34 C
Phnom Penh

នគរបាល​កម្ពុជា​​​ចាប់ខ្លួន​ជន​ជាតិ​ម៉ាឡេស៊ីម្នាក់ជាមួយ​ថ្នាំញៀន​​​​ហេរ៉ូអីុន​​​តម្លៃ​៧០មឺុន​​​ដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់បាននិយាយថា បុរសជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានចាប់ខ្លួនពេលព្យាយាមជួញដូរហេរ៉ូអុីនទម្ងន់ជាង១គីឡូក្រាមចេញពីប្រទេសកម្ពុជាកាលពីម្សិលមិញ នៅពេលក្រុមមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញធ្វើការឆែកឆេរ ហើយបានរកឃើញថ្នាំញៀនរុំជាប់នឹងភ្លៅរបស់ជននេះ។

លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា Ahmad Johari Chung អាយុ២២ឆ្នាំមកពីរដ្ឋ Sabah ប្រទេសម៉ាឡេស៊ីត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាននៅម៉ោងប្រហែល១២និង៨នាទីថ្ងៃត្រង់ មុនពេលជននេះចេញដំណើរតាមជើងហោះហើរ Bassaka Air ទៅកាន់ម៉ាកាវ។

ឧត្ដមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍ថា ហេរ៉ូអុីននេះទម្ងន់១.០៦៨ក្រាម គិតជាទឹកប្រាក់តម្លៃប្រហែល៧០០.០០០ដុល្លារ។

យោងតាមមន្ត្រីអន្តោប្រវេសន៍ម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌអនាមិក ពីព្រោះលោកមិនត្រូវបានអនុញ្ញាឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា Chung បានឆេកអីុន(check in) សម្រាប់ជើងហោះហើររបស់ខ្លួន ហើយបានឆ្លងកាត់មន្ត្រីអន្តោប្រវេសន៍ជាមួយថ្នាំញៀនរុំជាប់ភ្លៅទាំងសងខាងដោយបង់រុំពណ៌ស។

នៅពេលក្រុមមន្ត្រីនៅកន្លែងត្រួតពិនិត្យសន្តិសុខបានឆែកឆេរជននេះ ពួកគេមានការសង្ស័យ ហើយបានបញ្ជូនបុរសរូបនេះទៅបន្ទប់សាកសួរ ហើយបានរកឃើញហេរ៉ូអីុននោះតែម្តង។

លោកបានថ្លែងថា ”យើងបានឆែកឆេរបុរសរូបនេះដោយស្ទាបសព្វកន្លែងនៅពេលជាមួយគ្នា ហើយបានរកឃើញថ្នាំញៀននេះតែម្តង។ លោកបានបន្ថែមថា Chung ត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនៅម៉ោងប្រហែល៤និង៣០នាទីរសៀល ដើម្បីធ្វើការសាកសួរបន្ថែម។ លោក ខៀវ សំអាន ប្រធាននាយកដ្ឋាននេះបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

កាលពីខែមុន បុរសជនជាតិរ៉ូម៉ានីម្នាក់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាមួយកូកាអុីនដែលមានតម្លៃជិតកន្លះលានដុល្លារលាក់ទុកនៅក្នុងវ៉ាលិសរបស់ខ្លួន។

ដោយទទួលបានព័ត៌មានពីរដ្ឋបាលអនុវត្តច្បាប់គ្រឿងញៀនរបស់អាមេរិក នគរបាលក៏បានចាប់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ទៀតដែលបានមកទទួលគ្រឿងញៀនទាំងនេះ។ ក្រោយមក បុរសទាំងពីរនាក់នេះត្រូវបានចោទប្រកាន់ពីបទជួួញដូរគ្រឿងញៀន។

កាលពីខែឧសភា បុរសជនជាតិនីហ្សេរីយ៉ាម្នាក់មកពីអេមីរ៉ាតអារ៉ាប់រួម ត្រូវបានរកឃើញកូកាអុីន៧០ដុំលេបចូលក្នុងពោះ។ កាលពីមួយខែមុនទៀតនោះ ស្ត្រីជនជាតិថៃម្នាក់បានធ្វើដំណើរតាមជើងហោះហើរកាតាត្រូវបានចាប់ខ្លួនជាមួយកូកាអុីន២,៥គីឡូក្រាមបង្កប់ក្នុងសូកូឡាម៉ាក Lindt៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស