31 C
Phnom Penh

ជន​បរទេស​ដែល​​​រួម​​​ភេទ​​​​​​​ជាមួយ​​​​កុមារ​​នៅតែមាន​សេរីភាពនៅឡើយ​​​​​​​ ខណៈ​​​តុលាការរក្សា​​​ភាព​​​ស្ងាត់​​​ស្ងៀម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេលជិតបីខែមកហើយបន្ទាប់ពីជនបរទេសពីរនាក់ជាជនរួមភេទជាមួយកុមារត្រូវបានកាត់ឱ្យជាប់ទោសកំបាំងមុខពីបទរំលោភផ្លូវភេទកុមារក្នុងខេត្តសៀមរាបមក សាលាដំបូងខេត្តមិនបានចេញដីកាចាប់ខ្លួនជនទាំងនេះទេ ដែលគេមិនដឹងពីកន្លែងលាក់ខ្លួនរបស់ពួកគេនោះ។

Raj Deo អាយុ៤៧ឆ្នាំជនជាតិឥណ្ឌាជាអ្នកដើរលក់អាវយឺតត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៤ខែកាលពីថ្ងៃទី១៦ខែមិថុនាពីបទរំលោភក្មេងស្រីអាយុ១៤ឆ្នាំម្នាក់កាលពីខែធ្នូ។ Roy Sheppard អាយុ៧៧ឆ្នាំជនជាតិអង់គ្លេសចូលនិវត្តន៍ ត្រូវបានកាត់ឱ្យជាប់ទោសនៅថ្ងៃបន្ទាប់ពីបទរំលោភបំពានក្មេងប្រុសបីនាក់កាលពីឆ្នាំមុន។ ជននេះត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ។

អ្នកទាំងពីរត្រូវបានដោះលែងឱ្យនៅក្រៅឃុំនៅពេលពួកគេត្រូវបានកាត់ឱ្យជាប់ទោស ហើយសាលាដំបូងខេត្តសៀមរាបមិនបានចេញដីកាចាប់ខ្លួនអ្នកទាំងពីរទេ ដោយប្រើប្រាស់ចន្លោះប្រហោងផ្លូវច្បាប់ទុកពេលឱ្យពួកគេ៤៥ថ្ងៃដើម្បីស្នើឱ្យមានការជំនុំជម្រះឡើងវិញ ឬប្តឹងទាស់សេចក្តីសម្រេចនេះ។

ប៉ុន្តែដោយរយៈពេលនោះអស់សុពលភាពយូរមកហើយ ជនរំលោភកុមារជាប់ចោទទាំងនេះនៅមានសេរីភាពនៅឡើយ។

លោកស្រី ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា លោកស្រីមិនអាចងាកទៅចាប់ខ្លួនជនទាំងនេះដោយគ្មានដីកាពីតុលាការបានទេ។លោកស្រីបានថ្លែងថា “ខ្ញុំមិនដែលទទួលបានលិខិត ឬដីកាចាប់ខ្លួនពីតុលាការទេ”។

ចៅក្រមក្នុងសំណុំរឿងទាំងពីរនេះគឺលោក ស៊ិន សុវណ្នារ័ត្ន និង លោក ងួន ណារ៉ា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ចំណែកលោក យិន ស្រាង អ្នកនាំពាក្យតុលាការមិនអាចទាក់ទងបានទេ។

លោក សំលៀង សិលា នាយកប្រចាំប្រទេសអង្គការសកម្មភាពដើម្បីកុមារជាអង្គការការពារកុមារ (APLE) ដែលបានជួយក្នុងការស៊ើបអង្កេតបានមានប្រសាសន៍ថា ស្ថានភាពនេះគឺជាការបារម្ភ។

លោកបានមានប្រសាសន៍ថា តុលាការបានសម្រេចមិនចេញដីកាចាប់ខ្លួន Deo ទេរហូតដល់មានការជូនដំណឹងដល់រូបគាត់ពីការកាត់ឱ្យជាប់ទោសនេះ ប៉ុន្តែមិនអាចទាក់ទងគាត់បានទេ។

លោកបានថ្លែងថា អង្គការ APLE ក៏បានជំរុញឱ្យស្ថានទូតឥណ្ឌាចូលរួមក្នុងករណីនេះដោយសារថា “ប្រហែលជាជននេះនៅក្នុងប្រទេសនៅឡើយ ហើយប្រឈមគ្រោះថ្នាក់ដល់កុមារ”។

លោកបានមានប្រសាសន៍ថា ចំណែក Sheppard ជនជនជាតិអង់គ្លេសវិញបានដាក់ពាក្យបណ្តឹងទៅតុលាការកាលពីខែកក្កដា ប៉ុន្តែមិនទាន់មានគម្រោងបើកសវនាការជំនុំជម្រះនៅឡើយទេ ហើយអង្គការ APLE ជឿជាក់ថា ជននេះស្ថិតក្នុងខេត្តសៀមរាបនៅឡើយ។

លោកបានមានប្រសាសន៍ថា “យើងខកចិត្តនឹងសេចក្តីសម្រេចរបស់តុលាការដែលមិនចាប់ខ្លួនជននេះមកវិញបន្ទាប់ពីមានសាលក្រមផ្តន្ទាទោស។ ដំណើរការឧទ្ធរណ៍មិនមែនជាឧបសគ្គចំពោះការធ្វើរឿងនោះឡើយ”៕សារុន  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស