27 C
Phnom Penh

លោក ហ៊ុន សែន បង្កើន​​ការ​គំរាម​​កំហែង​​​ ស្រប​ពេល​ចល័ត​​​​​​​កង​ទ័ព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រថយន្តរាប់សិបគ្រឿងដឹកទាហានពាក់របាំងមុខ និងប្រដាប់ដោយអាវុធគ្រប់ដៃ បានបើកចល័តជាច្រើនម៉ោងតាមបណ្ដោយផ្លូវត្រង់ចំណុចពីមុខទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃច័ន្ទ ដើម្បីសម្ញែងសាច់ដុំយោធា បន្ទាប់ពីគណបក្សប្រឆាំងបានប្រកាសថា ខ្លួនគ្រោងធ្វើមហាបាតុកម្ម។

រថយន្តយោធាដែលដឹកទាហានពេញបើកតាមផ្លូវជាតិលេខ២ នៅក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងក្រុងភ្នំពេញ កាលពីយប់ថ្ងៃច័ន្ទ។ រូបថតៈ ម៉ា ចិត្រា

ការចល័តទ័ពនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារគំរាមកំហែងដោយប្រើពាក្យពេចន៍ធ្ងន់ៗតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថានឹងកម្ចាត់ចោលរាល់កម្លាំងដែល “បំផ្លាញសណ្ដាប់ធ្នាប់សង្គម”។

លោកសរសេរថា “ខ្ញុំបញ្ជាដល់គ្រប់កម្លាំងមានសមត្ថកិច្ចត្រៀមខ្លួនកម្ចាត់ចោលនូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ដើម្បីការពារនូវភាពសុខសាន្តរបស់ប្រជាជន ទោះដោយតម្លៃណាក៏ដោយ”។

លោកបានបន្តប្រៀបធៀបការបង្ក្រាបបាតុកម្មទៅនឹងការសម្លាប់សត្វពស់ថា “សុំអស់លោកលោកស្រីកុំញ៉ាម និងកុំអាងលើបាតុកម្ម។ វាយពស់ត្រូវវាយក្បាលមុន បើមិនជឿសុំសាកមើល”។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សាររបស់លោកមិនមែនគ្រាន់តែជាការគំរាមកំហែងនោះទេ។ លោកបានសរសេរថា “វាធ្ងន់ជាងគំរាមទៅទៀត ព្រោះជាប្រភេទនៃបទបញ្ជាដល់កម្លាំងរបស់រាជរដ្ឋាភិបាលទាំងអស់ត្រៀមខ្លួនកម្ចាត់ចោលរាល់កម្លាំងដែលធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិ ហើយខ្ញុំមានសិទ្ធិនឹងនិយាយរបៀបនេះ ព្រោះវាជាសិទ្ធិអំណាចនាយករដ្ឋមន្ត្រី”។

អ្នកឃើញហេតុការណ៍ចល័តទ័ពនេះនិយាយថា ប្រហែលពីរម៉ោងបន្ទាប់ពីសារនេះត្រូវបានបង្ហោះ រថយន្តយោធាចន្លោះពី៣០ទៅ៤០គ្រឿង រួមទាំងរថយន្តមកពីអង្គភាពកងអង្គរក្សផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង បានចាប់ផ្ដើមបើកចល័តយឺតៗកាត់ខាងមុខទីស្នាក់ការកណ្ដាលគណបក្សប្រឆាំងតាមបណ្ដោយផ្លូវជាតិលេខ២ ចំណែកឯអូប័រដែលបំពាក់ដោយកាំភ្លើងយន្តបានចល័តលើទន្លេបាសាក់ ត្រង់ចំណុចខាងក្រោយទីស្នាក់ការគណបក្សនេះ។

យុវជន សួង នាគព័ន្ធ អាយុ២៦ឆ្នាំ ជាសមាជិកក្រុមនិស្សិតបញ្ញវន្តគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមានវត្តមាននៅកន្លែងកើតហេតុនិយាយថា “រថយន្តដឹកទាហានពាក់របាំងមុខ និងប្រដាប់ដោយអាវុធបានមកដល់នៅម៉ោង១០:២០នាទីយប់ ហើយនៅម៉ោងប្រហែល១:៣០ ពួកគេបានចតពីមុខគណបក្សសង្គ្រោះជាតិជាងកន្លះម៉ោង។ ពួកគេបានបញ្ចាំងភ្លើងហ្វាមកលើទីស្នាក់ការគណបក្សសង្គ្រោះជាតិ ហើយព្រមានប្រជាពលរដ្ឋឱ្យឈប់ថតពួកគេ”។

ទោះជាយ៉ាងណា មិនមានការប៉ុងប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលបានសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការនេះចាប់តាំងពីចុងខែឧសភា  និងត្រូវបានផ្ដន្ទាទោសកាលពីសប្ដាហ៍មុនឱ្យជាប់ពន្ធនាគារ៥ខែពីបទមិនចូលខ្លួនទៅតុលាការក្នុងសំណុំរឿងមួយដែលមជ្ឈដ្ឋានទូទៅជឿថាជារឿងនយោបាយឡើយ។

យុវជន សួង នាគព័ន្ធ និយាយទៀតថា រថយន្តយោធាទាំងនោះបានចេញទៅវិញត្រឹមម៉ោងប្រហែល២រំលងអធ្រាត្រ ចំណែកឯអូប័រចេញទៅវិញប្រហែលពេលព្រះអាទិត្យរះ។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិមានប្រសាសន៍ថា កងកម្លាំងទាំងនេះត្រូវបានបញ្ជូនទៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ តាមបញ្ជាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី។

លោកបានគូសបញ្ជាក់ថា “គោលបំណងរបស់យើងគឺបង្ក្រាបបាតុកម្មខុសច្បាប់របស់គណបក្សសង្គ្រោះជាតិ ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងស្ថិរភាពសង្គម ព្រោះឥរិយាបថរបស់គណបក្សសង្គ្រោះជាតិដែលបានប្រកាសផែនការធ្វើបាតុកម្ម គឺខុសច្បាប់។ កម្លាំងរបស់យើងនឹងអនុវត្តបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី។ សម្ដេចបានបញ្ជាដាច់ខាតឱ្យទប់ស្កាត់បាតុកម្មខុសច្បាប់។ បើពួកគេហ៊ានធ្វើបាតុកម្ម យើងនឹងបង្ក្រាបដាច់ខាត”។

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលបច្ចុប្បន្នកំពុងនិរទេសខ្លួនរស់នៅក្នុងក្រុងប៉ារីស ដើម្បីគេចវេះទោសជាប់ពន្ធនាគារបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនឹងមិនរាថយឡើយ។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ច្បាស់ណាស់យើងនឹងប្រើប្រាស់សិទ្ធិមូលដ្ឋានរបស់យើងដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា គឺសិទ្ធិរៀបចំការតវ៉ាដោយសន្តិវិធីដើម្បីបង្ហាញការតវ៉ាស្របច្បាប់របស់យើង”។

លោកថ្លែងថា “ការតាំងចិត្តគាបសង្កត់សិទ្ធិមូលដ្ឋាននេះរបស់យើង ហ៊ុន សែន បង្ហាញថារបបរបស់គាត់ពិតជាខ្សោយណាស់។របបដែលខ្លាចប្រជាពលរដ្ឋរបស់ខ្លួនដល់ថ្នាក់នេះគឺជិតដល់ទីបញ្ចប់ហើយ។ យើងមិនភ្ញាក់ផ្អើលទេចំពោះការសម្ញែងកម្លាំងកាលពីយប់មិញជាកម្លាំងមួយដែលកាត់ផ្ដាច់ចេញទាំងស្រុងពីប្រជាពលរដ្ឋ។ វាគ្រាន់តែជាអំពើដ៏ថោកទាបមួយទៀតប៉ុណ្ណោះក្នុងការបំភិតបំភ័យរបស់មេដឹកនាំផ្ដាច់ការដែលអស់សង្ឃឹម”៕ សុខុម (រាយការណ៍បន្ថែមដោយ George Wright និង អ៊ូច សូនី)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស