធរទាល់តែសោះ។ សកម្មភាពពួកគេបានបង្កឲ្យកកស្ទះចរាចរណ៍ ហើយសណ្តាប់ធ្នាប់សាធារណៈជាការទទួលខុសត្រូវរបស់យើង”។

លោកអភិបាលក្រុងបាននិយាយថា “អាជ្ញាធរបានធ្វើការងារច្រើនមកហើយដើម្បីជូនដំណឹងដល់សាធារណជនអំពីរយៈពេលនៃការចុះឈ្មោះបោះឆ្នោតចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា រួមទាំងមានការចែកលិខិតអញ្ជើញ ការបិទខិត្តប័ណ្ណតាមផ្លូវ និងការបង្ហោះសារក្នុងហេ្វកប៊ុកជាដើម”។

លោក ស៊ុម សារ៉ាត់ ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តសៀមរាបបាននិយាយថា អាជ្ញាធរគ្មានហេតុផលណាមួយដើម្បីបញ្ឈប់សកម្មភាពរបស់ពួកគេទេ។

លោក សារ៉ាត់ បាននិយាយថា” អ្វីដែលយើងបានធ្វើនេះផ្អែកតាមការណែនាំពី គ.ជ.ប. ដែលមិនបានបញ្ជាក់ឲ្យច្បាស់លាស់ថា មានការចាំបាច់ត្រូវសុំការអនុញ្ញាតពីអភិបាលក្រុងទេ”។ លោកបាននិយាយបន្ថែមថា ក្រុមសកម្មជនបានដាក់ពាក្យបណ្តឹងទៅចៅសង្កាត់ស្លក្រាមទាក់ទងនឹងការប្រឈមមុខដាក់គ្នានោះ។

លោកបាននិយាយថា “ប្រសិនបើមានការសម្រេចថា យើងមានកំហុស យើងនឹងដាក់ពាក្យបណ្តឹងទៅ គ.ជ.ប. នៅថ្នាក់ជាតិ”៕ មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស