សមាជិកសភាប្រចាំរដ្ឋញូយ៉កម្នាក់ ដែលស្ថិតក្នុងចំណោមចុងចោទក្នុងរឿងក្តីឆបោកដ៏ធំមួយនៅតុលាការក្រុងភ្នំពេញ បានបាញ់សម្លាប់ខ្លួនឯងកាលពីថ្ងៃសុក្រនៅទីកប់ខ្មោចក្នុងក្រុងរ៉ូឆេស្ទឺ ជាផ្នែកមួយនៃមណ្ឌលរបស់លោកក្នុងក្រុងញូយ៉កភាគខាងជើង។
លោក វីលៀម ណូចេ (William Nojay) អាយុ៥៩ឆ្នាំ ក៏ជាពិធីករកម្មវិធីវិទ្យុ មេធាវី សហគ្រិន និងជាឪពុករបស់កូនបីនាក់ ស្ថិតក្នុងចំណោមបុរសបួននាក់ដែលប្តឹងដោយពេទ្យធ្មេញនៅក្រុងភ្នំពេញពីបទឆបោក បន្ទាប់ពីលោកស្រីបានដាក់ប្រាក់វិនិយោគមួយលានដុល្លារក្នុងក្រុមហ៊ុនកសិកម្មមួយ ដែលមិនដែលបានចាប់ផ្តើមដំណើរការសោះ។
ចុងចោទផ្សេងទៀតមាន លោក ស៊ីចាន់ សីុវ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក រិច្ឆឺ សាន (Richer San) អ្នកជំនួញខ្មែរសញ្ជាតិអាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ា និង លោក ថូម៉ាស វីលឹម (Thomas Willems) អ្នកជំនួញមកពីរដ្ឋតិចសាស។
ក្រុមហ៊ុន អាក្រា (Akra Agriculture Partners) ជាក្រុមហ៊ុនដើមហេតុនៃរឿងក្តីនេះ មានបំណងលើកកម្ពស់ជីវភាពកសិករកម្ពុជា ដោយបង្កើនផលិតកម្មនិងបើកទីផ្សារថ្មីៗ។
យោងតាមក្រុមមេធាវីការពារក្តីរបស់លោកស្រី អេង លីគង់ ជាវេជ្ជបណ្ឌិតដែលអះអាងថា លោកស្រីត្រូវបានគេឆបោកនោះ ទោះជាការជាប់ពាក់ព័ន្ធរបស់លោកក្នុងក្រុមហ៊ុននេះនៅមិនច្បាស់ក៏ដោយ ក៏ឈ្មោះរបស់លោក វីលៀម ណូចេ បានលេចឡើងនៅលើគណនីរបស់ក្រុមហ៊ុនមួយចំនួន។
ពីមុន អ្នកនយោបាយរូបនេះបានច្រានចោលការអះអាងទាក់ទិននឹងការប្រព្រឹត្តខុសណាមួយក្នុងសំណុំរឿងនេះ និងបាននិយាយថា លោកគ្រាន់តែជាប់ក្នុងជម្លោះផ្ទាល់ខ្លួន រវាងលោកស្រី លីគង់ និងលោក សាន ប៉ុណ្ណោះ។
យោងតាម Democrat and Chronicle ជាកាសែតនៅក្រុងរ៉ូឆេស្ទឺ រឿងក្តីនេះក្នុងប្រទេសកម្ពុជាស្ថិតក្នុងចំណោមបញ្ហាផ្លូវច្បាប់ជាច្រើនដែលប្រឈមនឹងអ្នកនយោបាយរូបនេះ ដែលត្រូវឈរឈ្មោះបោះឆ្នោតជាថ្មីនៅចុងខែនេះ។ ក្នុងសេចក្តីរាយការណ៍ដ៏ល្អិតល្អន់របស់ខ្លួនអំពីការធ្វើអត្តឃាតរបស់លោក កាសែតនេះបាននិយាយថា បញ្ហារបស់លោកនៅប្រទេសកម្ពុជាមិនមែនជាបញ្ហាបន្ទាន់បំផុតនោះទេ។
ប្រភពជាច្រើនបានប្រាប់កាសែតនេះថា លោក វីលៀម ណូចេ កំពុងប្រឈមមុខនឹងការផ្តន្ទាទោសព្រហ្មទណ្ឌពីបទចោទជាច្រើនទាក់ទិននឹងការចោទប្រកាន់បាត់មូលនិធិពីគណនីមួយ ដែលលោកគ្រប់គ្រងឲ្យកូនក្តីនិងជាមិត្តភក្តិយូរឆ្នាំហើយ គឺស្ថាបត្យករ ខាលថុន ឌឹវ៉ូល (Carlton DeWolff) ជាដៃគូម្នាក់ក្នុងគម្រោងមួយធ្វើទំនើបកម្មសាលារៀនទីក្រុង។
សំដៅដល់ករណីព្រហ្មទណ្ឌនេះ លោកបាននិយាយបន្ថែមថា លោក ឌឹវ៉ូល បានប្រាប់កាសែតនេះកាលពីថ្ងៃសុក្រថា “ខ្ញុំនៅតែស្លុតចិត្ត។ គាត់តែងតែជាមនុស្សសុចរិតម្នាក់។ ជានិច្ចកាលគាត់ប្រព្រឹត្តល្អមកលើខ្ញុំរហូតដល់រឿងមិនគួរកើតឡើងនេះ”។
លោក ម៉ៃឃើល កាពូតូ ប្រធានយុទ្ធនាការបឋមគណបក្សសាធារណរដ្ឋប្រចាំក្រុងញ៉យករបស់លោក ដូណាល់ ត្រាំ បានប្រាប់កាសែត Democrat and Chronicle ថាលោក វីលៀម ណូចេ ជា “ជនអភិរក្សម្នាក់ល្អណាស់ ជាសំឡេងមួយគួរឲ្យសង្ឃឹមសម្រាប់អ្នកដែលឲ្យតម្លៃទៅលើសេចក្តីសង្ឃឹមបំផុត”។ គេបានដកស្រង់សម្តីគាត់ដែលនិយាយថា “ហើយគាត់ជាមនុស្សមិនចេះនឿយហត់ ដែលធ្វើឲ្យព័ត៌មាននេះរឹតតែរំភើបចិត្តថែមទៀត”។
លោកស្រី លីគង់ និងគ្រួសាររបស់លោកស្រី មិនបានចូលរួមចំណែកទុក្ខក្រៀមក្រំនេះទេ។
បងប្រុសរបស់ទន្តពេទ្យរូបនេះ គឺលោក អេង លីគ័ង (Eng Lykhoing) បានសរសេរក្នុងការបង្ហោះតាមហ្វេសប៊ុកជាមួយនឹងអត្ថបទព័ត៌មានមួយអំពីអត្តឃាតកម្មនេះថា “វេជ្ជបណ្ឌិត លីគង់ ទទួលបានយុត្តិធម៌របស់គាត់។ ជនឆបោកម្នាក់ទទួលស្គាល់ការឆបោករបស់គាត់។ គាត់បានកាត់ទោសខ្លួនឯងដោយមិនឲ្យតុលាការលំបាក។ សូមទៅកាន់សុខគតិភព”។
លោកស្រី លីគង់ បាននិយាយកាលពីម្សិលមិញថា មេធាវីរបស់លោកស្រីនៅអាមេរិកបានសួរដេញដោលលោក វីលៀម ណូចេ ដដែលៗក្នុងពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែថា គាត់បានបដិសេធមិនព្រមសហការទេ។
លោកស្រីបាននិយាយទាក់ទិននឹងអត្តឃាតកម្មនេះថា “ខ្ញុំគិតថា នេះជាការល្អមួយដែលបង្ហាញតុលាការថា ពួកគេពិតជាបោកខ្ញុំមែន”។
តាមលោក អ៊ន ហ៊ីង មេធាវីរបស់លោកស្រី លីគង់ សវនាការគ្រោងនឹងបន្តនៅតុលាការក្រុងនាថ្ងៃទី២៧ខែកញ្ញាខាងមុខនេះ៕ និត