27 C
Phnom Penh

១០នាក់ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពីបទ​​​ជួញដូរ​​​មេតំ​​​ហ្វេតាមីន​​​នៅខាង​​​ក្រៅ​​​ព្រះវិហារ​​​គ្រិស្ត​​​នីហ្សេរីយ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសជនជាតិនីហ្សេរីយ៉ាប្រាំបួននាក់ និងស្ត្រីកម្ពុជាម្នាក់ដែលជាប់ចោទពីបទជួញដូរថ្នាំញៀនមេតំហ្វេតាមីននៅខាងក្រៅព្រះវិហារគ្រិស្តមួយក្នុងរាជធានីភ្នំពេញ ត្រូវបានកាត់ទោសកាលពីម្សិលមិញឱ្យជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ៨ឆ្នាំ ដោយជនបរទេសនឹងត្រូវបណ្ដេញចេញពីកម្ពុជានៅពេលដោះលែងវិញ។

cam-photo-church-channaបន្ទាប់ពីការស៊ើបអង្កេតរយៈពេល៦ខែរកឃើញថា ក្រុមជួញដូរគ្រឿងញៀននេះធ្វើប្រតិបត្តិការនៅខាងក្រៅព្រះវិហារ Mountain of Fire Miracles Ministries Church ក្នុងខណ្ឌមានជ័យ មន្ត្រីនាយកដ្ឋានប្រឆាំងជួញដូរគ្រឿងនៃក្រសួងមហាផ្ទៃ បានរៀបចំអន្ទាក់សុំទិញមេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់២០០ក្រាមកាលពីខែមករាឆ្នាំមុន។

ពួកគេប្រាំបួននាក់ត្រូវបានចាប់ខ្លួននៅទីតាំងប្រាំកន្លែងខុសគ្នាក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមនក្នុងថ្ងៃតែមួយ នេះបើយោងតាមនគរបាលដែលបានលើកឡើងថា សមាជិកម្នាក់នៃក្រុមនេះបានទៅយកលុយ មុនពេលម្នាក់ទៀតចាកចេញពីព្រះវិហារដើម្បីប្រគល់ទំនិញ។

ម្នាក់ៗក្នុងចំណោមពួកគេទាំងប្រាំបួននាក់ សុទ្ធតែបដិសេធថាខ្លួនមិនបានជួញដូរគ្រឿងញៀន ប៉ុន្តែជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្ត្រីកម្ពុជាសារភាពថាបានប្រគល់កញ្ចប់ទាំងមិនដឹងថា នៅក្នុងកញ្ចប់នោះមានផ្ទុកសារធាតុខុសច្បាប់។

អូប៊ីហ្សេ កេណេត អ៊ូចេ (Obieze Kenneth Uche) អាយុ៣៥ឆ្នាំ ដែលជាប់សង្ស័យថាជាមេខ្លោងនៃបណ្ដាញជួញដូរគ្រឿងញៀន កំពុងមានសេរីភាពនៅឡើយ។

នៅឯសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ចៅក្រមជំនុំជម្រះ ឃី ឆៃ បានសម្រេចផ្ដន្ទាទោសដែលគេទន្ទឹងរង់ចាំជាយូរមកហើយលើអ្នកទាំង១០ពីបទជួញដូរគ្រឿងញៀន។

ចៅក្រមរូបនេះបានប្រកាសថា “បន្ទាប់ពីជនបរទេសទាំងប្រាំបួននាក់អនុវត្តទោសជាប់ពន្ធនាគាររបស់ខ្លួនរួច  ពួកគេនឹងត្រូវបណ្ដេញចេញពីកម្ពុជា ហើយហាមចូលប្រទេសកម្ពុជាវិញរយៈពេល៥ឆ្នាំ”។

អុីហ្សូ៊ជុកវូ ជុកវូម៉ា (Izuchukwu Chukwuma) អាយុ៤០ឆ្នាំ និង អូការុំ គីហ្ស៊ីតូ ជីមេឌូ (Okarom Kizito Chimedu) អាយុ៣៥ឆ្នាំ ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារព្រៃសរយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់១២លានរៀល (ប្រហែល៣.០០០ដុល្លារ)។ ណាប៊ូអុីហ្វេ ហ្វាវួ អូកូរុំ (Nhabuife Favour Okorom) អាយុ៣៦ឆ្នាំ និង វ៉ាប៊ូអុីស៊ី សាន់ដេ (Nwabuisi Sunday) អាយុ៣១ឆ្នាំ ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល (ប្រហែល២.៥០០ដុល្លារ)។ ណា មេហ្ស៊ី វីកទ័រ (Nna Mezie Victor) អាយុ៣០ឆ្នាំ និង ស៊ីម៉ុន ម៉ាឌូកា អ៊ូកានឌូ (Simon Maduka Ukandu) អាយុ៤៥ឆ្នាំ ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៧ឆ្នាំ និងពិន័យជាប្រាក់១៣លានរៀល (ប្រហែល៣.២៥០ដុល្លារ)។ អូប៊ីហ្សេ កេណេត អ៊ូចេ និង ហ្វ្រានស៊ីស ណាមឌី (Francis Nnamdi) អាយុ៣០ឆ្នាំ តូនី ម៉ាឌូកា ជុកវូអូនយ៉េ (Tony Mmaduk Chukwuonye) អាយុ៣៤ឆ្នាំ និង ម៉ម វិនយ៉ុង អាយុ២៥ឆ្នាំ ជាស្ត្រីកម្ពុជាត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំ និងពិន័យជាប្រាក់១៤លានរៀល (ប្រហែល៣.៥០០ដុល្លារ)។

ទោះជាយ៉ាងណា ចៅក្រមមិនបានបកស្រាយពីទោសខុសគ្នានេះទេ ហើយលោក លី សុផាណា អ្នកនាំពាក្យតុលាការមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ។

លោក ឡាយ ឡុងឌី មេធាវីការពារស្ត្រីចុងចោទ ម៉ម វិនយ៉ុង ដែលបានផ្ដល់សក្ខីកម្មអំឡុងពេលសវនាការជំនុំជម្រះថា នាងបានប្រគល់ប្រអប់ទូស័ព្ទស្មាតហ្វូនទាំងមិនដឹងថា មានអ្វីនៅក្នុងនោះជាថ្នូរនឹងប្រាក់១០០ដុល្លារសម្រាប់ចិញ្ចឹមកូនរបស់នាងដែលទើបនឹងកើត បានមានប្រសាសន៍ថា សាលក្រមនេះអយុត្តិធម៌។

លោកបានគូសបញ្ជាក់ថា “គាត់គ្រាន់តែធ្វើអ្វីដែលគាត់ចាំបាច់ត្រូវធ្វើដើម្បីបានប្រាក់ចិញ្ចឹមកូនប៉ុណ្ណោះ ព្រោះគាត់ជាស្ត្រីមេមា៉យ។ ទោសនេះធ្ងន់បន្តិចហើយ”។

លោក យិន បញ្ញារិទ្ធ នាយការិយាល័យនៃនាយកដ្ឋានប្រឆាំងគ្រឿងញៀនដែលបានដឹកនាំការស៊ើបអង្កេតនេះ បានមានប្រសាសន៍ថា មានភ័ស្តុតាងគ្រប់គ្រាន់សម្រាប់ចោទប្រកាន់ក្រុមទាំងមូលនេះ។

លោកបញ្ជាក់ថា ការចាប់ខ្លួន អូប៊ីហ្សេ កេណេត អ៊ូចេ នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ “យើងកំពុងបន្តស្វែងរកមេខ្លោងនេះ ហើយយើងនឹងចាប់ខ្លួនគាត់ ពីព្រោះយើងមានដីកាឃាត់ខ្លួននៅក្នុងដៃហើយ” ហើយថា ការស្វែងរកចាប់ខ្លួនក្នុងពេលឆាប់ៗនេះនឹងពង្រីកហួសព្រំដែនប្រទេសកម្ពុជា។ “យើងកំពុងត្រៀមនិវេទន៍ក្រហមសម្រាប់នគរបាលអាំងទែប៉ូល ដើម្បីឱ្យនគរបាលអាចចាប់ខ្លួនគាត់បាន”។

ព្រះវិហារ Mountain of Fire Miracles Ministries Church មានមូលដ្ឋាននៅប្រទេសនីហ្សេរីយ៉ា ដែលបានប្ដូរទីតាំងសាខារបស់ខ្លួននៅក្នុងរាជធានីភ្នំពេញទៅសង្កាត់បឹងទំពុន  ខណ្ឌមានជ័យកាលពីខែកក្កដា  បានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងក្រុមជួញដូរថ្នាំញៀននេះទេ។

កាសែត Punch របស់នីហ្សេរីយ៉ាបានដកស្រង់សម្ដីគណៈគ្រប់គ្រងព្រះវិហារម្នាក់ឈ្មោះ អូឡាដេឡេ ប៊ែងអូឡេម៉ូ (Oladele Bank-Olemoh) កាលពីខែមុនថា “អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះមិនមែនជាសមាជិករបស់ព្រះវិហារទេ។ ពួកគេមិនមែនជាសាសនទូត (អ្នកផ្សព្វផ្សាយសាសនា) របស់យើងទេ ហើយក៏មិនមែនជាអ្នកធ្វើការនៅក្នុងព្រះវិហារដែរ។ ព្រះវិហារត្រូវបានឆែកឆេរ ហើយរកមិនឃើញអ្វីទេ ទោះបីជាការចាប់ខ្លួនត្រូវបានធ្វើឡើងនៅខាងក្រៅព្រះវិហារក្ដី។ យើងបានជួលមេធាវីម្នាក់ដើម្បីបង្ហាញថា ព្រះវិហារគ្មានទោសពៃរ៍”។

ស្ត្រីម្នាក់ដែលលក់ផ្លែឈើនៅជិតទីតាំងចាស់របស់ព្រះវិហារនេះដែលប្រាប់ត្រឹមតែឈ្មោះ សុភ័ណ ដោយសារខ្លាចការសងសឹក និយាយថា ព្រះវិហារនេះបានបិទរយៈពេលពីរបីខែបន្ទាប់ពីមានការចាប់ខ្លួនកាលពីឆ្នាំមុន ប៉ុន្តែថា មិនយូរប៉ុន្មានក្រុមអ្នកថ្វាយបង្គំក៏ត្រឡប់មកវិញ។

អ្នកស្រីនិយាយទៀតថា “មានតែអ្នកដែលត្រូវបានចាប់ខ្លួនប៉ុណ្ណោះដែលឈប់មក” ហើយថា មនុស្សពី២០ទៅ៣០នាក់បានបន្តមកថ្វាយបង្គំនៅព្រះវិហារនេះ មុនពេលព្រះវិហារនេះប្ដូរទីតាំង។

អ្នកស្រី ហៀង ពុទ្ធីឡា អាយុ៤៩ឆ្នាំ ជាម្ចាស់អគារដែលបច្ចុប្បន្នជួលឱ្យព្រះវិហារនេះ និយាយថា អ្នកស្រីព្រួយបារម្ភខ្លាចមានការជួញដូរគ្រឿងញៀនបន្តទៀត ប៉ុន្តែគាត់នៅតែសម្រេចចិត្តជួលអគារនេះឱ្យទៅព្រះវិហារដដែល។ គាត់និយាយថា “យើងក៏ត្រូវការលុយដែរ”។

អ្នកស្រីបានបន្តថា មានតែមនុស្ស១០នាក់ប៉ុណ្ណោះដែលមកថ្វាយបង្គំនៅរាល់ថ្ងៃសៅរ៍ អាទិត្យ ហើយពួកគេសុទ្ធតែមានអត្តចរិតល្អ។ “ទោះបីជាយើងរាងខ្លាចបន្តិចមែន ប៉ុន្តែវាមិនអាចអាក្រក់ទាំង១០នាក់ទេ”៕ សុខុម (រាយការណ៍បន្ថែមដោយ Janelle Retka)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស