កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមប្រើកម្លាំងប្រឆាំងគណបក្សសង្គ្រោះជាតិ ប្រសិនបើខ្លួនធ្វើមហាបាតុកម្មដែលរៀបចំដោយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។
លោក សុខា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ខែកាលពីថ្ងៃសុក្រពីបទបដិសេធមិនចូលខ្លួនបំភ្លឺក្នុងតុលាការទាក់ទិននឹងរឿងក្តី “ពេស្យាចារ” ដែលជាប់ពាក់ព័ន្ធនឹងស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់របស់លោក ជារឿងក្តីមួយត្រូវមជ្ឈដ្ឋានទូទៅយល់ឃើញថាជារឿងនយោបាយ។ ជាប្រតិកម្មតប លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង និងលោក សុខា ដែលមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ បានថ្លែងកាលពីថ្ងៃអាទិត្យ អំពាវនាវឲ្យអ្នកគាំទ្រត្រៀមចេញធ្វើការតវ៉ា។
ក្នុងសេចក្តីថ្លែងការណ៍មួយចេញកាលពីថ្ងៃច័ន្ទ គណបក្សនេះបាននិយាយថា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិក្រោមអធិបតីភាពលោក សុខា បានសម្រេច “ធ្វើមហាបាតុកម្មអហិង្សាក្នុងពេលខាងមុខ ក្នុងគោលបំណងទាមទារឲ្យមានបរិយាកាសនយោបាយប្រក្រតីឡើងវិញ ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមរយៈដំណោះស្រាយនយោបាយរួម”។
សេចក្តីថ្លែងការណ៍បាននិយាយថា គណបក្សប្រឆាំងនឹង “បង្កើតគណៈកម្មការដើម្បីសិក្សា និងរៀបចំផែនការធ្វើមហាបាតុកម្ម”។
ប្រហែលមួយម៉ោងបន្ទាប់ពីសេចក្តីថ្លែងការណ៍គណបក្សសង្គ្រោះជាតិបានចេញនោះ បទសម្ភាសមួយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានដាក់បង្ហោះតាមវិបសាយហ្វ្រេសញូដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលក្នុងបទសម្ភាសនោះ លោកបានព្រមានថា គណបក្សប្រឆាំងមិនទទួលបានការអនុញ្ញាតធ្វើមហាបាតុកម្មទេ។
លោក ហ៊ុន សែន ត្រូវបានដកស្រង់សម្តីដែលនិយាយថា “ពីរថ្ងៃហើយ គណបក្សសង្គ្រោះជាតិបានគំរាមកំហែងដល់រាជរដ្ឋាភិបាល និងស្ថិរភាពរបស់ប្រទេស ដល់ពេលវេលាដែលត្រូវនិយាយត្រឡប់ទៅវិញថា យើងមិនអនុញ្ញាតទេ។
លោកបានមានប្រសាសន៍ថា “គ្មានដំណោះស្រាយណាដែលអាចរកឃើញ ក្រៅពីតុលាការនោះទេ។ ប្រព័ន្ធតុលាការនឹងកាត់ទោសអ្នកដែលធ្វើខុស ហើយសូមកុំភាន់ច្រឡំថា រាជរដ្ឋាភិបាលមិនមានសិទ្ធិប្រើប្រាស់នូវសមត្ថកិច្ចដើម្បីការពារសន្តិភាពសម្រាប់ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាជន។ រាជរដ្ឋាភិបាលសូមធ្វើការព្រមានទៅអ្នកដែលមានកំហុស សូមកុំធ្វើខុសតទៅទៀត បើមិនដូច្នោះនឹងនាំផលអាក្រក់ដល់ខ្លួន”។
យុទ្ធនាការមហាបាតុកម្មចុងក្រោយរបស់គណបក្សសង្គ្រោះជាតិបានកើតមានឡើងបន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាស។ ការតវ៉ាត្រូវបញ្ឈប់នៅខែមករាឆ្នាំ២០១៤ ពេលដែលកម្លាំងរាជអាវុធហត្ថបើកការបាញ់ប្រហារលើកម្មកររោងចក្រកាត់ដេរដែលតវ៉ា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់ប្រាំនាក់ ហើយកងកម្លាំងសន្តិសុខបានបោសសម្អាតទីលានប្រជាធិបតេយ្យនៅក្រុងភ្នំពេញយ៉ាងហិង្សា ដែលជាទីតាំងនៃការតវ៉ារបស់បក្សប្រឆាំង។
តាំងពីពេលនោះមក រដ្ឋាភិបាលមានជំហរផ្លាស់ប្តូរទៅលើភាពត្រឹមត្រូវតាមច្បាប់នៃការតវ៉ាជាសាធារណៈ ដោយបណ្តោយឲ្យបាតុករគាំទ្ររដ្ឋាភិបាលធ្វើតាមតែចិត្ត ទន្ទឹមនឹងបង្ក្រាបជាញឹកញាប់លើការប្រមូលផ្តុំគ្នាដែលខ្លួនមិនអនុញ្ញាត។ ទោះជាអ្នករៀបចំការតវ៉ាគ្រាន់តែត្រូវជូនដំណឹងដល់អាជ្ញាធរអំពីផែនការរបស់ខ្លួនក៏ដោយ ក៏រដ្ឋាភិបាលបានបញ្ជាក់ថា ខ្លួនមានសិទ្ធិសម្រេចថាតើបាតុកម្មអាចធ្វើបានឬយ៉ាងណានោះ។
ទោះបីជាលោក ហ៊ុន សែន បានទទួលស្គាល់នៅពេលមុនៗថា គណបក្សសង្គ្រោះជាតិមានសិទ្ធិធ្វើបាតុកម្មក៏ដោយ ក៏មានការគំរាមធ្វើបាតុកម្មតបវិញកាន់តែខ្លាំងដោយគណបក្សប្រជាជនកម្ពុជាដែរ។
ទោជាយ៉ាងនេះក្តី ទាក់ទងបន្ទាប់ពីបទសម្ភាសរបស់លោក ហ៊ុន សែន ត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បាននិយាយថា គណបក្សប្រឆាំងមិនអាចអនុញ្ញាតឲ្យធ្វើបាតុកម្មទេ ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ។
លោកបានមានប្រសាសន៍ថា លោក ហ៊ុន សែន “មិនអនុញ្ញាតឲ្យមានបាតុកម្មណាមួយជាដាច់ខាត ទោះជាតូច ធំ ឬមធ្យមក៏ដោយ“៕ និត(រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន និងអ៊ួច សូនី)