33 C
Phnom Penh

សមត្ថកិច្ច​ចាប់​ខ្លួន​ស្ត្រី​ជនជាតិ​វ៉េណេស៊ុយអេឡា​ម្នាក់​មាន​កូកាអីុន​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ស្ត្រីជនជាតិវ៉េណេស៊ុយអេឡាម្នាក់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅយប់ថ្ងៃច័ន្ទ បន្ទាប់ពីការធ្វើដំណើរមកដល់ពីប្រទេសប្រេស៊ីល ជាមួយនឹងកូកាអីុនទម្ងន់ជិត១,៤៥គីឡូក្រាមនៅក្នុងវ៉ាលិសរបស់គាត់។

លោក អិុន សុង មន្ត្រីនៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អាដេលីស អាលវីយ៉ារ៉េស (Adelys Alviarez) អាយុ២២ឆ្នាំ ត្រូវបានត្រួតពិនិត្យនៅពេលមកដល់ដូចអ្នកដំណើរគ្រប់គ្នា ដែលធ្វើដំណើរមកពីប្រទេសប្រេស៊ីល ដែលត្រូវចាត់ទុកថាជា “គោលដៅមានហានិភ័យខ្លាំង”។

លោកបានមានប្រសាសន៍ថា កូកាអីុនទម្ងន់១.៤៤៩ក្រាមដែលត្រូវបានរកឃើញនៅក្នុងវ៉ាលិសរបស់អ្នកស្រី អាលវីយ៉ារ៉េស មានតម្លៃលក់ខុសច្បាប់ប្រហែល១៤៤.៩០០ដុល្លារ ហើយទំនងជាឆ្ពោះទៅប្រទេសថៃ ពីព្រោះមិនមានទីផ្សារកូកាអីុននៅប្រទេសកម្ពុជាទេ។

លោកបានមានប្រសាសន៍ទៀតថា “ករណីច្រើនបំផុតដែលយើងចាប់បាន គោលដៅចុងក្រោយគឺប្រទេសថៃ”។ ស្ត្រីរូបនេះទំនងជាបម្រុងប្រគល់គ្រឿងញៀននេះទៅនរណាម្នាក់ក្នុងប្រទេសកម្ពុជា ពីព្រោះ “ជាធម្មតានៅពេលយើងចាប់ខ្លួនមនុស្សនៅអាកាសយានដ្ឋាន សឹងតែមួយរយភាគរយ ពួកគេជាមនុស្សដែលគេជួលឲ្យដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់”។

លោកបានមានប្រសាសន៍ថា ដោយសារតែព័ត៌មានអំពីការចាប់ខ្លួនស្ត្រីរូបនេះត្រូវបានលេចធ្លាយ សមត្ថកិច្ចមិនអាចតាមចាប់ពួកអ្នករួមគំនិតបានទេ។

លោក សុង បានមានប្រសាសន៍ថា អ្នកស្រី អាលវីយ៉ារ៉េស ត្រូវបាននាំខ្លួនពីអាកាសយានដ្ឋានទៅនាយកដ្ឋានប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដែលនៅទីនោះអ្នកស្រីត្រូវបានសាកសួរបន្ថែម និងត្រូវឃុំខ្លួនកាលពីយប់មិញ។

លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា អ្នកស្រី អាលវីយ៉ារ៉េស ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល១០យប់ បន្ទាប់ពីជើងហោះហើរពីប្រទេសប្រេស៊ីល ដែលបានចុះសំចតនៅប្រទេសអេចូពី និងក្រុងបាងកក មុនពេលមកដល់ក្រុងភ្នំពេញ។

លោក សុង បានមានប្រសាសន៍ថា ក្នុងករណីមួយដោយឡែក បុរសម៉ាឡេស៊ីម្នាក់ ដែលត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋាននេះកាលពីថ្ងៃច័ន្ទដែរ បន្ទាប់ពីចាប់បានហេរ៉ូអីុនមួយគីឡូក្រាមចងភ្ជាប់នឹងភ្លៅ កំពុងត្រូវសាកសួរនៅមន្ទីរប្រឆាំងគ្រឿងញៀន ខណៈដែលនគរបាលស្វែងរកចាប់អ្នករួមគំនិត។

លោកបាននិយាយថា បុរសម្នាក់មកពីក្រុងហុងកុងត្រូវបានកំណត់អត្តសញ្ញាណថាជាមេគំនិតនៅពីក្រោយការជួញដូរហេរ៉ូអីុននេះ ប៉ុន្តែគាត់បានភៀសខ្លួនចេញពីប្រទេសកម្ពុជាហើយ ទំនងជាទៅប្រទេសវៀតណាម នៅពេលដែលនគរបាលដឹងកន្លែងដែលគាត់កំពុងស្នាក់នៅ។

លោកបាននិយាយថា សេចក្តីរាយការណ៍កាសែតដែលឲ្យដំណឹងទៅមេគ្រឿងញៀននេះដឹងអំពីការស្វែងរកចាប់ខ្លួន “គួរឲ្យសោកស្តាយណាស់”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស