ព័ត៌មានជាតិ

ស្ត្រី​ចំណាស់ម្នាក់ត្រូវ​បាន​ចាប់ខ្លួនពីបទ​រត់ពន្ធគ្រឿង​ញៀន​​​ចូល​ក្នុងពន្ធនាគារ​​​ខេត្តកណ្ដាល​

By

September 14, 2016

ស្ត្រីម្នាក់វ័យ៦០ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទពីបទប៉ុនប៉ងរត់ពន្ធគ្រឿងញៀនមេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់៣,៤៩ក្រាមយកទៅឱ្យកូនប្រុសរបស់ខ្លួនដែលជាប់ទោសនៅពន្ធនាគារខេត្តកណ្ដាល ដោយលាក់វាក្នុងផ្លែស្វាយដាក់ក្នុងថង់ ដែលខ្លះនៅទាំងមូល ហើយខ្លះចិតជាចំណិត នេះបើយោងតាមការឱ្យដឹងពីមន្ត្រីខេត្ត។

លោក ឈូន ចាន់ថន អនុប្រធានពន្ធនាគារខេត្តកណ្ដាលមានប្រសាសន៍ថា  ស្ត្រីឈ្មោះ សាត បូរ៉ានី ដែលបានទៅពន្ធនាគារនេះកាលពីរសៀលថ្ងៃច័ន្ទ ដើម្បីសួរសុខទុក្ខកូនប្រុសរបស់ខ្លួនឈ្មោះ ឌីម រដ្ឋា អាយុ២៩ឆ្នាំ ត្រូវបានឆ្មាំពន្ធនាគារឃាត់អំឡុងពេលឆែកឆេរដូចសព្វដងលើអ្នកដែលចូលទៅក្នុងពន្ធនាគារ។

លោកបានមានប្រសាសន៍កាលពីម្សិលមិញថា ឆ្មាំពន្ធនាគារដែលបានពុះផ្លែស្វាយទាំងនោះ បានប្រទះឃើញ “ម៉ាទឹកកក១០កញ្ចប់តូចលាក់ក្នុងផ្លែស្វាយពីរផ្លែ ដែលបិទភ្ជាប់គ្នាដោយកាវស្អិត”។

លោក ឈឿន សុខចិត្រ ស្នងការរងខេត្តកណ្ដាលបានមានប្រសាសន៍ថា នគរបាលខេត្តបាននាំខ្លួនស្ត្រីឈ្មោះ សាត បូរ៉ានី ទៅស្នងការដ្ឋានរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ហើយគាត់ត្រូវបានសាកសួរ និងឃុំខ្លួននៅទីនោះ។ លោកបានលើកឡើងទៀតថា ស្ត្រីរូបនេះនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃនេះ ដើម្បីធ្វើការសាកសួរ។

ព្រះរាជអាជ្ញា លឹម សុគន្ថា មានប្រសាសន៍ថា លោកបានសាកសួរអ្នកទោស ឌីម រដ្ឋា នៅពន្ធនាគារកាលពីម្សិលមិញ ប៉ុន្តែមិនទាន់បញ្ជូនរបាយការណ៍របស់ខ្លួនទៅឱ្យចៅក្រមស៊ើបសួរនៅឡើយទេ។ សូមបញ្ជាក់ថា ឌីម រដ្ឋា កំពុងអនុវត្តទោសជាប់ពន្ធនាគារពីបទប្លន់៕ សុខុម