34 C
Phnom Penh

អំឡុងពិធីបុណ្យ​​​សាសនា ​​​បងប្អូន​​​ខ្មែរអុិស្លាម​​​ទទួល​​​បាន​​​អំណោយសាច់គោ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នីង ហ្គានណា កម្រទទួលទានសាច់ណាស់ ដល់ថ្នាក់ធ្វើឲ្យអ្នកស្រីមិនដឹងថា សាច់គោមួយគីឡូថ្លៃប៉ុន្មានផង។ ស្ត្រីវ័យ២៨ឆ្នាំរូបនេះធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែងដោយទទួលបានកម្រៃគ្រប់គ្រាន់សម្រាប់តែទិញសាច់មាន់គុណភាពមិនល្អម្តងម្កាល និងត្រីសម្រាប់គ្រួសាររបស់អ្នកស្រីប៉ុណ្ណោះ ប៉ុន្តែអាចតិចតួចជាងនេះទៅទៀត។

ទោះជាយ៉ាងណា កាលពីម្សិលមិញ ខណៈអ្នកស្រីអង្គុយដោយមានកន្សែងរុំក្បាលនៅក្នុងផ្សារមានដីហុយមួយកន្លែងតាមបណ្តាយផ្លូវជាតិលេខ៥នោះ អ្នកស្រី នីង ហ្គានណា បានលើកឡើងថា អ្នកស្រីមិនអាចនៅបានតទៅទៀតទេត្រូវតែត្រឡប់ទៅផ្ទះដើម្បីចៀនសាច់គោស្រស់សម្រាប់កូនស្រីនៅក្មេងៗពីរនាក់របស់អ្នកស្រី។ សាច់គោគឺជាអំណោយ។

ប្រជាជនក្នុងសហគមន៍ខ្មែរអិុស្លាម សម្លាប់គោនៅព្រះវិហារ Nussunain Mosque ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ អំឡុងពិធីមួយដើម្បីប្រារព្ធអបអរពិធីបុណ្យសាសនា អេដ អាល់ អាដហា។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ប្រជាជនក្នុងសហគមន៍ខ្មែរអិុស្លាម សម្លាប់គោនៅព្រះវិហារ Nussunain Mosque ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ អំឡុងពិធីមួយដើម្បីប្រារព្ធអបអរពិធីបុណ្យសាសនា អេដ អាល់ អាដហា។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បន្ទាប់ពីទទួលទានបបរសអស់មួយចាននៅខាងមុខផ្សារដ៏ងងឹតមួយ អ្នកស្រីបាននិយាយថា “ខ្ញុំសប្បាយរីករាយណាស់ ខ្ញុំខិតខំធ្វើការខ្លាំងណាស់ក្នុងប៉ុន្មានថ្ងៃនេះដែលជាហេតុធ្វើឲ្យគ្មានពេលជួបមុខកូនៗរបស់ខ្ញុំនោះឡើយ។ ឥឡូវខ្ញុំអាចចំណាយពេលនៅជាមួយពួកគេបានហើយ និងប្អូនប្រុសប្អូនស្រីរបស់ខ្ញុំដែរ”។

រោងចក្រជួង មាស ជារោងចក្រកាត់ដេរដែលស្ត្រីរូបនេះធ្វើការមិនអនុញ្ញាតឲ្យអ្នកស្រី ឬអ្នករួមការងារដែលកាន់សាសនាអិុស្លាមប្រហែល៣០នាក់ផ្សេងទៀតឈប់សម្រាកឡើយអំឡុងពិធីបុណ្យ អេដ អាល់-អាដហា (Eid al-Adha) ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគាត់ភាគច្រើននៅតែអាចឈប់សម្រាកបានដោយត្រូវកាត់ប្រាក់ខែ១០ដុល្លារដែលពួកគាត់អាចទទួលបានទាំងលំបាក។

អេដ អាល់-អាដហា “ពិធីបុណ្យបូជា” គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រចាំឆ្នាំចំនួនពីរដែលអ្នកកាន់សាសនាអិុស្លាមប្រារព្ធធ្វើឡើងទូទាំងពិភពលោក។វារំឮកដល់ការស្ម័គ្រចិត្តលះបង់របស់ អីុប្រាហីុម(Ibrahim) ដែលព្រមបូជាកូនប្រុសរបស់ខ្លួនដល់ព្រះជាម្ចាស់។ ដើម្បីរំឭកដល់ពិធីបូជានេះដែលមិនដែលកើតឡើងទាល់តែសោះដោយសារព្រះជាម្ចាស់បានបញ្ជូនទេពធីតាមួយអង្គឲ្យមកធ្វើអន្តរាគមន៍នៅនាទីចុងក្រោយនោះ អ្នកកាន់សាសនាអិុស្លាមដែលមានលទ្ធភាពបានបូជាគោ ឬចៀមសម្រាប់ពិធីនៅពេលព្រឹក។ ពួកគេបានទុកសាច់ខ្លះសម្រាប់គ្រួសាររបស់ខ្លួនសាច់ដែលនៅសល់ពួកគេយកទៅចែកជូនអ្នកក្រីក្រ។

សម្រាប់អ្នកកាន់សាសនាអិុស្លាមមួយចំនួន រួមមានដូចជាជនជាតិម៉ាឡេស៊ីមួយក្រុមដែលបានយកគោ៣០ក្បាលទៅចែកជូនអ្នកកាន់សាសនាអិុស្លាមនៅក្នុងភូមិរបស់អ្នកស្រី នីង ហ្គានណា ដែលស្ថិតនៅជាយរាជធានីភ្នំពេញជាដើមនោះ ពិធីបុណ្យនេះជាមធ្យោបាយដើម្បីយកសត្វគោទៅចែកជូនបងប្អូនខ្មែរ-អិុស្លាម។

លោក សា ឡេះ ជាអីម៉ាមមួយរូបនៅក្នុងព្រះវិហារ Nussunain ជាកន្លែងដែលអ្នកស្រី នីង ហ្គានណា ទៅថ្វាយបង្គំនោះ បាននិយាយខណៈលោកធ្វើជាអធិបតីនៅក្នុងពិធីបូជាសត្វពាហនៈចំនួន១២ក្បាលថា “ពិធីបុណ្យនេះគឺដើម្បីនាំយើងឲ្យទៅកៀកនឹងព្រះរបស់យើង”។ លោកបានពន្យល់ថា គោនីមួយៗត្រូវបានទិញនៅតាមស្រុកភូមិដោយភ្ញៀវទេសចរម៉ាឡេស៊ីមួយក្រុមដែលមានការអាណិតអាសូរចំពោះភាពក្រីក្រនៅក្នុងសហគមន៍។

ខណៈលោក សា ឡេះ កំពុងថ្លែង បុរស៨នាក់បានប្រមូលផ្តុំគ្នាដោយយកដៃរបស់ពួកគេដាក់លើត្រកៀកនិងខ្នងគោពណ៌ត្នោត មួយក្បាលដែលដេកដួលនៅក្នុងទីធ្លា។ ពួកគេបានបួងសួងជាភាសាអារ៉ាប់ ហើយបានអារកាត់បំពង់កគោមួយក្បាលនោះដោយប្រើកាំបិតដែលមានផ្លែយ៉ាងមុតស្រួច។ក្រៅពីបុរសមួយក្រុមនេះ មានបុរសមួយក្រុមទៀតបានត្រៀមកាំបិតពន្លះសាច់ជាដុំៗ។

ដោយនិយាយម្តងហើយម្តងទៀតអំពីអ្នកបួងសួង លោក សា ឡេះ បាននិយាយថា “អ្នកបួងសួងគឺអ្នកបួងសួងដល់ព្រះអាឡោះ។ វាឧទ្ទិសដល់សត្វពាហនៈ និងការបូជា”។

អីម៉ាមរូបនេះបានលើកឡើងបន្តទៀតថា គោទាំង១២ក្បាលនេះនឹងត្រូវយកទៅចែកជូនដល់ភូមិនេសាទនៅក្បែរៗនោះដែលមានពលរដ្ឋខ្មែរអិុស្លាមប្រមាណ១.៦០០គ្រួសាររស់នៅ។ គ្រួសារនីមួយៗទទួលបានសាច់គោប្រហែល២ទៅ៣ខាំ។ ដូចបងប្អូនខ្មែរអិុស្លាមជាច្រើននាក់ ដែលក្នុងនោះប្រហែលពាក់កណ្តាលរស់នៅក្នុងស្ថានភាពក្រីក្រខ្លាំង អ្នកភូមិខ្មែរអិុស្លាមភាគច្រើនមិនមានលទ្ធភាពទិញសាច់គោដោយខ្លួនឯងបានឡើយ។

ទោះជាយ៉ាងណា នៅក្នុងឆ្នាំនេះ អ្នកភូមិបងប្អូនខ្មែរអិុស្លាមរាប់ម៉ឺននាក់នៅតែគ្មានលទ្ធភាពដដែល។ លោក អះម៉ាត់ យ៉ះយ៉ា អ្នកនយោបាយដ៏លេចធ្លោមួយរូបមកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានអង្គការអភិវឌ្ឍន៍សហគមន៍ខ្មែរអិុស្លាម បានពន្យល់     ថា ជំនួយពីទូទាំងពិភពលោកមានការកើនឡើង។

លោកបានមានប្រសាសន៍ថា “ភ្ញៀវទេសចររាប់រយនាក់បានមកលេងក្នុងឆ្នាំនេះ ដើម្បីយកគោចែកជូនអ្នកក្រីក្រ។ តួកគីបញ្ជូនមកមួយចំនួន សហរដ្ឋអាមេរិកបញ្ជូនភ្ញៀវទេសចរមក។ជនជាតិម៉ាឡេស៊ីរាប់រយនាក់បានមកលេង”។

លោកបានប៉ាន់ប្រមាណថា គោជាង១.០០០ក្បាលត្រូវបានផ្តល់ជាអំណោយទៅឲ្យអ្នកកាន់សាសានាអិុស្លាមនៅកម្ពុជាប្រហែល៧០០.០០០នាក់សម្រាប់ពិធីបុណ្យនៅឆ្នាំនេះ។លោកបានបន្ថែមទៀតថា ខណៈជនបរទេសជាទូទៅផ្ញើលុយមកនៅដើមឆ្នាំនេះនោះ ពួកគេជាច្រើនបានមកលេងប្រទេសកម្ពុជាដោយផ្ទាល់តែម្តងនៅប៉ុន្មានថ្ងៃនេះ។

លោកបានថ្លែងថា “ពួកគាត់ចង់មកលេងប្រទេសកម្ពុជា ដូចជាភ្ញៀវទេសចរអ៊ីចឹង”។លោកបានបន្ថែមថា ពិធីបុណ្យនេះបានជំរុញឲ្យពួកគេឆ្លើយតបចំពោះភាពក្រីក្រដែលកើតមានគ្រប់ទីកន្លែង។

លោកបានថ្លែងបន្តថា “ពលរដ្ឋរបស់យើងគឺសុទ្ធតែក្រីក្រ។ មានអ្នកក្រីក្រ និងអ្នកមធ្យម ប៉ុន្តែ ភាគច្រើនគឺជាអ្នកក្រីក្រ”។

អ្នកស្រី ម៉ាន កា ដែលរស់នៅ ក្បែរព្រះវិហារ Nussunain ទទួលបានក្បាលគោមួយជាអំណោយ។ អ្នកស្រីបានលើកឡើងថា គ្រួសាររបស់អ្នកស្រីដែលមានកូនៗចំនួន៦នាក់ និងទទួលទានសាច់នេះរយៈពេលមួយសប្តាហ៍ដោយយកវាទៅធ្វើស៊ុបទើបទទួលទានបានយូរ។

អ្នកស្រីបាននិយាយនៅក្នុងផ្ទះឈើដ៏តូចមួយដែលមើលឃើញទន្លេសាបថា “ខ្ញុំទទួលទានសាច់២ដងក្នុងមួយឆ្នាំ។ ពីមុន យើងមិនដែលសម្លាប់សត្វគោទេ។ យើងសម្លាប់តែមាន់ប៉ុណ្ណោះ ព្រោះយើងមានតែប៉ុណ្ណឹង”។

អ្នកបានលើកឡើងបន្តថា ដូចនៅក្នុងសហគមន៍ខ្មែរអិុស្លាមជាច្រើនដែរ អ្នកកាន់សាសនាភាគច្រើននៅក្នុងភូមិរបស់អ្នកស្រីប្រកបរបរនេសាទដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែ ដោយសារតែបរិមាណត្រីចេះតែខ្សត់ខ្សោយទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំនេះបុរសភាគច្រើនក្នុងភូមិបានធ្វើចំណាកស្រុកទៅរកការងារធ្វើទីឆ្ងាយៗ។ ស្ត្រីទាំងអស់នៅក្នុងគ្រួសាររបស់អ្នកស្រីសុទ្ធតែគ្មានការងារធ្វើ។

ពេលរៀបចំនំតិចតូចមួយចានដើម្បីទទួលទានជាមួយតែទឹកកកនោះ អ្នកស្រី ម៉ាន កា បាននិយាយថា “យើងសូមថ្លែងអំណរគុណដល់ព្រះជាម្ចាស់។ យើងសប្បាយរីករាយណាស់ដែលបានសាច់គោនេះយកមកឲ្យកូនៗរបស់យើងទទួលទាន”៕ ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស